ជាដំបូងសូមរៀបរាប់ពីអង្គការចាធីក ( JATIC )
អង្គការសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិនៃបច្ចេកវិទ្យាឈានមុខរបស់ប្រទេសជប៉ុន ( ហៅកាត់ថាអង្គការចាធីក JATIC ) គឺជាមូលនិធិបង្កើតថ្មីមួយ ដោយផ្តោតសំខាន់លើកិច្ចសម្របសម្រួលនៃដំណើរការចូលទីផ្សារប្រកបដោយរចនាសម្ព័ន្ធត្រឹមត្រូវ និងប្រសិទ្ធភាពសម្រាប់សហគ្រាសនៃប្រទេសជប៉ុននិងប្រទេសកម្ពុជា។ ខណៈពេលដែលក្រុមហ៊ុនធំៗ មានធនធានហិរញ្ញវត្ថុ និងធនធានមនុស្សជាច្រើន សមត្ថភាពស្រាវជ្រាវនិងបណ្តាញដ៏ទូលំទូលាយ ងាកមកមើលសហគ្រាសធុនតូច និងមធ្យមវិញគឺ មានការខ្វះធនធាន ហើយអាចប្រឈមមុខនឹងហានិភ័យ អាជីវកម្មសំខាន់ៗដូចខាងក្រោមពីដំណាក់កាលដំបូងនៃការពង្រីកអាជីវកម្មរបស់ខ្លួន។
១. ការទទួលបាននូវព័ត៌មានទីផ្សារសំខាន់ៗនៅមានកម្រិត
២. កង្វះទំនុកចិត្តពីដៃគូក្នុងស្រុក
៣. ការគាំទ្រមិនបានគ្រប់គ្រាន់ពីស្ថាប័នរដ្ឋ
លើសពីនេះ ដោយសារកង្វះព័ត៌មាន ក្រុមហ៊ុននិងអ្នកគ្រប់គ្រងខ្លះរងគ្រោះដោយអយុត្តិធម៌ក្នងករណីមួយចំនួន។ ដូច្នេះហើយអង្គការចាធីកគឺបាននឹងកំពុងតែចាត់វិធានការជាក់លាក់ខាងក្រោម ដើម្បីផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់សហគ្រាសធុនតូច និង មធ្យម ( SMEs ) ក្នងការពង្រីកអាជីវកម្មរបស់ពួកគេនៅបរទេស។ ការផ្តួចផ្តើមរបស់យើងរួមមានៈ
១. ផ្តល់ព័ត៌មានផ្អែកលើកិច្ចប្រឹងប្រែងកសាងទំនុកចិត្តជាមួយអាជ្ញាធរក្នុងតំបន់ និងក្រុមហ៊ុនក្នុងស្រុក
២. បង្កើតឪកាសចាប់ដៃគូដើម្បីភ្ជាប់ទំនាក់ទំនងសហគ្រាសកម្ពុជា និង ជប៉ុន
៣. ផ្តល់ការគាំទ្រពិតប្រាកដ និង ជាក់ស្តែងដើម្បីធានាទំនុកចិត្ត និង សុវត្ថិភាពសម្រាប់ប្រតិបត្តិការក្នុងតំបន់នៅក្នុងដំណាក់កាលដំបូង។ តាមរយៈការគាំទ្របែបនេះ បេសកកម្មរបស់អង្គការចាធីក គឺដើម្បីភ្ជាប់បច្ចេកវិទ្យា និងតម្រូវការនៅក្នុងប្រទេសជប៉ុន និងប្រទេសកម្ពុជា ហើយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ។
កត្តាអ្វីខ្លះនាំឲ្យកើតមានទស្សនៈកិច្ចរបស់គណៈប្រតិភូ
