//សង្ឃឹមថាវានឹងក្លាយជាកម្លាំងចលករសម្រាប់សេដ្ឋកិច្ចកម្ពុជា

សង្ឃឹមថាវានឹងក្លាយជាកម្លាំងចលករសម្រាប់សេដ្ឋកិច្ចកម្ពុជា

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ សាន់ អេនដឹ មូន មានការប្រារព្ធនូវកិច្ចប្រជុំមួយស្តីអំពីសហគមន៍ទេសចរណ៍ណាយឡាយភ្នំពេញ ដែលមានអ្នកចូលរួមជាច្រើនប្រហែល១០០នាក់ ដែលអញ្ជើញមកពីម្ចាស់អាជីវកម្ម ក្លឹប សណ្ឋគារ អាហារដ្ឋាន និងហាងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ១១០ ផ្លូវ១១៨ ផ្លូវ១៣០ ផ្លូវ១៣៦ និងផ្លូវ១៤៥។ ក្រៅពីនេះទៀត ក៏មានអាជ្ញាធរក្នុងតំបន់ដូចជា លោកមេប៉ុស្តិ៍សង្កាត់ចតុមុខ លោកពូចៅសង្កាត់ចតុមុខ អ៊ុច សារុំ និង អ្នកមីងចៅសង្កាត់រង សុភាពផងដែរ។
ប្រហែលជាម៉ោង៤ កិច្ចប្រជុំក៏បានចាប់ផ្តើមឡើងលោក ថាច មុន្នីរ័ត្ន ដែលជាស្ថាបនិកនិងនាយកប្រតិបត្តិនៃអាជីវកម្មមួយចំនួនដូចជា៖ ភោជនីយ៍ដ្ឋាន បារ សណ្ឋាគារអូស្រ្តូ ជាដើម ហើយលោកក៏ជាប្រធានផ្នែកប្រតិបត្តិការនៃបណ្តាញធុរកិច្ចអន្តរជាតិបានឡើងថ្លែងសុន្ទរកថាអំពីការបង្កើតសហគមន៍ទេសចរណ៍ ណាយឡាយភ្នំពេញនេះឡើងគឺមានសមាជិក និង គណៈកម្មាធិការមួយចំនួនដូចជា៖ លោក ថាច មុន្នីរ័ត្ន ដែលជាប្រធានគណៈកម្មាធិការ លោក ធី សុខឃាន អនុប្រធានគណៈកម្មាធិការ លោក ខ្លម ពិសិដ្ឋ អនុប្រធានគណៈកម្មាធិការ លោក ខែម ម៉េងស៊ុន អនុប្រធានគណៈកម្មាធិការ លោកស្រី ទួន ពិសី អនុប្រធានគណៈកម្មាធិការ និង​លោក ប៉ុន ចន្ថា អនុប្រធានគណៈកម្មាធិការ។ រយៈកាលកន្លងមកដោយបានសង្កេតមើលឃើញពីបញ្ហាប្រឈមនៅក្នុងតំបន់ទេសចរណ៍របស់យើងដូចជា៖ បញ្ហាទៅលើការធ្វើទីផ្សារ បញ្ហាថ្លៃដើមខ្ពស់ទៅលើប្រតិបត្តិការនិងការផ្សព្វផ្សាយ បញ្ហាខ្វះខាតបណ្តាញទំនាក់ទំនងអាជីវកម្ម និងការគាំទ្រ បញ្ហាផ្នែកច្បាប់និងបទបញ្ញាត្តិ បញ្ហាសន្តិសុខ និងគ្មានឥទ្ធិពលលើការចូលរួមអភិវឌ្ឍក្នុងវិស័យកម្សាន្តរាត្រីជាដើម។ល។ ដោយសារតែមូលហេតុទាំងនេះហើយ បានជាយើងសម្រេចបង្កើតសហគមន៍ណាយឡាយភ្នំពេញ នេះឡើងដើម្បីជម្រុញ លើកស្ទួយ និងផ្សព្វផ្សាយតំបន់ទេសចរណ៍ក្រុងភ្នំពេញឲ្យក្លាយជាគោលដៅកម្សាន្ត ២៤ម៉ោង។

