ក្រុមហ៊ុន Tartan Co., Ltd អគ្គនាយក តាកាកាហ្សឹ ហាសិហ្គាវ៉ា( Takakazu Hasegawa ) ថ្ងៃខែឆ្នាំកំណើត ខែមេសា ឆ្នាំ១៩៥០ ចំណង់ចំណូលចិត្ត វាយកូនហ្គោល គូររូប និង ធ្វើម្ហូប
ដំណើរឆ្ពោះទៅការធ្វើឲ្យ “កម្ពុជាគឺជាប្រទេសដែលគួរអោយចង់រស់នៅជាងគេលើពិភពលោក ” ជាដំបូងតើលោកសាស្រ្តាចារ្យ ហាសិហ្គាវ៉ា ( Hasegawa ) អាចប្រាប់យើងអំពីជីវប្រវត្តិរបស់លោកសាស្រ្តាចារ្យបានដែរឬទេ? ខ្ញុំកើតនៅឆ្នាំ១៩៥០ នៅខេត្តក្យូតូ ហើយចាប់ពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៨០ ខ្ញុំបានដឹកនាំបង្វឹកក្លឹបកីឡាកាយសម្ព័ន្ធនៅវិទ្យាល័យណតប្រ៊ីដ(Northbridge ) រដ្ឋកាលីហ្វ័រញ៉ា។ បន្ទាប់មកនៅក្នុងឆ្នាំ ១៩៧៣ ខ្ញុំបានឈ្នះពាន រង្វាន់ជើងឯកឯកត្តជន ក្នុងការប្រកួត USC Openនៅអាមេរិក និងបានឈ្នះជើងឯកក្នុងប្រភេទកីឡាកាយសម្ព័ន្ធរបារនឹង និងរបារស្របផងដែរ។ បន្ទាប់មកខ្ញុំបានវិលត្រលប់ទៅប្រទេសជប៉ុនវិញ ហើយចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៨៥ ខ្ញុំបានបង្កើតសមាគម Japan Frisbee ( កីឡាថាសហោះ ) សមាគមជីះស្គី Chuba Japan មជ្ឈមណ្ឌលស្រាវជ្រាវលំហាត់ប្រាណពង្រឹងសាច់ដុំ មជ្ឈមណ្ឌលកែលម្អរសុខភាពផ្លូវកាយនិងផ្លូវចិត្ត ដើម្បីបង្កើនប្រសិទ្ធភាពនិងសុខភាពអោយស្រស់ស្រាយ និងមជ្ឈមណ្ឌលព្យាបាលដោយចលនា ហើយខ្ញុំបានបម្រើការជាសមាជិកក្រុមប្រឹក្សាក្រុងណាហ្គាគឹតិ ( Nagakute ) រយៈពេលបីអាណត្តិ ចាប់តាំងពីឆ្នាំ១៩៩៥ ដល់ឆ្នាំ ២០០៧។ ក្នុងអំឡុងពេលដែលខ្ញុំជាសមាជិកក្រុមប្រឹក្សាក្រុង ខ្ញុំបានបង្កើត ” សមាគមជប៉ុនល្បាតការពារបទល្មើស ” ក្នុងគោលបំណងលុបបំបាត់បទល្មើស ហើយបានអនុវត្តវិធានការដើម្បីធានាអោយបាននូវកន្លែងរស់នៅប្រកបដោយសុវត្ថិភាពនិងសុខសន្តិភាពដែលនឹងដើរតួជាមូលដ្ឋានគ្រឺះក្នុងការធ្វើអោយទីក្រុងក្លាយជា”កន្លែងដែលគួរអោយចង់រស់នៅជាងគេក្នុងប្រទេសជប៉ុន”។ បន្ថែមលើសពីនេះ ដើម្បីបង្កើតទីក្រុងដែលរស់រវើក និងមានសុខុមាលភាពល្អ ខ្ញុំក៏បានបង្កើត “កន្លែងហ្វឹកហាត់” នៅក្លឹបហាត់កីឡាផងដែរ។ ខ្ញុំក៏បានបើកវគ្គបណ្តុះបណ្តាលដើម្បីផ្សាភ្ជាប់ក្នុងការអនុញ្ញាតឲ្យប្រើប្រាស់កន្លែងហ្វឹកហាត់ និងការបង្រៀនក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋអាចសិក្សាពីរបៀបហាត់ប្រាណនិងចំណេះដឹងផ្នែកសុខភាពដែលអាចធ្វើឲ្យពួកគេមានសុខភាពល្អ។ ក្រៅពីនេះខ្ញុំក៏ធ្វើការជាទីប្រឹក្សាក្រុមហ៊ុន Nakagawa Bussan Co., Ltd ដែលជា ក្រុមហ៊ុនលក់ទាក់ទងនឹងប្រេងដែលមានដើមទុន១០លានយ៉េន និងការលក់ប្រចាំឆ្នាំមានចំនួន៤៥០ពាន់ លានយ៉េន ដែលអតិថិជនរបស់ពួកគាត់រួមមាន ក្រសួងការពារជាតិ មូលដ្ឋានយោធាសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន និងហាង Costco គ្រប់សាខាទាំងអស់ផងដែរ។ ហើយខ្ញុំក៏ជាអ្នកប្រឹក្សាសាជីវកម្មកាយសម្បទាផងដែរ។ ក្នុងតួនាទីជាអ្នកប្រឹក្សាសាជីវកម្មកាយសម្បទារបស់ខ្ញុំ ខ្ញុំបានធ្វើការដើម្បីកែលម្អរសុខភាពរបស់បុគ្គលិក មីតស៊ូប៊ីសុីអគ្គិសនី (Mitsubishi Electric) ដែលជាលទ្ធផលក្រុមហ៊ុនក៏បានបង្វែរឳនភាពប្រចាំឆ្នាំរបស់សមាគមធានារ៉ាប់រងសុខភាពចំនួន១០០លានយ៉េន ទៅជាប្រាក់ចំនេញចំនួន៤០០លានយ៉េនក្នុងរយៈពេល២ឆ្នាំ ហើយសរុបប្រាក់ចំនេញទាំងអស់ ៦០០លានយ៉េន និងទទួលបានពានរង្វាន់ពីរដ្ឋមន្ត្រីក្រសួងការងារផងដែរ។
លោកសាស្រ្តាចារ្យពិតជាមានបទពិសោធន៍ច្រើនមែនទែន។ តាមទស្សនៈលោក តើលោកសាស្រ្តាចារ្យយល់យ៉ាងណាចំពោះប្រទេសកម្ពុជា? ក្នុងអំឡុងពេលដែលខ្ញុំមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្មីៗនេះ រឿងដំបូងដែលធ្វើអោយខ្ញុំចាប់អារម្មណ៍នោះគឺពន្លឺចែងចាំងក្នុងក្រសែភ្នែករបស់ប្រជាជនកម្ពុជា។ ហើយរឿងដែលធ្វើអោយខ្ញុំដក់ជាប់ក្នុងដួងចិត្តខ្ញុំនោះគឺ ពួកគេពិតជាមានភាពរស់រវើក ហើយក្រសែភ្នែករបស់ពួកគេដូចគ្នាទៅនឹងជំនាន់ដែលប្រទេសជប៉ុនខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញក្រោយសង្គ្រាមបើទោះបីស្ថិតនៅក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែខំប្រឹងដើម្បីឆ្ពោះទៅរកក្តីសង្ឃឹមរបស់ពួកគេ។

តើដំណើរទស្សនកិច្ចលើកនេះលោកសាស្រ្តាចារ្យបានអញ្ជើញទស្សនាកន្លែងណាខ្លះ? កន្លែងដំបូងដែលខ្ញុំបានទៅទស្សនាគឺទីតាំងព្រលានយន្តហោះថ្មី ដែលខ្ញុំគិតថាការមកដល់នៃច្រកផ្លូវអាកាសថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា នឹងធានាបានថាប្រទេសកម្ពុជានឹងក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ការផ្លាស់ប្តុររវាងមនុស្សមកពីជុំវិញពិភពលោក ដែលនឹងបម្រើជាសសៃឈាមនៃការអភិវឌ្ឍវប្បធម៌និងសេដ្ឋកិច្ចរបស់ប្រទេស។ កន្លែងបន្ទាប់ដែលខ្ញុំបានទៅទស្សនាគឺទីលានចាក់សំរាម។ នៅប្រទេសណាក៏ដោយ នៅក្នុងដំណើរការអភិវឌ្ឍ បរិស្ថានកាន់តែអាក្រក់បានក្លាយទៅជាបញ្ហាសង្គម ដែលគេបានជួបប្រទះជាញឹកញាប់។ នៅពេលដែលខ្ញុំជាសមាជិកក្រុមប្រឹក្សាក្រុង ណាហ្គាគឹតិ ( Nagakute ) ទន្ទឹមនឹងការរីកចម្រើនលើវិស័យសេដ្ឋកិច្ច បញ្ហាបរិស្ថាន (ការចោលសំរាម) បានកើតឡើងនៅក្នុងប្រទេសជប៉ុនផងដែរ។ មានការលំបាកជាច្រើនក្នុងការស្វែងរកដំណោះស្រាយបញ្ហានេះ ហើយឥលូវនេះយើងបានដោះស្រាយលើដំណើរការនេះហើយ។ ផ្អែកលើបទពិសោធន៍របស់ខ្ញុំ ខ្ញុំចង់ស្នើរវិធានការបរិស្ថានមួយចំនួន ( វិធានការកំចាត់កាកសំណល់ )។

តើលោកសាស្រ្តាចារ្យអាចប្រាប់អំពីសំណើនោះបានទេ? ដើម្បីអាចសម្រេចបាននូវ “កម្ពុជាគឺជាប្រទេសដែលគួរអោយចង់រស់នៅជាងគេលើពិភពលោក” តើយើងចាំបាច់ត្រូវការអ្វីខ្លះ? បើនិយាយសរុបជារួម រដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាត្រូវបង្កើតចក្ខុវិស័យរួមគ្នា។ ខ្ញុំនឹងងាកត្រឡប់ទៅអតីតកាល ហើយខ្ញុំពន្យល់អំពីវិធានការបរិស្ថានក្នុងការធ្វើឲ្យទីក្រុងណាហ្គាគឺតិ ( Nagakute )ក្លាយជាទីក្រុងល្អបំផុតក្នុងប្រទេសជប៉ុន ហើយថាតើវិធានការនោះជាវិធានការបែបណា? តើអ្វីជាបញ្ហា? ទីក្រុងណាហ្គាគឹតិ ( Nagakute ) គឺជាទីកន្លែងដែលប្រារព្ធពិធីតាំងពិពណ៌នៅក្នុងឆ្នាំ២០០៥។ មានរថភ្លើងល្បឿនលឿនប្រើកម្លាំងដែកឆក់រត់ដំណើរការនៅក្នុងក្រុង អាគារពាណិជ្ជកម្មបានកើនឡើង ហើយបានអភិវឌ្ឍទៅជាទីក្រុងដែលមានភាពអ៊ូអរ ក៏ប៉ុន្តែវាបានផ្លាស់ប្តូរទាំងស្រុងទៅជាទីក្រុងដ៏ស្ងប់ស្ងាត់ រួមទាំងបទល្មើសក៏កើនឡើងច្រើនសន្ធឹកសន្ធាប់។ ជាដំបូង យើងបានចាប់ផ្តើមចាត់វិធានការដោះស្រាយ។ វិធានការបរិស្ថានទី១គឺការរស់នៅប្រកបដោយសុវត្ថិភាព និងសុខសន្តិភាព។ យើងបានពិចារណាថា តើអ្វីដែលចាំបាច់ដើម្បីអោយប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព និងសុខសន្តិភាព ហើយពួកយើងក៏បានបង្កើតក្រុមការពារសណ្តាប់ធ្នាប់មួយហៅថា “សមាគមជប៉ុនល្បាតការពារបទល្មើស”។ យើងបានអនុវត្តកិច្ចការងារដែលប្រឈម និងដោះស្រាយបញ្ហារួមគ្នាជាមួយប្រជាពលរដ្ឋក្នុងតំបន់ ជាលទ្ធផលពួកយើងសម្រេចបានក្នុងការលុបបំបាត់បទល្មើសបានចំនួន៣០%បើប្រៀបធៀបទៅនឹងមុនបង្កើតសមាគមនេះឡើង។

