ឧកញ្ញាបណ្ឌិត គីម ហ៊ាង
ខែឆ្នាំកំណើត ២៤ សីហា ១៩៨០
ទីកន្លែងកំណើត ខេត្តស្វាយរៀង
ចំណង់ចំណូលចិត្ត កីឡាបាល់ទាត់
សូមលោកឧកញ្ញា ជួយរៀបរាប់ប្រាប់អំពីប្រវត្តិរបស់លោកឧកញ្ញាបន្តិចផង
ខ្ញុំមានស្រុកកំណើតនៅភូមិបាវិតលើ ឃុំបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ធ្លាប់សិក្សានៅបឋមសិក្សាបាវិត រហូតដល់វិទ្យាល័យបាវិត ដោយបញ្ចប់ថ្នាក់វិទ្យាល័យនៅក្នុងឆ្នាំ១៩៩៨។ នៅអំឡុងពេលរៀននៅវិទ្យាល័យ ដោយសារម្តាយស្លាប់ គ្រួសារចាប់ផ្តើមលំបាក ខ្ញុំចេះរកលុយតាំងពីរៀនថ្នាក់វិទ្យាល័យមកម៉្លេះ។ នៅឆ្នាំ១៩៩៧ ចាប់ផ្តើមបង្រៀនភាសាអង់គ្លេសដើម្បីបានលុយទិញបាយហូប ដោយសារពេលនោះម្តាយស្លាប់ ឪពុកខូចចិត្ត ហើយបងប្អូនក៏នៅតូច។ ក្រោយប្រលងបាក់ឌុបចប់ ខ្ញុំបានមកទីក្រុងភ្នំពេញដើម្បីបន្តការសិក្សា តែពេលប្រលងចូលរៀនគឺ ធ្លាក់ទាំងអស់។ ទី១ ខ្ញុំចង់ក្លាយជាមេធាវី តែប្រលងច្បាប់ធ្លាក់ ទី២ ខ្ញុំចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស តែក៏ប្រលងធ្លាក់ ទី៣ ខ្ញុំចង់ក្លាយជាគ្រូប្រវត្តិវិទ្យា ពេលនោះមានបេក្ខជន៣៥នាក់ ហើយគេយកតែ២០នាក់ ក៏ខ្ញុំនៅតែប្រលងធ្លាក់ទៀត។ ខ្ញុំអត់មានលុយរៀនបន្តនៅសាលាឯកជនទេ ក្រោយមកបានក៏ដាក់ពាក្យសម្ភាសន៍ការងារជាប់ខាងផ្នែករត់តុ។ ខ្ញុំចូលធ្វើការម៉ោង៦ល្ងាច ចេញម៉ោង២យប់ នៅផាកវ៉េ។ ខ្ញុំធ្វើការរត់តុបានប្រហែល១ឆ្នាំ ស្នាក់នៅវត្តមហាមន្ត្រីបាន៦ឆ្នាំ និងរៀនភាសាអង់គ្លេសព្រះគម្ពីរបាន២ឆ្នាំ។ ក្រោយចេញមកពីស្រុកកំណើត ខ្ញុំត្រូវបានគេមើលមកថាមិនល្អដោយសារតែ មិនបានចូលរួមពិធីបុណ្យរបស់លោកតា និង ពិធីរៀបការរបស់បងប្អូនជីដូនមួយជាដើម តែមូលហេតុពិតគឺដោយសារតែ ការខ្វះខាតតែប៉ុណ្ណោះដែលធ្វើអោយខ្ញុំមិនអាចចូលរួមបាននោះ។ អញ្ចឹងហើយ ខ្ញុំបានស៊ូទ្រាំជំនះនឹងការលំបាកខ្លាំងណាស់នៅក្នុងទីក្រុងភ្នំពេញ។ ពេលបានមកដល់ភ្នំពេញហើយ ខ្ញុំបានលះបង់នូវភាពសប្បាយជាយុវវ័យ ដើម្បីតែខំប្រឹងរៀន និង រកចំណេះនិងលុយ។ ខ្ញុំមានពាក្យមួយឈ្លាថា៖ “ បាវិតដីស្អិត ចិត្តមិនចង់នៅ ភ្នំពេញឆ្ងាយផ្លូវ ទៅហើយមិនចង់មកវិញទេ “ មានន័យថា ពេលដែលលោកឧកញ្ញាចេញមកពីស្រុកំណើត មកដល់ភ្នំពេញហើយសច្ចាថា បើមិនល្បីមិនល្បាញ មិនជោគជ័យ មិនខ្លាំង មិនមានអ្វីអស្ចារ្យ គឺខ្ញុំមិនត្រលប់ទៅស្រុកវិញជាដាច់ខាត។ ៣០ឆ្នាំមកនេះ គឺខ្ញុំត្រលប់ទៅស្រុកកំណើតវិញ៣ដងតែប៉ុណ្ណោះ តែប្រហែលក្នុងឆ្នាំ២០២៦ ២៧ ប្រហែលអាចនឹងទៅស្រុកបានច្រើនវិញខ្លះ ដោយសារតែសព្វថ្ងៃនេះ ខ្ញុំអាចនិយាយបានថាមានកេរ្តិ៍ឈ្មោះល្បីល្បាញគួរសមហើយក្នុងសង្គម។
ហេតុអ្វីបានលោកឧកញ្ញា ជ្រើសរើសយកឧស្សាហកម្មអចលនទ្រព្យ?