យើងផ្តោតសំខាន់លើការការពារសមាជិក និងស្វែងរកផលប្រយោជន៍រួមសម្រាប់សមាជិកទាំងអស់តាមរយៈ៖ ១. ផ្តល់កម្រិតស្តង់ដារសេវាកម្មៈ ចងក្រងគ្នាជាសហគមន៍ និងគ្រប់គ្រងផ្តល់សេវាបដិសណ្ឋាកិច្ចតាមស្តង់ដារ ជូនដល់ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ។
២. ពង្រឹងអនាម័យម្ហូបអាហារ និងសេវាកម្មៈ លើកកម្ពស់ ពង្រឹងអនាម័យម្ហូបអាហារ សេវាកម្ម អោយទៅដល់កម្រិតស្តង់ដារដែលអាចទទួលស្គាល់ដោយអន្តរជាតិ។
៣. ការពារផលប្រយោជន៍របស់សមាជិកៈ អនុវត្តន៍នូវយុទ្ធនាការទីផ្សាររួមគ្នា បង្កើនការផ្សព្វផ្សាយតាមបណ្តាញសង្គម។
៤. ការគាំទ្រ និងការទទួលស្គាល់ជាសហគមន៍គម្រូៈ ស្វែងរកផលប្រយោជន៍បំពេញអោយគ្នាទៅវិញទៅមក ដើម្បីទទួលបានការគាំទ្រ និងទទួលស្គាល់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
៥. បង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានៈ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងតំបន់។
៦. ជម្រុញការផ្សព្វផ្សាយវិស័យទេសចរណ៍ៈ លើកស្ទួយតំបន់ទេសចរណ៍គោលដៅក្នុងក្រុងភ្នំពេញ។
៧. កិច្ចសហការ ជាមួយដៃគូអាជីវកម្មធំៗ: បង្កើនកិច្ចសហការអាជីវកម្មជាមួយក្រសួង ស្ថាប័ន ក្រុមហ៊ុនផ្គត់ផ្គង់ និងទីភ្នាក់ងារទេសចរណ៍។
៨. លើកស្ទួយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិៈ ផ្តល់បទពិសោធន៍ល្អៗជូនដល់ភ្ញៀវទេសចរណ៍តាមរយៈ ស្តង់ដារ សេវាកម្ម ម្ហូបអាហារ និងបដិសណ្ឋារកិច្ច។ ជាឧទាហរណ៍ យើងបានឃើញពីប្រយោជន៍ជាច្រើនក្នុងការបង្កើតសហគមន៍ពេលរាត្រីដូចនៅទីក្រុងបាងកក ទីក្រុងសាំងហ្កាពួរ និង ទីក្រុងហូជីមិញជាដើម។
លោកក៏បានបន្ថែមទៀតថា សហគមន៍ណាយឡាយភ្នំពេញនេះដែរគឺមានគោលដៅមួយ ដែលមានបំណងចង់បង្កើតជាទស្សនីយ៍ភាពជីវិតពេលរាត្រីលំដាប់ពិភពលោក។ ហើយយើងមានបេសកកម្មដែលនាំអាជីវកម្មយើងអោយរីកលូតលាស់ទាំងអស់គ្នា។ លោកក៏បានលើកឡើងពីគុណតម្លៃនៃសហគមន៍ណាយឡាយភ្នំពេញគឺត្រូវមាន៖ ១. កិច្ចសហការ ២. សុចរិតភាព ៣. ការច្នៃប្រឌិត ៤.​ និរន្តរភាព និង ៥. សុវត្ថិភាព។ បន្ទាប់មក លោកពូចៅសង្កាត់ អ៊ុច សារុំ ថ្លែងថា៖ “ខ្ញុំពិតជាត្រេកអរ សរសើរ ហើយគាំទ្រពេញទំហឹងដោយសារអត្ថប្រយោជន៍ជាច្រើនដែលអាចទាញយកបានពីសហគមន៍ណាយឡាយនេះ។” ក្រោយមកទៀត លោកពូចៅសង្កាត់បានធ្វើការសំណូមពរនូវចំណុចខ្លះៗដូចជា៖ ប្រកាន់ភ្ជាប់អនាម័យខ្ពស់ រមណីយ៍ដ្ឋានដែលមានស្តង់ដារល្អ សេវាកម្មល្អ និងការធ្វើគារវកិច្ច ចំពោះភ្ញៀវអោយបានល្អ។ ទន្ទឹមនឹងនេះក៏មានបញ្ហាមួយចំនួនដែលនៅតែកើតមានដូចជា៖ ការលក់ដូរកេងប្រវ័ញ្ចភ្ញៀវទេសចរនិងការផ្តល់សេវាកម្មមិនល្អ កឹបកេងតម្លៃមិនត្រឹមត្រូវលើភ្ញៀវទេសចរជាដើម។ល។ មួយវិញទៀត សេវាកម្មសាធារណៈ ក៏ជាបញ្ហាចោទដែរសម្រាប់តំបន់កម្សាន្តរាត្រីនេះ ដូចជាកកស្ទះផ្លូវដោយសារយកចំណតផ្លូវថ្មើរជើងសាធារណៈមកធ្វើជាចំណតរថយន្តដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន បញ្ហាសេវាកម្មប្រមូលសំរាមដែលគួរតែគិតអោយបានម៉ត់ចត់ពីពេលវេលានៃការធ្វើអាជីវកម្ម និងពេលវេលាមកយកសំរាមជាដើម។ បញ្ហានិងសំណើរដែលបានលើកឡើងខាងលើប្រសិនបើត្រូវបានដោះស្រាយបានល្អ នោះប្រាកដណាស់នឹងត្រូវទទួលបានការសរសើរ និងអបអរសាទរខ្លាំង មិនត្រឹមតែពីសំណាក់ម្ចាស់អាជីវកម្មដែលស្ថិតនៅក្នុងតំបន់នេះនោះទេ ថែមទាំងទទួលបានការសាទរពេញចិត្តពីសំណាក់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ព្រមទាំងពីគ្រប់មហាជនទូទៅផងដែរ។