//សង្ឃឹមថានឹងមានចលនាមួយរីកចម្រើន ដែលបង្កើតឡើងដោយអ្នកគាំទ្ររឿងអានីមេជប៉ុន

សង្ឃឹមថានឹងមានចលនាមួយរីកចម្រើន ដែលបង្កើតឡើងដោយអ្នកគាំទ្ររឿងអានីមេជប៉ុន

យើងសូមអភ័យទោសចំពោះអត្ថបទដែលទាក់ទងនឹងពិធីបុណ្យ Tanabata ម្តងហើយម្តងទៀត ហើយយើងសុំការយោគយល់ពីអ្នកទាំងអស់គ្នាផងដែរ។
មហោស្រព Tanabata ត្រូវបានចូលរួមដោយអ្នកគាំទ្រកម្ពុជាជាច្រើននៃគំនូរជីវចលជប៉ុន ហើយហាងជាច្រើនដែលលក់ទំនិញតួអង្គគំនូរជីវចលត្រូវបានបង្កើតឡើងដែលផ្តោតលើអ្នកគាំទ្រទាំងនេះ។
ខ្ញុំ​មិន​បាន​ពិនិត្យ​មួយ​ៗ​ជា​លក្ខណៈ​បុគ្គល​ទេ ប៉ុន្តែ​បើ​ពិនិត្យ​ពី​គុណភាព​វិញ ប្រហែល​ជា​ផលិត​ដោយ​គ្មាន​ការ​អនុញ្ញាត។
ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាអ្នករៀបចំមើលរំលងរឿងនេះ ប៉ុន្តែដោយសារវាខុសពីគោលបំណងនៃអត្ថបទនេះ ខ្ញុំនឹងដាក់មួយឡែកសម្រាប់ពេលនេះ។ អ្វីដែលខ្ញុំចង់និយាយនៅក្នុងអត្ថបទនេះគឺការរក្សាកម្មសិទ្ធិបញ្ញា។
ពិតណាស់ គំនូរជីវចល និងតួអង្គដែលប្រជាជនកម្ពុជាចូលចិត្តមើល និងអានគឺត្រូវបានបង្កើតឡើងដោយវិចិត្រករដែលរកប្រាក់ចំណូលតាមរយៈការងារច្នៃប្រឌិតរបស់ពួកគេ។

ដូច្នេះហើយ ប្រសិនបើអ្នកនិពន្ធមិនអាចរកប្រាក់ចំណេញពីស្នាដៃច្នៃប្រឌិតរបស់ពួកគេទេ ពួកគេនឹងមិនអាចបន្តសកម្មភាពច្នៃប្រឌិតរបស់ពួកគេបានឡើយ ហើយតួអង្គដែលមនុស្សគ្រប់គ្នាចូលចិត្តប្រហែលជាមិនអាចកើតមានលើពិភពលោកនេះបានទេ។
ប្រទេសកម្ពុជាមិនមានអាជីវកម្មកម្មសិទ្ធិបញ្ញាដែលលេចធ្លោនោះទេ ហើយបើទោះជាមានក៏ដោយ ក៏វាមិនមែនជាទីផ្សារធំដែរ ដូច្នេះវាអាចជៀសមិនផុតពីកង្វះចំណេះដឹង ឬការយល់ដឹងអំពីកម្មសិទ្ធិបញ្ញានោះទេ។ ទោះយ៉ាងណាក៏ដោយ វាពិតជាល្អណាស់ ប្រសិនបើមនុស្សអាចដឹងអំពីបញ្ហារក្សាសិទ្ធិ ដែលជាលទ្ធផលនៃសេចក្តីស្រឡាញ់របស់ពួកគេចំពោះអេនីមេ។
ជាដំបូង ការរក្សាសិទ្ធិគឺជាសិទ្ធិក្នុងការការពារស្នាដៃដូចជាប្រលោមលោក គំនូរ និងតន្ត្រីដែលជាកម្មសិទ្ធិរបស់អ្នកនិពន្ធ មិនកំណត់ចំពោះតែគំនូរជីវចលទេ ហើយវាជាសិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ការងារ និងទប់ស្កាត់ការប្រើប្រាស់របស់វាដោយគ្មានការអនុញ្ញាត។

ដោយសារតែអ្នកនិពន្ធត្រូវបានការពារដោយសិទ្ធិនេះ ពួកគេអាចទទួលបានប្រាក់ចំណូលសមរម្យ ដែលជាហេតុផលដែលមនុស្សចង់ធ្វើការក្នុងវិស័យនេះ។ សូមយល់ថាប្រសិនបើពួកគេមិនអាចរកប្រាក់ចំណូលបាន គ្មាននរណាម្នាក់ចង់ធ្វើការក្នុងវិស័យនេះទេ ហើយក្នុងករណីនោះ ការងារល្អនឹងមិនត្រូវបានផលិត ហើយគុណភាពនៃស្នាដៃក៏មិនដូចសព្វថ្ងៃនេះដែរ។