វាគឺពិតជារឿងចៃដន្យមែនទែន ដោយសារតែពេលដែលខ្ញុំកំពុងតែរៀននៅថ្នាក់មហាវិទ្យាល័យគឺអាចប្រើប្រាស់ភាសាជប៉ុនបានច្រើន ហើយមានមិត្តភក្តិជាជនជាតិជប៉ុនដែលមានអាយុលើសខ្ញុំ៣០ឆ្នាំ។ ពេលដែលរៀនដំបូង ខ្ញុំចេះនិងចូលចិត្តនិយាយភាសាជប៉ុន ភាសាអង់គ្លេស និង ភាសាផ្សេងៗទៀត។ ខ្ញុំបានសុំយោបល់ពីមិត្តជប៉ុនថា តើខ្ញុំគួររៀនមហាវិទ្យាល័យអ្វីៗ មិត្តជប៉ុននោះក៏សួរមកវិញថា៖ តើចង់ធ្វើអ្វី? ខ្ញុំឆ្លើយវិញថា៖ ខ្ញុំចង់រកស៊ី។ មិត្តជប៉ុនបានឆ្លើយតបថា៖ បើចង់រកស៊ី គួររៀនផ្នែកទេសចរណ៍ ដូច្នេះហើយខ្ញុំក៏រៀនទេសចរណ៍តាមតាជប៉ុន។ ហើយនៅក្នុងឆ្នាំ២០០១ ខ្ញុំបានបើកក្រុមហ៊ុនមួយឈ្មោះ Phnom Penh Tour Service ហើយជំនួញនេះភាគច្រើនទាក់ទងនឹងភ្ញៀវបរទេស ដែលផ្តល់សេវាកម្មផ្នែក ជួលឡាន កក់ផ្ទះសំណាក់ ធ្វើវីសា ធ្វើលិខិតឆ្លងដែន ជួលឃ្លាំង ជួលការិយាល័យ ជួលផ្ទះ ជាដើម។ ជួលឡានម្តង បានចំណេញ២០ដុល្លា ធ្វើវីសាម្តងបាន៥ដុល្លា ជួលឃ្លាំងបាន១០០០ ជួលការិយាល័យបាន៥០០ ។ ដោយមើលឃើញពីការរកកម្រៃបានប្រសើរពីការជួលអាគារ ជួលផ្ទះ ជួលឃ្លាំង ជួលការិយាល័យ ខ្ញុំក៏សម្រេចចិត្តចូលប្រឡូកក្នុងវិស័យអចលនទ្រព្យពេញទំហឹងក្នុងឆ្នាំ២០០៤។ តាំងពីពេលនោះមក ខ្ញុំផ្តោតទៅលើតែការទិញលក់អចលនទ្រព្យដោយសារតែបានរកចំណូលច្រើនពីវា។
អស់រយៈពេល២៤ឆ្នាំ ក្រុមហ៊ុនរបស់លោកឧកញ្ញាបានប្រែក្លាយជា លំដាប់កំពូល១០ ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ តើលោកឧកញ្ញាមានអារម្មណ៍បែបណា បើក្រលេកទៅមើលខាងក្រោយរយៈពេល២៤ឆ្នាំមុននោះ?
