នាយកតំណាង/អនុប្រធានប្រតិបត្តិ លោក តូសុិយឹគិ សឹហ្គិយ៉ាម៉ា
ថ្ងៃខែឆ្នាំកំណើត ខែមិថុនា ឆ្នាំ១៩៧៧
ទីកន្លែងកំណើត ខេត្តកាណាហ្កាវ៉ា
ចំណង់ចំណូលចិត្ត៖ ជិះស្គីលើទឹកកក អាយគីដូ ( កម្រិត២ )
ជាដំបូងលោកអាចប្រាប់ដោយសង្ខេបអំពីប្រវត្តិរបស់លោកបានដែរទេ? ខ្ញុំបានទៅសិក្សានៅប្រទេសកាណាដាដើម្បីក្លាយជាអ្នកជិះស្គីលើទឹកកកអាជីព ប៉ុន្តែជាអកុសលខ្ញុំបានរងរបួសហើយក៏បានបោះបង់ក្តីស្រម៉ៃរបស់ខ្ញុំក្នុងការក្លាយទៅជាកីឡាករជិះស្គីដ៏ជំនាញ។ បន្ទាប់ពីត្រលប់មកប្រទេសជប៉ុនវិញ ខ្ញុំបានគិតចង់ទៅសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្វែងរកការងារធ្វើជាដើម ប៉ុន្តែតាមការបបួលពីមិត្តភក្តិរបស់ខ្ញុំ ខ្ញុំក៏បានចាប់ផ្តើមអាជីវកម្មមួយដែលទាក់ទងទៅនឹងការភ្ញាស់កូនត្រីទឺកប្រៃ និង ចំណីវារីវប្បកម្មក្នុងសមុទ្រ។ នៅពេលនោះ ក្នុងដំណើរ១លើកនៃសកម្មភាពលក់របស់ខ្ញុំ ខ្ញុំបានធ្វើដំណើរជុំវិញប្រទេសជប៉ុនចំនួន៤ដង ដោយសម្រាកពេលយប់ក្នុងឡានរបស់ខ្ញុំចតតាមឆ្នេរសមុទ្រនៃប្រទេសជប៉ុន និងរៀនពីខ្សែសង្វាក់នៃការលក់។ ក្រោយមកពេលកំពុងស្វ័យសិក្សាទៅលើផ្នែកគីមីវិទ្យា និងវិស្វកម្មអគ្គិសនី ខ្ញុំបានព្យាយាមប្រមូលបទពិសោធន៍ក្នុងវិស័យបច្ចេកទេសបណ្តើរ និងបានងាកមករកអាជីវកម្មអំពូល LED ហើយបានបង្កើតក្រុមហ៊ុនឧបករណ៍អគ្គិសនីដែលមានឯកទេសឧបករណ៍ភ្លើងសម្រាប់សម្លាប់មេរោគ។ បច្ចុប្បន្ននេះខ្ញុំបានកំពុងតែគ្រប់គ្រងក្រុមហ៊ុនជាច្រើននិងបម្រើការជាអនុប្រធានប្រតិបត្តិនៃសហប្រតិបត្តិការអន្តរជាតិនៃបច្ចេកវិទ្យាឈានមុខរបស់ប្រទេសជប៉ុន ហៅកាត់ថា ( អង្គការចាធីក (JATIC) )។ គោលដៅរបស់ខ្ញុំគឺធ្វើយ៉ាងណាដើម្បីអាចរួមចំណែកដល់សង្គមតាមរយៈបច្ចេកវិទ្យានិងអាជីវកម្ម។
លោកបានចូលរួមក្នុងអាជីវកម្មយ៉ាងច្រើនវិស័យ ខ្ញុំបានសាកល្បងក្នុងវិស័យដ៏ច្រើន ហើយបានឆ្លងកាត់ការបរាជ័យនិងជោគជ័យក៏ច្រើនផងដែរ។ ខ្ញុំជាប្រភេទមនុស្សដែលយល់ថាវាជារឿងដ៏មានន័យក្នុងការហ៊ានជ្រើសរើសផ្លូវលំបាក ហើយបង្កើតអ្វីដែលថ្មីខុសពីគេ។ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ ក្នុងការប្រមូលនិងវិភាគព័ត៌មានដែលបានមកពីការវិភាគព័ត៌មានយ៉ាងហ្មត់ចត់ទៅលើវិស័យណាមួយដែលខ្ញុំមានចំណាប់អារម្មណ៍ទៅលើវា។ ខ្ញុំមានជំនាញក្នុងការប្រមើរមើលទុកជាមុននូវនិន្នាការនៃសម័យកាល និងបង្កើតយន្តការថ្មីដើម្បីត្រៀមដោះស្រាយបញ្ហាដោយផ្អែកទៅលើព័ត៌មានដែលខ្ញុំទទួលបាន។ ម្យ៉ាងវិញទៀត នៅពេលដែលមានគំរោងណាមួយ បានដំណើរការដោយរលូនទៅមុខហើយ ខ្ញុំច្រើនតែគិតចង់សាកល្បងជាមួយការងារជាបន្តបន្ទាប់ទៀត។ នោះហើយជាមូលហេតុជាជាងការបង្កើតស្ថាប័នអោយកាន់តែធំ យើងអោយតំលៃទៅលើប្រព័ន្ធដែលអាចអោយយើងអាចបំពេញការងារដោយមានភាពបត់បែន ដោយមិនត្រូវការចំនួនមនុស្សច្រើនជាង។ ខ្ញុំបានសាកល្បងបង្កើតនូវទស្សនៈថ្មីបែបនេះ ខណៈពេលដែលប្រកាន់ភ្ជាប់នូវការបន្តសាកល្បងធ្វើអ្វីដែលយើងចូលចិត្តជាមួយនឹងគំនិតដោយសេរី។
តើអ្វីដែលបានជម្រុញឲ្យលោកមកប្រទេសកម្ពុជាជាលើកដំបូង?
ដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំមកកាន់ប្រទេសកម្ពុជាគឺដើម្បីស្រាវជ្រាវពីសក្តានុពលនៃវិស័យកសិកម្មក្នុងការដាំដុះរុក្ខជាតិនិងផ្សិតសម្រាប់ប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្រ្ត។ នៅពេលនោះខ្ញុំបានចាប់អារម្មណ៍ទៅលើថាមពល និងចំណង់ចំណូលចិត្តរបស់យុវជនជំនាន់ក្រោយនៅកម្ពុជាដែលរំលឹកខ្ញុំពីការកសាងប្រទេសឡើងវិញរបស់ជប៉ុនក្រោយសង្គ្រាមលោក។ ទាំងអស់នេះហើយដែលជាមូលហេតុនាំអោយខ្ញុំមានអារម្មណ៍ថាប្រទេស កម្ពុជាមាននូវសក្តានុពលដ៏អស្ចារ្យ។
តើលោកមានចំណាប់អារម្មណ៍បែបណាចំពោះប្រទេសកម្ពុជានាពេលនោះ? និយាយអោយត្រង់ទៅ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាគឺនៅមានភាពយឺតយ៉ាវបើធៀបនឹងប្រទេសជិតខាងដោយសារប្រទេសកម្ពុជាបានឆ្លងកាត់នូវរបប ប៉ុល ពត។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាបច្ចុប្បន្នកំពុងត្រូវបានដឹកនាំដោយយុវជនជំនាន់ក្រោយ ហើយថាមពលនិងភាពមុះមុតរបស់ពួកគេពិតជាមានសន្ទុះខ្លាំង។ គោលដៅរបស់ពួកគេគឺការ ” តាមឲ្យទាន់ និងយកឈ្នះ” ត្រូវបានឆ្លុះបញ្ចាំងអោយឃើញតាមរយៈសកម្មភាពរបស់ពួកគេ ហើយខ្ញុំមានការស្ញប់ស្ញែងទៅនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ពួកគេ។ ទាំងនេះគឺជាទិដ្ឋភាពដែលធ្វើអោយខ្ញុំនឹកឃើញដល់ការកសាងប្រទេសឡើងវិញរបស់ជប៉ុននៅក្រោយសង្គ្រាម ហើយវាបានជម្រុញឲ្យខ្ញុំចង់ធ្វើអ្វីមួយដើម្បីជាប្រយោជន៍ដល់ពួកគេ។ ក្រៅពីនេះ ខ្ញុំក៏ចូលចិត្តម្ហូបខ្មែរដែរ។ ម្ហូបរបស់ប្រទេសថៃគឺ មានរសជាតិផ្អែម និងហឹរដែលអត់អាចបន្តញុាំបានយូរទេ ប៉ុន្តែម្ហូបខ្មែរមានចំនុចពិសេសត្រង់ថា វាមានរសជាតិនៅចន្លោះ ម្ហូបថៃនិងម្ហូបជប៉ុន ដែលធ្វើអោយខ្ញុំអាចញុាំរាល់ថ្ងៃបានដោយមិនធុញទ្រាន់។ នៅពេលដែលប្រទេសទាំងអស់មានការអភិវឌ្ឍ របៀបរស់នៅរបស់ពួកគេមានទំនោរទៅលោកខាងលិចទាក់ទងនឹងម្ហូបអាហារ និងសំលៀកបំពាក់ ប៉ុន្តែប្រទេសកម្ពុជាបានរក្សាយ៉ាងមុឺងម៉ាត់នូវវប្បធម៌ខ្មែរដ៏សំខាន់របស់ខ្លួន។ ខ្ញុំគិតថានេះជាអ្វីដែលជនជាតិជប៉ុនបានបាត់បង់ ហើយខ្ញុំសង្ឃឹមថាកម្ពុជានឹងបន្តស្រលាញ់វប្បធម៌ដ៏អស្ចារ្យបែបនេះ។
ខ្ញុំបានដឹងមកថា លោកគឺជាអ្នកផ្តួចផ្តើមគំនិតបង្កើតអង្គការចាធីក ( JATIC )តើអ្វីដែលនាំអោយលោកផ្តួចផ្តើមគំនិតនេះឡើង? ប្រទេសជប៉ុនបានអភិវឌ្ឍនៅសម័យក្រោយសង្រ្គាមលោកលើកទី២ ទន្ទឺមពេលនោះជប៉ុនក៏ប្រឈមនឹងបញ្ហាផ្សេងៗ ហើយជាលទ្ធផលផ្នែកខ្លះនៃរចនាសម្ព័ន្ធសង្គមត្រូវបានប្តូរខុសពីទ្រង់ទ្រាយដើម។ ជាឧទាហរណ៍ បើទោះបីជាដំណាំមើលទៅត្រូវបានដាំដុះដោយការយកចិត្តទុកដាក់ក៏ដោយ ប៉ុន្តែបរិមាណថ្នាំសម្លាប់សត្វល្អិតដែលប្រើប្រាស់ក្នុងវិស័យកសិកម្មគឺខ្ពស់បំផុតនៅលើពិភពលោក។ លើសពីនេះ ប្រទេសជប៉ុនក៏ត្រូវបានគេស្គាល់ថាជា ” ប្រទេសដែលសម្បូរសារធាតុបន្ថែម ” ដោយសារតែបទបញ្ញាត្តិមានភាពធូររលុងទៅលើការបន្ថែមសារធាតុទៅក្នុងចំណឺអាហារ។ ជាងនេះទៅទៀត ថ្វីត្បិតតែជប៉ុនជាប្រទេសដែលមានប្រជាជនមានអាយុវែងក៏ដោយ ក៏ការប្រើប្រាស់ថ្នាំពេទ្យមានកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក ហើយចំនួនអ្នកកើតជំងឺមហារីកនៅតែបន្តកើនឡើង។ លើសពីនេះ ប្រជាជនជាច្រើនបំពេញការងារក្រោមស្ថានភាពជាបុគ្គលិកបណ្តោះអាសន្ន ហើយអាជីវកម្មទាំងនោះក៏មានលក្ខណៈបែបកេងប្រយោជន៍ និងព្រមទាំងផ្តល់នូវកម្រៃតិចតួច ដូច្នេះហើយ ទោះបីជាពួកគេមានការងារក៏ដោយ ក៏ប្រាក់ខែរបស់ពួកគេទាបដែលនាំឲ្យមនុស្សមិនតិចទេស្ថិតនៅក្នុងភាពក្រីក្រ។ ដោយមើលឃើញស្ថានភាពបែបនេះហើយ ជារឿយៗខ្ញុំតែងតែងឿងឆ្ងល់ថា៖ តើប្រជាជនជប៉ុនសព្វថ្ងៃនេះ ពិតជាមានសុភមង្គលមែនឬ? ប៉ុន្តែផ្ទុយពីនេះ ប្រជាជនជប៉ុនមានសមត្ថភាពខ្ពស់ផ្នែកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាដែលសហគ្រាសធុនតូចនិងមធ្យម ( SMEs ) ត្រូវបានគេមើលឃើញថាមានសក្តានុពលខ្លាំងក្នុងការបង្កើតនូវអ្វីដែលថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ ការពិតនោះគឺថាបច្ចេកវិទ្យាទាំងនេះមិនត្រូវបានគេប្រើប្រាស់ពេញលេញនោះទេ ដោយសារតែមានការរាំងស្ទះដូចជាពីឥទ្ធពលនៃសារជីវកម្មធំៗ បទបញ្ញាត្តិ និងរចនាសម្ព័ន្ធក្នុងការរៀបចំនៃសិទ្ធិក្នងការទទួលបានការគាំទ្រពីរដ្ឋ។ នៅពេលដែលយើងមើលទៅបរទេស យើងឃើញថាតម្រូវការបច្ចេកវិទ្យារបស់ជប៉ុនគឺខ្ពស់ខ្លាំងណាស់ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ជាមួយនឹងបំណងប្រាថ្នាចង់បង្កើតយន្តការមួយ ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទាំងនេះ និងបំពេញតម្រូវការនៅក្នុងពិភពលោក ខ្ញុំបានបង្កើតអង្គការចាធីក ( JATIC ) ដែលជាអង្គការ មិនត្រឹមតែនាំចេញនូវបច្ចេកវិទ្យាជប៉ុនតែប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែថែមទាំងបានគិតយ៉ាងសុីជម្រៅ និងធ្វើវាឲ្យក្លាយជាការពិតអំពីរបៀបដែលបច្ចេកវិទ្យាទាំងនោះអាចរួមចំណែកក្នុងការលើកកម្ពស់ទៅដល់ជីវភាព និងឧស្សាហកម្មក្នុងតំបន់។ យើងសង្ឃឹមថាវានឹងអាចជួយទៅដល់ប្រទេសនានាដូចជាប្រទេសកម្ពុជាអោយអភិវឌ្ឍតាមរបៀបតែមួយគត់ដែលត្រូវនឹងស្ថានភាពរបស់ពួកគេ ហើយឈានទៅរកទិសដៅត្រឹមត្រូវ ដោយរៀនពីទិដ្ឋភាពល្អ និងអាក្រក់របស់ប្រទេសជប៉ុន។ យើងក៏សង្ឃឹមផងដែរថា ពួកគេនឹងបង្ហាញពីកំណើនដ៏រឹងមាំ ដែលនៅថ្ងៃណាមួយនឹងយកឈ្នះប្រទេសជប៉ុនទៅទៀត។
តើអង្គការចាធីក JATIC ខុសពីស្ថានប័នដទៃបែបណា?
មានស្ថាប័នសាធារណៈ និងអង្គការគាំទ្រសកម្មភាពផ្សេងៗជាច្រើន ក៏ប៉ុន្តែចំនុចខ្លាំងរបស់អង្គការចាធីក JATIC នោះគឺភាពបត់បែន និងការអនុវត្តជាក់ស្តែងព្រោះវាមានលក្ខណៈជាអង្គការឯកជន។ យើងយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហារបស់សហគ្រាសធុនតូច និង មធ្យម ( SMEs ) និងផ្តល់ដំបូន្មានជាក់ស្តែងលើផ្លូវឆ្ពោះទៅរកការពង្រីកអាជីវកម្មនៅបរទេស។ ដូចគ្នានេះផងដែរ យើងក៏ចង់បន្តអភិវឌ្ឍសេវាកម្មដែលនឹងអាចធ្វើអោយមនុស្សមានអារម្មណ៍ថា ” រីករាយដែលបានចូលរួមនៅទីនេះ ” ។ អង្គការចាធីកគឺទើបតែបានចាប់ផ្តើមពិតមែន ក៏ប៉ុន្តែសង្ឃឹមថាយើងនឹងរីកចម្រើនទៅមុខជាមួយគ្នា។
លោកក៏មានក្រុមហ៊ុនគ្រប់គ្រងផ្ទាល់ខ្លួនផងដែរ តើលោកមានបំណងពង្រីកអាជីវកម្មបែបណា?