ចេញពីសមិទ្ធផលមួយនេះ ប៉ុស្តិ៍ប៉ូលីសសាធារណៈត្រូវបានបង្កើតឡើងជាលើកដំបូងបង្អស់នៅប្រទេសជប៉ុន ហើយមកដល់សព្វថ្ងៃនេះ មានប៉ូលីស ក្នុងតំបន់ និងមន្ត្រីចូលនិវត្តន៍ក៏កំពុងល្បាតការពារថែមទាំងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់បទល្មើសថែមទៀតផង។ វិធានការបរិស្ថានទី២គឺបញ្ហាសុខភាព។ បច្ចុប្បន្នទីក្រុងណាហ្គាគឹតិ ( Nagakute ) គឺជាទីក្រុងដែលស្អាត មានការយល់ដឹងខ្ពស់អំពីបញ្ហាសំរាម និងប្រជាពលរដ្ឋមានភាពរួសរាយរាក់ទាក់។ ក្រុងស្រុកភូមិរបស់ជប៉ុនភាគច្រើនកំពុងតែឈានទៅរកអត្រាកំណើតទាប និងប្រជាជនវ័យចំណាស់មានការកើនឡើង ប៉ុន្តែចំនួនប្រជាជនក្នុងទីក្រុងណាហ្គាគឺតិ ( Nagakute ) កំពុងបន្តការកើនឡើង ហើយត្រូវបានគេវាយតម្លៃថា “ជាទីក្រុងដែលគួរអោយចង់រស់នៅ”។ ដោយផ្អែកលើលទ្ធផលទាំងនេះ យើងហៅកិច្ចការងារនេះថា ” សុខភាពបរិស្ថាន “។ វាមានសារៈសំខាន់ក្នុងការសាងសង់មូលដ្ឋានគ្រឹះក្នុងការធ្វើការរួមគ្នាជាមួយប្រជាពលរដ្ឋក្នុងតំបន់ដើម្បីដោះស្រាយបញ្ហាជាមួយគ្នា។ បន្ថែមពីលើ ” សុខភាពបរិស្ថាន ” ” សុខភាពរបស់ប្រជាពលររដ្ឋម្នាក់ៗ ” ដែលមានសកម្មភាពនៅក្នុងទីក្រុងក៏សំខាន់ផងដែរ។

ខ្ញុំចង់និយាយអំពីការព្យាបាលដោយលំហាត់ប្រាណនីតិសម្បទា ( យុទ្ធសាស្រ្តសម្ងាត់ ) នៅសមាគមធានារ៉ាប់រងសុខភាពរបស់ក្រុមហ៊ុនមីតស៊ូប៊ីសុីអគ្គិសនី Mitsubishi Electric ដែលបានបង្វែរការចំណាយសន្តិសុខសង្គមទៅជាប្រាក់ចំនេញបានចំនួន៤០០លានយ៉េនក្នុងរយៈពេលពីរឆ្នាំ។ ដំបូងគឺវេជ្ជបញ្ជាតាមការព្យាបាលដោយលំហាត់ប្រាណនិតិសម្បទានៃផ្នែកធ្វើចលនារាងកាយសុខភាពដែលបញ្ច្រាសទំនាញផែនដី។ អាចលើកជាឧទាហរណ៍មិនល្អរបស់ចលនារាងកាយបញ្រ្ចាសទំនាញផែនដីនោះគឺការឈឺចង្កេះ។ ហើយក៏មានការឈឺចុករោយស្មា និងឈឺជង្គង់ជាដើម។ បន្ទាប់មកគឺជម្ងឺលើសឈាម និងជម្ងឺទឺកនោមផ្អែម ដែលភាគច្រើនកើតលើស្រទាប់អ្នកមានដែលជម្ងឺទាំងនេះកើតឡើងបណ្តាលមកពីការខ្វះលំហាត់ប្រាណ និងរបបអាហារ។ ប៉ុន្តែតើយើងគួរធ្វើលំហាត់ប្រាណបែបណា? តើយើងគួរញុាំអាហារប្រភេទណា? យើងបានស្រាវជ្រាវលើបញ្ហានេះ ហើយរហូតមកដល់ពេលនេះ លទ្ធផលដែលយើងទទួលបាននោះគឺ លំហាត់ប្រាណនិតិសម្បទា។ វាមានសារៈសំខាន់ក្នុងការបង្កើតយន្តការ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលមានប្រជាជនក្នុងមូលដ្ឋាន ( ប្រជាពលរដ្ឋ) និងអាជ្ញាធរ ( ប្រទេស ) រួមគ្នាសហការដើម្បីសម្រេចបាននូវ ” សុខភាពបរិស្ថាន “។ ដូច្នេះ ខ្ញុំសូមស្នើរចំនុចមួយគឺលំហាត់ប្រាណនិតិសម្បទានេះជាផែនការជាតិ។ ខ្ញុំបានពន្យល់ដោយផ្អែកលើសមិទ្ធិផល និងបទពិសោធន៍ផ្ទាល់របស់ខ្ញុំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើកម្ពុជាចង់ក្លាយជា”ប្រទេសដែលគួរអោយចង់រស់នៅជាងគេនៅក្នុងពិភពលោក” ខ្ញុំគិតថា អ្វីដែលសំខាន់បំផុតនោះគឺហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលដែលជាមូលដ្ឋានគ្រឹះរបស់ប្រទេសជាតិ។ ខ្ញុំនឹងសប្បាយចិត្តប្រសិនបើខ្ញុំអាចជួយជ្រោមជ្រែងកម្ពុជាដែលជាប្រទេសមានពាក្យស្លោកថា៖ “ប្រទេសដែលគួរអោយចង់រស់នៅជាងគេ នៅក្នុងពិភពលោក ព្រះរាជាណាចក្រកម្ពុជា”។

តើលោកសាស្រ្តាចារ្យគិតថានឹងមានសកម្មភាពបែបណានៅប្រទេសកម្ពុជានាពេលអនាគត? ដូចអ្វីដែលខ្ញុំបានជម្រាបជូនខាងលើ ដើម្បីកម្ពុជាតាមរយៈអង្គការចាធីក JATIC ខ្ញុំនឹងផ្តល់នូវបទពិសោធន៍ដែលខ្ញុំមានដោយគ្មានការស្តាយក្រោយឡើយ។ ប្រជាជនកម្ពុជាមានវ័យក្មេងដែលពោរពេញទៅដោយកម្លាំងថាមពល ក៏ប៉ុន្តែបទពិសោធន៍របស់ពួកគេក៏នៅមានចន្លោះខ្វះខាត ដូច្នេះចំពោះបញ្ហានេះតាមរយៈចំណេះដឹង រួមទាំងបទពិសោធន៍របស់ខ្ញុំ ខ្ញុំអាចជួយពួកគេឲ្យទទួលបានការរីកចម្រើនបន្ថែមទៀតយ៉ាងពិតប្រាកដ។ មិនត្រឹមតែប៉ុណ្ណោះ ទស្សនវិស័យរបស់ក្រុមហ៊ុនខ្ញុំគឺ “សម្លឹងមើលពីជីវិត ការយល់ដឹងពីបរិស្ថាន ជាស្ពានផ្សាភ្ជាប់រវាងមនុស្សនិងមនុស្សដោយសេចក្តីអំណរគុណ ” និយាយមួយម៉ាត់ជារួមគឺ ចិត្តមនុស្សដែលជាពាក្យបង្កើតថ្មី។ ចិត្តមនុស្សមានអត្ថន័យយ៉ាងជ្រាលជ្រៅថា “បង្កាត់ភ្លើងស្នេហ៍ក្នុងចិត្តមនុស្ស” និង “ឧបករណ៍វាស់ស្ទង់ដ៏អស្ចារ្យ”។ មនុស្សម្នានឹងបង្កាត់ភ្លើងស្នេហ៍ដ៏អស្ចារ្យ ហើយបង្កើតបានជាអណ្តាតភ្លើង ដែលនេះបង្កប់នូវបំណងប្រាថ្នាថា មនុស្សជាតិនៅលើផែនដីនឹងបន្តរក្សាសន្តិភាពដ៏ភ្លឺត្រចះត្រចង់យ៉ាងយូរអង្វែងរហូតដល់កូនចៅជំនាន់ក្រោយ។ រាជរដ្ឋាភិបាលកម្ពុជាក៏នឹងរក្សានូវទស្សនវិស័យនេះ ហើយតាមរយៈការធ្វើ សកម្មភាពនេះ ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីអោយរាជរដ្ឋាភិបាលកម្ពុជាបន្តស្នងនូវអណ្តាតភ្លើងនូវសេចក្តីស្រលាញ់ និងក្លាយទៅជាកម្ពុជាដែលមានសុខសន្តិភាពដ៏ភ្លឺត្រចះត្រចង់យ៉ាងយូរអង្វែងរហូតដល់អ្នកជំនាន់់ក្រោយ។