វាពិតជាព្រេងសំណាង ហើយក៏ជារឿងដែលនឹកស្មានមិនដល់ ធម្មតាបើនិយាយពីរឿងប្តីប្រពន្ធខ្ញុំគឺមិនមែនជាមនុស្សពូកែនោះទេ ហើយប្រពន្ធខ្ញុំជាកូនអ្នកក្រ ខ្ញុំក៏កូនអ្នកក្រ ដល់ពេលយើងរកលុយបាន យើងអត់ចេះហ៊ឺហារអីទេ មិនសំភារះនិយម ហាយសូនោះទេ បានលុយមកទិញដីៗ រហូតមកដល់ឥលូវក៏នៅតែទិញដី។ ហើយអត់មានអីទេ គឺមានដោយសារតែដីហ្នឹង បានលុយមក៥០០០ សួរប្រពន្ធថាគួរទិញអ្វី? ប្រពន្ធថា៖ទិញដី។ បានលុយមក ២០០០០មក ក៏ទិញដី។ និយាយរួមទៅអោយតែរកលុយបាន គឺគិតតែទិញដី ហើយខ្ញុំផ្ទាល់ក៏អត់ដឹងថាវាអាចចំនេញដែរ។ តែដល់ពេលឥលូវទើបដឹងថា អ្វីដែលខ្ញុំមានរហូតមកដល់សព្វថ្ងៃ ៩៩%បានមកពីការទិញដី។ បើនិយាយពីថាពូកែ ខ្ញុំដូចជាមិនពូកែទេ តែខ្ញុំមិនចេះហ៊ឺហារទេ មិនចេះហូបអ្វីផ្តេសផ្តាស ១ថ្ងៃហូបបាយ ៣ដង ព្រឹកថ្ងៃល្ងាច ហើយខ្ញុំអត់ចេះដើរលេងទេ គឺគិតតែមានលុយទិញដីៗ ដូចជាព្រហ្មលិខិតអញ្ចឹងថាត្រូវកំណត់អោយខ្ញុំមានបានដោយសារតែដី។
តើអ្វីដែលធ្វើអោយក្រុមហ៊ុនអចលនទ្រព្យរបស់លោកឧកញ្ញា មានភាពខុសប្លែកពីក្រុមហ៊ុនអចលនទ្រព្យដទៃទៀត?
អ្វីដែលខុសប្លែកគឺថា របៀបដែលខ្ញុំរកស៊ីគឺខ្ញុំរកស៊ីទៀងត្រង់ ។ ក្នុងរយះពេលប្រហែល៣០ឆ្នាំ ខ្ញុំអាចនិយាយបានថាខ្ញុំលក់ដីបានប្រហែល៥០០លានដុល្លារ ខ្ញុំមិនដែលចង់ស៊ីលុយកឹបកេងគេទេ ខ្ញុំយកតែសេវាកម្មខ្ញុំទេ។ បើខ្ញុំលក់បាន ១០មឺន ខ្ញុំយក ៣០០០ បើលក់បាន១លាន គឺខ្ញុំយក ៣មឺន ហើយខ្ញុំមិនយកក្រោមឬយកលើសហ្នឹងទេ។ ដល់ពេលភ្ញៀវជប៉ុន ភ្ញៀវចិន ភ្ញៀវតៃវ៉ាន់ ភ្ញៀវសាំងហ្កាពួរ គេស្គាល់ គេដឹងថាទិញតាមខ្ញុំ គឺគេងាយស្រួលទិញតែម្តង។ ហើយភ្ញៀវខ្លះដែលទុកចិត្តខ្ញុំ គឺផ្ញើលុយទាំងម៉ឺនៗ ទាំងលានៗមកទិញដីអោយ ហើយក្នុងរយៈពេលជាង២៥ឆ្នាំ គឺមិនដែលមានបញ្ហាអ្វីនោះទេ។ ខ្ញុំនិយាយយ៉ាងម៉េចគឺខ្ញុំធ្វើអញ្ចឹង ត្រង់ទៅត្រង់មក។ ហើយភ្ញៀវភាគច្រើនដែលរកស៊ីជាមួយខ្ញុំគឺជប៉ុន និងតៃវ៉ាន់ ដោយសារតែខ្ញុំគឺមានភាពច្បាស់លាស់។

តើអាចប្រាប់ពីយុទ្ធសាស្រ្តសំខាន់ក្នុងការធ្វើជំនួញបានដែរទេ?