ក្រុមហ៊ុនរបស់ខ្ញុំគឺធ្វើទៅលើបច្ចេកវិទ្យាអំពូល LED ដើម្បីសម្លាប់មេរោគ បច្ចេកវិទ្យាប្រព្រឹត្តទឹកស្អាតដែលធ្វើអោយទឹកបង្កើតបាននូវម៉ូលេគុលតូចៗ និងវិស័យសុខភាព។ បច្ចេកវិទ្យាទាំងនេះមានគោលបំណងដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់បរិស្ថាន និងបង្កើតសង្គមមួយប្រកបដោយនិរន្តរភាព។ ហើយជាពិសេស យើងមានបំណងបង្កើតនូវអ្វីដែលថ្មីដោយផ្តល់នូវដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងតំបន់។
តើគម្រោងជាក់លាក់អ្វីខ្លះដែលលោកគ្រោងនឹងបន្តនៅក្នុងប្រទេសកម្ពុជា? ទីមួយ យើងមានគម្រោងគាំទ្រទៅដល់ផ្នែកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងនាំមកនូវបច្ចេកវិទ្យាប្រព្រឹត្តកម្មទឹក ហើយបន្ទាប់មកគឺការផ្តល់នូវបច្ចេកវិទ្យាក្នុងវិស័យថាមពល។ សម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍគឺវាពិតជាចាំបាច់ណាស់ ក្នុងការកែលម្អរផ្លូវថ្នល់ និងវិស័យដឹកជញ្ជូន ចំណែកការសាងសង់ក៏ជាបញ្ហាសំខាន់មួយផងដែរដោយសារមានតំបន់ លិចទឹក និងទន្លេជាច្រើន។ ក្រៅពីនេះនៅមានបញ្ហា នៃការផ្គត់ផ្គង់ថាមពល ជាពិសេសខ្ញុំចង់ធ្វើការសាងសង់រោងចក្រថាមពលជីវម៉ាស ដោយប្រើប្រាស់សំរាមធ្វើជាវត្ថុធាតុដើម ដើម្បីលើកកម្ពស់ថាមពលបៃតង។ លើសពីនេះ យើងក៏កំពុងតែពិចារណាលើការលើកកម្ពស់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ប្រព្រឹត្តិកម្មទឹក និងកសិកម្មជាប្រព័ន្ធ។ យើងចង់ផ្តល់នូវអ្វីដែលថ្មីទៅដល់សហគមន៍មូលដ្ឋាន និងស្របពេលគ្នានេះឆ្លើយតបយ៉ាងហ្មត់ចត់ចំពោះតម្រូវការក្នុងស្រុក។
តើវាមិនពិបាកទេឬក្នុងការធ្វើឲ្យមានតុល្យភាពរវាងអាជីវកម្មផ្ទាល់ខ្លួនរបស់លោក និងសកម្មភាពរបស់អង្គការចាធីក JATIC ?
និយាយអោយត្រង់ទៅមានការងារច្រើនណាស់ ប៉ុន្តែការងារទាំង២នេះ គឺជាសកម្មភាពដ៏មានតំលៃសម្រាប់ខ្ញុំ។ ខ្ញុំជឿថា តាមរយៈការបំពេញឲ្យគ្នាទៅវិញទៅមក ខ្ញុំនឹងអាចទទួលបាននូវលទ្ធផលកាន់តែច្រើន។ ខ្ញុំចូលចិត្តរឿងព្រេងទាក់ទងទៅនឹងទីក្រុង និងបច្ចេកវិទ្យាដ៏អាថ៌កំបាំង។ ជាឧទាហរណ៍ ខ្ញុំជឿជាក់ថា ថាមពល ទែម៉ូឌីណាមិក និងបច្ចេកវិទ្យាដែលមិនទាន់ត្រូវបានបកស្រាយជាដើម នឹងអាចត្រូវបានរកឃើញ។ វាជារឿងដ៏រីករាយក្នុងការវាយតម្លៃទៅលើផលិតផលដែលបង្កើតឡើងដោយគំនិតរបស់ក្រុមហ៊ុន ជាសមាជិកបណ្តើរ ស្រម៉ៃពីអនាគតដែលបានលើកឡើងពីខាងលើបណ្តើរ ហើយគិតពីរបៀបដែលអាចយកវាទៅប្រើប្រាស់អោយសមស្របនឹងតម្រូវការនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជានៅបរទេស។
តើក្រុមហ៊ុនប្រភេទណាខ្លះដែលលោកចង់ឃើញមានការចូលរួមក្នុងអង្គការចាធីក ( JATIC )?
