ក្រុមហ៊ុន ហ្គីខេន អិលធីឌី ជាក្រុមហ៊ុនជាប់ឈ្មោះលំដាប់កំពូលមួយក្នុងតារាងទីផ្សារមូលប័ត្រទីក្រុងតូក្យូដែលធ្វើបដិវត្តន៍នៃឧស្សាហកម្មបុកសសរគ្រឹះ តាមរយះការអនុវត្តន៍មុនគេនូវវិធីសាស្រ្តជាក់ស្តែងនៃ ” គោលការណ៍បុកសសរគ្រឹះ ” នវានុវត្តន៍ថ្មី។ វិធីសាស្រ្តឈានមុខគេថ្មីនេះ ប្រើប្រាស់ទម្ងន់ហ្នឹងដើម្បីសង្កត់សសរគ្រឹះថ្មីទៅក្នុងដី បង្កើនកម្លាំងដល់សសរដែលនៅក្នុងដីឲ្យក្លាយជាកំណល់មួយ។
នៅឆ្នាំ១៩៧៥ ស្ថាបនិកក្រុមហ៊ុន លោកអាគីអូ គីតាមូរ៉ា (Akio Kitamura) បង្កើត” ម៉ាសុីនបុកគ្រឹះគ្មានសំឡេង ” ដែលជាម៉ាសុីនបដិវត្តន៍ថ្មីប្រើវិធីសាស្រ្តនៃគោលការណ៍សង្កត់ចុះ ដែលមិនដូចនឹងវិធីសាស្រ្តទូទៅទេ។ នវានុវត្តន៍នេះ កាត់បន្ថយបានច្រើនខ្លាំងនូវសំលេងរំខាន និង រំញ័រ ដែលធ្វើអោយមានភាពល្អឥតខ្ចោះសម្រាប់ការដ្ឋានសាងសង់នៅក្នុងទីក្រុង ដោយផ្តោតសំខាន់លើការអភិវឌ្ឍគ្រឿងចក្រ និងវិធីសាស្រ្តសាងសង់ ដែលបង្កើនប្រសិទ្ធភាព និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាមួយនឹងគោលការណ៍សង្កត់សសរគ្រឹះចុះដែលជាស្នូលនៃបច្ចេកវិទ្យារបស់ខ្លួន។
ស្ថិតនៅក្នុងអាគារ ហ្គីខេន (GIKEN LTD) មានសាលមួយឈ្មោះ រេដហុីល (RED HILL) ឆ្នាំ១៩៦៧ ជាសាលពិពរណ៌ និងជាសារមន្ទីរមួយ ដែលជាកន្លែងតាំងបង្ហាញពិពរណ៌។ អ្នកទស្សនាអាចមើលឃើញនូវដំណើរនៃនវានុវត្តន៍ និង បទពិសោធន៍ដោយផ្ទាល់របស់ក្រុមហ៊ុន ដែលជាឧត្តមភាពនៃផលិតផលរបស់ក្រុមហ៊ុន និងបានមើលឃើញការបង្ហាញដោយផ្ទាល់ពីគ្រឿងចក្រដែលប្រើប្រាស់តាមគោលការណ៍សង្កត់ចុះដែលនឹងផ្តល់ជាចក្ខុវិស័យដ៏មានតម្លៃពីជំនាញវិស្វកម្មរបស់ក្រុមហ៊ុន។
ក្នុងអំឡុងពេលទស្សនកិច្ចថ្មីៗនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ មានឳកាសបញ្ជា “ម៉ាសុីនបុកគ្រឺះគ្មានសំឡេង” ហើយឯកឧត្តមរដ្ឋមន្ត្រីបានបញ្ចេញចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅតាមរយះ ការគ្រប់គ្រងរបស់ម៉ាសុីន និងដំណើរការដ៏ល្អវិសេស។ ឯកឧត្តមរដ្ឋមន្ត្រី បានមានចំណាប់អារម្មណ៍ជាពិសេសទៅលើការអនុវត្តបច្ចេកវិទ្យាសម្រាប់សាងសង់ស្ពាន នៅទូទាំងតំបន់តាមដងទន្លេនៃប្រទេសកម្ពុជាដោយស្វែងយល់ពីផែនការជាក់ស្តែងដើម្បីចាប់យកដំណោះស្រាយនវានុវត្តនេះ ហើយឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា បច្ចេកវិទ្យានវានុវត្តនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមរបស់ប្រទេសកម្ពុជានាពេលខាងមុខ។