ដោយសារតែខ្ញុំទៅបរទេស និង ដើរជុំវិញប្រទេសខ្មែរច្រើន ខ្ញុំយល់ពីយុទ្ធសាស្រ្ត E marketing ហើយចាប់ផ្តើមប្រើវាតាំងពីជាង២០ឆ្នាំមុនមកម៉្លេះ តាំងពីអ៊ីនធឺណេត មិនដឹងថានៅឯណាផង គឺខ្ញុំចេះធ្វើ E marketing ទៅហើយ ហើយខ្ញុំពូកែខាងទំនាក់ទំនង និងខាងលក់ខ្លាំង របស់អ្វីក៏ដោយ អោយតែខ្ញុំចង់លក់គឺត្រូវតែលក់ដាច់ហើយ។ ហើយអ្វីដែលអាចអោយយើងដើរលឿនជាងគេគឺការចេះបច្ចេកវិទ្យា និងជំនាញលក់។ ដីអន់យ៉ាងណាក៏ដោយ បើអោយខ្ញុំលក់ គឺខ្ញុំអាចលក់បាន។ ផ្ទះប្រភេទណាក៏ដោយ ក៏ខ្ញុំអាចលក់បានដែរ។ ចង់លក់ផ្ទះមួយ គឹខ្ញុំអាចលក់បាន ដឹងថានៅតំបន់ហ្នឹង មនុស្សប្រភេទណាចង់ទិញ គឺដឹងពីតម្រូវការអតិថិជន។ យើងពូកែដោយសារចេះបច្ចេកវិទ្យា ចេះប្រើ E Marketing និង ស្គាល់ច្បាស់លាស់ពីប្រភេទអ្នកទិញ និងរបស់។ ខ្ញុំជាអ្នករៀន អញ្ចឹងគឺយកចំណេះដែលខំរៀនសូត្រហ្នឹងទៅរកស៊ី មិនមែនផ្សងព្រេងទេ។ ខ្ញុំយល់ដឹងពីរបៀបលក់ របៀបធ្វើទីផ្សារ របៀបរកភ្ញៀវ របៀបគ្រប់គ្រងមនុស្ស របៀបគ្រប់គ្រងលុយ របៀបប្រើប្រាស់លុយគឺខ្ញុំច្បាស់អាហ្នឹង អញ្ចឹងហើយគឺមិនដែលមានកំហុសទេក្នុងរយៈពេល២៥ឆ្នាំនេះ។
ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យ តើលោកឧកញ្ញាមានចំណាប់អារម្មណ៍តំបន់ផ្សេងទៀត ក្រៅពីរាជធានីភ្នំពេញដែរទេ?
កាលពីឆ្នាំ២០២២ គឺមានគំរោងសាងសង់បុរីនៅខេត្តសៀមរាប តែដោយសារតែមានបញ្ហាមួយចំនួន ខ្ញុំក៏ផ្អាកគំរោងហ្នឹងទៅ។ រួចហើយក្រៅពីភ្នំពេញ ខ្ញុំបានសាងសង់ផ្ទះ នៅខាងខេត្តកណ្តាលចំនួន៣០០ខ្នង ហើយក៏មានគំរោងអភិវឌ្ឍនៅស្រុកកំណើតដែរគឺនៅខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៦។ កាលពី៣០ឆ្នាំមុន មុនខ្ញុំមកភ្នំពេញខ្ញុំគិតថា ស្វាយរៀងគឺតូចណាស់សម្រាប់ក្តីសុបិន្តរបស់ខ្ញុំ ហើយខ្ញុំបានសន្យាថាប្រសិនបើខ្ញុំមិនជោគជ័យទេ គឺមិនត្រលប់ទៅស្រុកកំណើតវិញជាដាច់ខាត។ អញ្ចឹងហើយ ជិត៣០ឆ្នាំមកនេះ ខ្ញុំមានបាន ហើយជោគជ័យ ខ្ញុំចង់ត្រលប់ទៅអភិវឌ្ឍន៍ស្រុកកំណើតខ្ញុំវិញ ហើយការដែលចង់ទៅអភិវឌ្ឍន៍នៅស្រុកកំណើតវិញនេះ គឺមិនមែនចង់បានប្រាក់ចំនេញអ្វីដែរ ក៏ប៉ុន្តែនៅពេលដែលមានលុយគឺចង់ធ្វើអ្វីដែលជាកិត្តិយស កេរ្តិ៍ឈ្មោះដល់កេរ្តិ៍ដូនតា។
ក្នុងអំឡុងពេលកូវីត វិស័យអចលនទ្រព្យកម្ពុជា បានជួបប្រទះនូវបញ្ហាមួយចំនួន។ តើក្រុមហ៊ុនរបស់លោកឧកញ្ញា បានជួបប្រទះដូចក្រុមហ៊ុនអចលនទ្រព្យដទៃដែរឬទេ? ប្រសិនបើជួប តើបានដោះស្រាយបញ្ហាដោយរបៀបណាដែរ?