យើងចង់បានក្រុមហ៊ុនដែលយកចិត្តទុកដាក់ចំពោះសង្គម និងបរិស្ថាន ហើយមានបំណងចង់ចូលរួមក្នុងអង្គការចាធីក JATIC។ អង្គការចាធីក JATICជាក្រុមហ៊ុនដែលមិនត្រឹមតែស្វែងរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ដោះស្រាយបញ្ហាក្នុងតំបន់នោះ និងកែលម្អរការរស់នៅរបស់ប្រជាជនតាមរយៈបច្ចេកវិទ្យា និងផលិតផលរបស់ពួកគេ។ យើងចង់ធ្វើការរួមគ្នាជាមួយក្រុមហ៊ុនបែបនេះ ដើម្បីគិតអំពីរបៀបដែលយើងអាចប្រើប្រាស់បច្ចេកវិទ្យា និងផលិតផលរបស់ពួកគេឲ្យល្អបំផុតនៅក្នុងទីផ្សារក្នុងស្រុក និងបង្កើតប្រព័ន្ធដែលនឹងមានគ្រឹះរឹងមាំនៅក្នុងសហគមន៍មូលដ្ឋាន។ យើងចូលចិត្តអោយមានការពិគ្រោះយោបល់ធម្មតាជាមួយគ្នាដូចជាថា៖ “ខ្ញុំមានគំនិតមួយ ប៉ុន្តែតើខ្ញុំអាចប្រើវាដោយរបៀបណាដែរ? ” ឬ ” ខ្ញុំចង់ធ្វើរឿងបែបនេះ តើអ្នកអាចជួយខ្ញុំបានទេ?” ។ យើងចង់សហការណ៍ជាមួយក្រុមហ៊ុនដែលមានបំណងបែបនេះ ហើយយើងរួមគ្នាស្វែងរកវិធីដើម្បីសម្របសម្រួលទៅតាមបច្ចេកវិទ្យា និងផលិតផលរបស់ពួកគេទៅកាន់សង្គម និងធ្វើឲ្យពួកគេមានគ្រឹះរឹងមាំតាមរយៈការមានគំរោងជាក់លាក់។
សូមលោកជួយប្រាប់ពីគោលដៅនៃអនាគតរបស់លោក
គោលដៅរបស់ខ្ញុំគឺធ្វើយ៉ាងណាដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យម ( SMEs )របស់ជប៉ុន តាមរយៈអង្គការចាធីក( JATIC ) ដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ល្អរបស់ពួកគេជាហេដ្ឋារចនាសម្ព័ន្ធទូទៅក្នុងប្រទេសកំពុងអភិវឌ្ឍនិងនៅបរទេស។ ជាមួយគ្នានេះដែរ ខ្ញុំតែងតែនិយាយអំពីចក្ខុវិស័យដ៏ល្អរបស់ខ្ញុំសម្រាប់អនាគតនៃប្រទេសកម្ពុជា ឧទាហរណ៍ ការកសាងទីក្រុងគំរូ។ នោះគឺជាទីក្រុងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ជប៉ុនដើម្បីសម្រេចបាននូវវិស័យកសិកម្មដែលគ្មានថ្នាំសម្លាប់សត្វល្អិតទាំងស្រុង និងការផ្គត់ផ្គង់ថាមពលបៃតងទាំងអស់។ យើងចង់បង្កើតសង្គមមួយដែលតម្រង់ទិសការកែច្នៃឡើងវិញដែលមិនមានកាកសំណល់ និងត្រូវបានប្រើប្រាស់ឡើងវិញយ៉ាងហ្មត់ចត់។ ទាំងការអប់រំ និងការថែទាំវេជ្ជសាស្រ្តដោយសង្កត់ធ្ងន់ជាពិសេសលើការការពារ និងការលើកកម្ពស់សុខភាព។ យើងចង់បង្កើតទីក្រុងដែលពោរពេញទៅដោយភាពបៃតង និងស្នាមញញឺម ដោយមានស្មារតីជួយគ្នាទៅវិញទៅមក។ ខ្ញុំនឹងសប្បាយចិត្តប្រសិនបើខ្ញុំអាចបង្កើតទីក្រុងប្រភេទនេះនៅក្នុងប្រទេសកម្ពុជាឲ្យក្លាយជាគោលដៅមួយដែលនឹងធ្វើឲ្យមនុស្សម្នាគិតថា ” សង្គមបែបនេះគឺអស្ចារ្យណាស់” ។ នោះហើយគឺជារូបភាពនៃអនាគតដែលខ្ញុំប៉ងប្រាថ្នា។