អានីមេដែលពេញនិយមមានដូចជា “NARUTO”​  “Demon Slayer”​  “Jujutsu Kaisen” និង “ONE PIECE” ទាំងនេះត្រូវបានបង្កើតឡើងដោយអ្នកនិពន្ធដែលមានទេពកោសល្យសិល្បៈលើសគេ។ ជាមួយនឹងកិច្ចរួមចំណែកពីមនុស្សជាច្រើនក្នុងដំណើរការបង្កើតនេះ ដែលត្រូវព្យាយាម និងសាកល្បងជាបន្តបន្ទាប់ក្នុងរយៈពេលយូរ។ ប្រសិនបើយើងអាចស្រលាញ់អ្នកនិពន្ធទាំងនេះដូចនឹងការស្រឡាញ់តួអង្គអានីមេរបស់ពួកគេ គិតពីការខិតខំរបស់ពួកគេក្នុងការបង្កើតស្នាដៃដ៏អស្ចារ្យទាំងនេះ នោះពួកគេនឹងអាចបន្តបង្កើតអានីមេ និងតួអង្គគំនូរជីវចលដ៏មានភាពទាក់ទាញបន្ថែមទៀតសម្រាប់ពេលអនាគត។ ប្រហែល​ជា​នៅ​ពេល​អនាគត​ប្រទេស​កម្ពុជា​នឹង​មាន​អ្នក​និពន្ធ​ដែល​លក់​ដាច់​ជាង​គេក៏អាចថាបាន។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នកម្ពុជាមិនមានបរិយាកាសអំណោយផលសម្រាប់បង្កើតអ្នកនិពន្ធដែលមានទេពកោសល្យទេ ដូច្នេះហើយ វាចាំបាច់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការរក្សាសិទ្ធិក្នុងចំណោមមនុស្សគ្រប់រូប។

យ៉ាង​ណា​មិញ នេះ​មិន​មែន​ជា​រឿង​ប្លែក​សម្រាប់​កម្ពុជា​ទេ។ នៅក្នុងប្រទេសជប៉ុន ស្នាដៃជាច្រើនក៏ត្រូវបានបង្ហោះដោយខុសច្បាប់នៅលើអ៊ីនធឺណិតផងដែរ ដូចជាគេហទំព័រវីដេអូ ការរំលោភលើសិទ្ធិរបស់អ្នកបង្កើត។
ដូចដែលបានលើកឡើងក្នុងជួរឈរនៃដើមទំព័ររបស់កាសែតនេះផងដែរ ដែលរៀបរាប់អំពីសក្តានុពលរបស់ក្រុមសមាជិកជំនាន់ Z កាន់តែធំឡើងជាងមុន ហើយក៏ជិតមានកំណើតអ្នកបង្កើតមួយចំនួនដែលអាចតំណាងឲ្យពិភពលោកបានផងដែរ។ បន្ថែមពីនេះ យោងទៅតាមការរីកចម្រើនសេដ្ឋកិច្ច ប្រាក់ចំណូលរបស់ប្រជាជនក៏បានកើនឡើងផងដែរ ហេតុនេះហើយ ថ្ងៃដែលអាជីវកម្ម IP ថ្មីៗ នឹងកើតចេញពីសកម្មភាពអាជីវកម្មដើមរបស់ក្រុមហ៊ុនមួយចំនួន នឹងកើតឡើងក្នុងរយះពេលដ៏ខ្លីខាងមុខ។
ឥឡូវនេះជាពេលវេលាដើម្បីស្វែងយល់អំពីសិទ្ធិអ្នកនិពន្ធ។ រហូតមកដល់ពេលនេះ វាជាការប្រសើរជាងក្នុងការទទួលបានអ្វីមួយដោយមិនគិតថ្លៃ បើទោះបីជាវារំលោភលើកម្មសិទ្ធិបញ្ញាក៏ដោយ ហើយវាជាការប្រសើរជាងក្នុងការទទួលបានរបស់ក្លែងក្លាយដែលមានតំលៃថោក ប៉ុន្តែខ្ញុំសង្ឃឹមថាការយល់ដឹងរបស់មនុស្សនឹងផ្លាស់ប្តូរ ទោះបីជាបន្តិចម្ដងៗក៏ដោយ។ ហើយប្រសិនបើគន្លឹះសម្រាប់ការផ្លាស់ប្តូរការយល់ដឹងនេះបានមកពីអ្នកគាំទ្រគំនូរជីវចលជប៉ុននោះ គឺគ្មានអ្វីអស្ចារ្យជាងនេះទេ។