បើមែនទែនទៅ គឺយើងជួបដូចតែគ្នាទេ ក៏ប៉ុន្តែទី១ គឺខ្ញុំអត់សូវជំពាក់លុយធនាគារច្រើនទេ ដូច្នេះវាអត់សូវពិបាកទេ។ ទី២គឺខ្ញុំមានម៉ូយច្រើនស្រាប់ ហើយនៅតែលក់បានធម្មតា និយាយមែនទែនទៅនៅអំឡុងពេលកូវីដគឺរកលុយបានច្រើន។ ទី៣ ខ្ញុំពូកែសន្សំសំចៃ និង កាត់បន្ថយការចំណាយ។ រយៈពេល៥ឆ្នាំ តាំងពីឆ្នាំ២០២០ ដល់២០២៥ ខ្ញុំមិនដែលចំណាយលើការទិញរបស់របរលើសពី២០០០ដុល្លារទេ ហើយប្រពន្ធខ្ញុំទៀតគឺដូចគ្នា មិនចេះចំណាយលុយលើសំភារៈផ្តេសផ្តាសទេ ពួកយើងគឺពូកែសន្សំ ពូកែវិនិយោគ ហើយប្រើប្រាស់លុយត្រូវ។ គំរោង១ ប្រើលុយ១ គំរោង២ ប្រើលុយ២ យើងមិនចាយលុយផ្តេសផ្តាសទេ។ ហើយការធ្វើបែបអញ្ចឹង វាធ្វើអោយហិរញ្ញវត្ថុយើងមានលំនឹង។
តើលោកឧកញ្ញាមាននូវទស្សនវិស័យបែបណាដែរចំពោះវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជានាពេលអនាគត?
ខ្ញុំមើលឃើញថាវិស័យអចលនទ្រព្យនៅប្រទេសយើងគឺនៅដំណើរការទៅមុខជាប្រចាំ គ្រាន់តែថាចាប់ពីឆ្នាំ២០២២ដល់២០២៥ វាពិបាក ប៉ុន្តែពិបាកហ្នឹងគឺមានន័យថា ដើមឈើដែលខ្ពស់ នៅពេលខ្យល់មកដល់ គឺស្លឹកឈើដែលស្អុយ អន់តែងតែជ្រុះ អញ្ចឹងហើយស្លឹកឈើណាដែលខ្លាំងតែងតែនៅជាប់ដដែល។ អញ្ចឹងហើយរយៈពេល៥ឆ្នាំនេះ វាធ្វើអោយមនុស្សដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គឺមិនអាចបន្តបាននោះទេ ធម្មតាការរកស៊ីទាល់តែយើងចេះ យើងមានលុយ។ សម្រាប់ខ្ញុំ បើខ្ញុំចង់ធ្វើ ខុនដូ ១ឆ្នាំ១ពាន់ផ្ទះគឺខ្ញុំអាចលក់បាន អត់មានអីពិបាកទេ សំខាន់យើងធ្វើដើម្បីលក់អោយនរណា? គឺលក់អោយអ្នកដែលមានលុយហើយចង់ទិញ។ អញ្ចឹងសម្រាប់ខ្ញុំ ភ្នំពេញដែលមានមនុស្សជាង១០ម៉ឺននាក់ចូលរស់នៅ អញ្ចឹងហើយតម្រូវការខាងអចលនទ្រព្យនេះច្រើនណាស់ ហើយបើសិនជាខ្ញុំធ្វើ ភាគច្រើនខ្ញុំលក់អោយតែខ្មែរទេ។ ចំពោះអ្នកផ្សេងគឺខ្ញុំមិនដឹងទេ តែសម្រាប់ខ្ញុំ ខ្ញុំគិតថាដីធ្លីក្នុងក្រុងភ្នំពេញ ៣០ ទៅ ៤០ឆ្នាំទៀតនៅតែមានទីផ្សារនិងអាចរកលុយបានអញ្ចឹងពីព្រោះខ្ញុំច្បាស់លាស់ផ្នែកទីផ្សារ។
ខ្ញុំបានដឹងថា លោកឧកញ្ញ្ញាកំពុងរៀបចំផែនការ IPO ចូលទៅផ្សារហ៊ុនកម្ពុជា។ ខ្ញុំគិតថា មនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាដែលស្ទាក់ស្ទើរនឹងការលក់ភាគហ៊ុនទៅឱ្យមនុស្សដែលមានចំនួនច្រើននិងមិនជាក់លាក់។ តើលោកឧកញ្ញាអត់មានគិតបែបនេះដែរឬទេ?
ខុសពីអ្នកដទៃ ចំពោះខ្ញុំ គឺខ្ញុំមើលឃើញថាវាគឺជាឳកាស។ ខ្ញុំធ្លាប់និយាយជាមួយអ្នកមានទ្រព្យធនចាស់ៗថា ប្រសិនបើវាមិនលំបាកទេ កូនអ្នកក្រខ្សត់ដូចខ្ញុំមិនមានឳកាសក្លាយជាអ្នកមានទេ ហើយយើងក៏ត្រូវចាំដែរ បើសិនជាអត់លំបាកទេ កូនអ្នកក្រមិនមានឳកាសក្លាយជាអ្នកមានដែរ។ ខ្ញុំគិតថាការលក់ហ៊ុន១០% ចូលទីផ្សារហ៊ុនគឺលំបាក តែខ្ញុំគឺមានមនុស្សស្គាល់ខ្ញុំប្រហែល៥លាននាក់ក្នុងប្រទេសកម្ពុជា ហើយ១០លាន ខ្ញុំទាក់ទងតែមនុស្សតែ៥នាក់ គឺអាចរកបាន៣ ទៅ ៥លាន ហើយនៅសល់ពីហ្នឹង គឺដាក់លក់អោយប្រជាជនទូទៅធម្មតា។ រយៈពេល២៥ឆ្នាំក្នុងមុខរបរអចលនទ្រព្យនេះគឺខ្ញុំមិនដែលមានបញ្ហាទេ។ រឿងដី រឿងលុយ គឺខ្ញុំមិនដែលមានបញ្ហាទេ ហើយជាមួយធនាគារគឺខ្ញុំ Clear Clean និងក្រេឌីតល្អ ១០០%។ ហើយប្រជាជនកម្ពុជាគឺស្គាល់ខ្ញុំថាជាអ្នករកស៊ីសុទ្ធតែម្តង អញ្ចឹងពួកគាត់នឹងវិនិយោគ។ ធម្មតាដើម្បីចូលក្នុងទីផ្សារហ៊ុនបាន ដាច់ខាតត្រូវ Clear Clean ហើយប្រវត្តិខ្ញុំ ក្រុមហ៊ុនខ្ញុំ និង ឯកសារសំបុត្រស្នាមរបស់ខ្ញុំគឺ Clear និង Clean។ វាមិនមែនជារឿងងាយស្រួលទេ ក៏ប៉ុន្តែអាចទៅរួចហើយនិងមានការគាំទ្រ។

វាក៏មានគុណវិបត្តិក្នុងការចុះបញ្ជីផងដែរ ដូចជាត្រូវបង្ហាញព័ត៌មាន IR ប៉ុន្តែតើលោកឧកញ្ញាគិតថាគុណសម្បត្តិមានលើសពីគុណវិបត្តិទេ? សូមប្រាប់យើងឱ្យដឹងថាតើមានអត្ថប្រយោជន៍ណាមួយដែលលោកឧកញ្ញាឃើញក្រៅពីរឿងប្រាក់ដែលនឹងវិនិយោគបានក្នុងផ្សារហ៊ុន។
ប្រសិនបើយើងចង់ធ្វើគំរោងមួយ បានលុយ៥០ ៦០លានហើយចូលនិវត្តន៍ នោះធ្វើតែគំរោងតែមួយក៏បាន ក៏ប៉ុន្តែខ្ញុំមិនមែនចង់ធ្វើតែប៉ុណ្ណឹងទេ ខ្ញុំមានគោលបំណងចង់ធ្វើដូចជាក្រុមហ៊ុន Vinfast នៅប្រទេសវៀតណាមអញ្ចឹង។ សម្រាប់ខ្ញុំបើខ្ញុំធ្វើតែឯង ចំនេញបាន ៤០ ៥០ លានដុល្លា ចប់ហើយខ្ញុំចូលនិវត្តន៍ តែនេះមិនមែនទេ ខ្ញុំឡើងផ្សារហ៊ុនគឺខ្ញុំចង់ធ្វើរឿងបែបនេះអោយបានច្រើន ១០ ទៅ ៥០ កន្លែង។ គំរោងរបស់ខ្ញុំគឺចង់បើកធនាគារ បើកសណ្ឋាគារ បើកជាតំបន់សេដ្ឋកិច្ចពិសេស ហើយការឡើងផ្សារហ៊ុនគឺអាចទាក់ទាញអ្នកវិនិយោគទុកច្រើន ដែលអាចធ្វើអោយខ្ញុំពង្រីកនូវអាជីវកម្មរបស់ខ្ញុំបានច្រើន ហើយឆន្ទះរបស់ខ្ញុំគឺអាចធ្វើការជាលក្ខណៈអន្តរជាតិ ដូចនៅក្នុង Board Director អញ្ចឹងគឺមានជនជាតិជប៉ុន និងតៃវ៉ាន់ ហើយខ្ញុំធ្លាប់ទិញក្រុមហ៊ុនអាមេរិក។ ក្រៅពីការទទួលបានប្រាក់វិនិយោគក្នុងទីផ្សារភាគហ៊ុន ខ្ញុំក៏ទទួលបានការស្គាល់ពីមនុស្សកាន់តែច្រើន ហើយនិងមានកិត្តិយសនិងកិត្តិនាមកាន់តែល្បីល្បាញជាងមុនថែមទៀត។
ឃើញមានជនជាតិជប៉ុនម្នាក់នៅក្នុងក្រុមហ៊ុន តើអាចប្រាប់បានទេថាគាត់ជានរណាដែរនិងឋានៈអ្វីដែរនៅក្នុងក្រុមហ៊ុន។
មែនទែនទៅគាត់ស្រលាញ់រាប់អានខ្ញុំ ហើយកាលពីមុនគាត់គឺជា Deputy GM របស់ធនាគារ J Trust Bank ។ ខ្ញុំចេះនិយាយជប៉ុនខ្លះៗ ហើយបាននិយាយជាមួយគាត់ និងស្នើគាត់ គាត់ក៏យល់ព្រមធ្វើជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដោយស្ម័ក្រចិត្ត ដោយសារតែគាត់បានមើលឃើញនិងយល់ពីទស្សនវិស័យរបស់ខ្ញុំ។ ខ្ញុំអត់មានលុយជួលគាត់ទេ គាត់ស្ម័គ្រចិត្តហើយនិងស្រលាញ់រាប់អានខ្ញុំ ហើយគាត់គិតថា ប្រសិនបើខ្ញុំជោគជ័យ មនុស្សជាច្រើនទៀតនឹងជោគជ័យដែរ។
តើលោកឧកញ្ញាគិតថាអ្វីដែលជាមូលហេតុនាំអោយលោកឧកញ្ញាទទួលបានភាពជោគជ័យ?
ការដែលធ្វើអោយខ្ញុំជោគជ័យ គឺ អត្តចរិក និង ក្រុមគ្រួសារ។ ខ្ញុំជាមនុស្សមួយដែលមានអត្តចរិកមុះមុត ធ្វើអ្វីគឺច្បាស់ មិនចេះប្រឡំ។ និយាយលេងសើចចុះ តាំងពីក្មេងខ្ញុំមិនដែលចេះមានសង្សារនិងចំណាយពេលទៅលើរឿងហ្នឹងនោះទេ ។ ខ្ញុំគិតខំតែរៀន និង រកលុយ ហើយបើនិយាយពីរឿងស្រី ល្បែងស៊ីសង និង ស្រា ខ្ញុំមិនចេះទេ។ ហើយដល់ពេលមានគ្រួសារទៀត គឺដូចគ្នា ប្រពន្ធខ្ញុំជាមនុស្សមិនចេះហ៊ឺហារ មិនចេះទិញខោអាវសំភារៈថ្លៃៗនោះទេ គឺបានលុយមកចេះតែសន្សំនិងទិញដី។ តាមពិតគ្រួសារប្រពន្ធខ្ញុំនិងគ្រួសារខ្ញុំមិនមែនជាអ្នកមាននោះទេ ក៏ប៉ុន្តែក្រោយរៀបការរួចគឺខាងឪពុកម្តាយក្មេកបានចែកផ្ទះអោយខ្ញុំមួយ ហើយខ្ញុំបានលក់ផ្ទះហ្នឹងធ្វើជាដើមទុនក្នុងវិស័យអចលនទ្រព្យ។ អញ្ចឹងហើយ អត្តចរិក និងការជួយជ្រោមជ្រែងពីគ្រួសារពិតជាសំខាន់ក្នុងការជម្រុញអោយខ្ញុំបានទទួលជោគជ័យ។
តើលោកឧកញ្ញាគិតថាអ្វីដែលជារឿងសំខាន់សម្រាប់ចែករំលែកចំពោះក្មេងៗជំនាន់ក្រោយដែលចង់សាកល្បងលើមុខជំនួញ ដើម្បីបានទទួលភាពជោគជ័យដូចលោកឧកញ្ញា?
ខ្ញុំប្រើពាក្យមួយ កូនក្មេងពីម្សិលមិញ គឺជាមនុស្សពេញវ័យនៅថ្ងៃនេះ ហើយជាមនុស្សចាស់នៅថ្ងៃស្អែក។ កាលពី២០ឆ្នាំមុន ខ្ញុំសេពគប់តែជាមួយមនុស្សដែលសចាស់ជាងខ្លួនប្រហែល៣០ឆ្នាំ ហើយឥលូវពួកគាត់ខ្លះក៏ស្លាប់ អ្នកខ្លះក៏ចូលនិវត្តន៍ មួយចំនួនទៀតគឺនៅរកស៊ីធម្មតា។ អញ្ចឹងបើចង់ជោគជ័យ នៅក្នុងសម័យនេះ ខ្ញុំអោយយោបល់ដល់ក្មេងៗថា ត្រូវខំប្រឹងរៀនសូត្រ ហើយភាសាបរទេសយ៉ាងតិចក៏អាចប្រើបាន២ភាសាទៀតដែរក្រៅពីភាសាខ្មែរ គឹភាសាអង់គ្លេស និងមួយទៀតគឺភាសា ចិនក៏ដោយ ជប៉ុនក៏ដោយ ថៃ វៀតណាម បារាំងជាដើម។ និយាយជារួម ស្តង់ដារត្រូវរៀន៣ភាសា ហើយបើចង់ជោគជ័យខាងអចលនទ្រព្យ គឺត្រូវចេះពូកែខាងលក់ និង ភាសាបរទេស។ មួយទៀត ប្រសិនបើនៅក្មេង កំពុងត្រៀមចូលសង្គមប្រឡូកវិស័យការងារ គួរស្វែងរកក្រុមហ៊ុនណាដែលល្អ ដើម្បីជោគជ័យទៅថ្ងៃក្រោយ។

>> តាមរយៈការធ្វើបទសម្ភាសន៍នេះ ខ្ញុំពិតជាមានចិត្តសប្បាយរីករាយមែនទែនក្រោយពីបានស្តាប់នូវប្រសាសន៍ដ៏ក្បោះក្បាយរបស់លោកឧកញ្ញា ក៏ដូចជាខ្សែជីវិតដែលឆ្លងកាត់រឿងរ៉ាវលំបាកជាច្រើនរបស់លោកឧកញ្ញារហូតទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ។ និយាយមែនទែនទៅ មុនពេលសម្ភាសន៍ ការគិតស្រមើស្រម៉ៃរបស់ខ្ញុំមុននិងក្រោយការសម្ភាសន៍នេះគឺខុសស្រលះ លោកឧកញ្ញាដូចជាកាច ប្រសិនបើមើលទៅតាមទឹកមុខ ក៏ប៉ុន្តែផ្ទុយទៅវិញលោកឧកញ្ញាជាមនុស្សម្នាក់ដែលរួសរាយរាក់ទាក់ជាខ្លាំង ហើយលោកឧកញ្ញាជាមនុស្សមិនប្រកាន់់វណ្ណៈ និង ជាមនុស្សម្នាក់ដែលសាមញ្ញាមែនទែន ដែលនេះហើយអាចនាំអោយបរិយាកាសនៃការធ្វើបទសម្ភាសន៍មួយនេះប្រកបដោយភាពល្អប្រសើរបាន។ ឆ្លងកាត់តាមរយៈការអាននូវអត្ថបទសម្ភាសន៍មួយនេះ សង្ឃឹមថាអ្នកទាំងអស់គឺគួរតែអាចរៀនសូត្របាននូវចំនុចល្អៗជាច្រើន ទាំងការលំបាក ការតស៊ូ និង ភាពជោគជ័យ ហើយយកជាគម្រូនិងអនុវត្តក្នុងជីវិតប្រចាំថ្ងៃដើម្បីទទួលបាននូវលទ្ធផលល្អទៅថ្ងៃខាងមុខ។