វាគឺជាដំណើររឿងដ៏វែងឆ្ងាយមួយ។ ប្រសិនបើនិយាយពីដំណើរទស្សនៈកិច្ចនេះគឺត្រូវងាកត្រឡប់ទៅមើលនៅពេលដែលខ្ញុំមានជំនួបជាមួយលោក កុងស៊ុលកិត្តិយស សុឺសុឺមឺ ថៃ ( Susumu Tai ) ជាកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំក្រុងសេនដៃ ( Sendai )។ នៅពេលនោះ ខ្ញុំកំពុងធ្វើការជាអ្នកប្រឹក្សាផ្នែកជំនួយការពង្រីកអាជីវកម្មនៅក្រៅប្រទេសក្នុងតំបន់អាសុីអាគ្នេយ៍ ហើយខ្ញុំបានទៅទស្សនៈកិច្ចនៅ អង្គការ JICA និង JETRO និងប្រឹក្សាជាមួយកុងស៊ុលនានាក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាងនេះក្តី ខ្ញុំបានមានអារម្មណ៍តានតឹង ព្រោះខ្ញុំមិនបានទទួលការគាំទ្រណាមួយពីស្ថាប័នសាធារណៈនោះទេ។ ក្នុងស្ថានភាពបែបនេះខ្ញុំធ្លាប់បានបញ្ចេញមតិដោយត្រង់ទៅលោក កុងស៊ុលកិត្តិយស ថៃ ( Tai ) ថា៖ ” ការងារត្រូវបានជាប់គាំងដោយសារវិស័យសាធារណៈមិនអាចផ្តល់ការគាំទ្រដែលត្រូវនឹងល្បឿននៃវិស័យឯកជនទេ”។ លោកកុងស៊ុល ថៃ ( Tai ) បានសើចចំពោះមតិរបស់ខ្ញុំ ហើយយកពាក្យសម្តីរបស់ខ្ញុំមកពិចារណា។ ជំនួបនេះបាននាំអោយមានការកសាងទំនាក់ទំនងនៃការជឿទុកចិត្តជាមួយលោក កុងស៊ុលកិត្តិយស ថៃ ( Tai ) ហើយយើងក៏បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការដែលកំពុងបន្តដល់សព្វថ្ងៃ។ ក្នុងខែមករា បន្ទាប់ពីលោកកុងស៊ុលកិត្តិយស ថៃ ( Tai ) ត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានបង្ហាញនូវមហិច្ឆិតាថ្មីដើម្បីផ្តល់ការគាំទ្រយ៉ាងសកម្មដល់ ក្រុមហ៊ុនជប៉ុននិងកម្ពុជា ដោយទទួលស្គាល់ថាវិស័យថាមពលជាបញ្ហាប្រឈមមួយសម្រាប់កម្ពុជា ខ្ញុំបានសហការណ៍ជាមួយលេខារបស់គាត់គឺលោកស្រី សុីប៊ុអិ សណ្តាប់ ( Shibui Sondab ) និង ឯកឧត្តម ព្រូ សៅនី ( Prou Saony ) ទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល ដើម្បីរៀបចំកិច្ចប្រជុំជាមួយឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល។ ឯកឧត្តមអនុរដ្ឋលេខាធិការបានចង្អុលបង្ហាញពីបញ្ហាប្រឈមថា៖ ” សំណើពីក្រុមហ៊ុនជប៉ុនដ៏ធំមួយដែលមានភាពទាក់ទាញ ក៏ប៉ុន្តែត្រូវការពេលវេលាច្រើនពេក”។ ដើម្បីឆ្លើយតបទៅនឹងចំនុចនេះ យើងបានស្នើគម្រោងរហ័ស និងអាចសម្រេចបាន ដោយផ្តោត លើបច្ចេកវិទ្យានវានុវត្តន៍របស់សហគ្រាសធន់តូច និងមធ្យមរបស់ជប៉ុន បើទោះបីជាទំហំនៃសំណើនេះមានទំហំតូចជាងក្រុមហ៊ុនធំក៏ដោយ។ បន្ទាប់មកឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ “ខ្ញុំនឹងទៅប្រទេសជប៉ុនដើម្បីមើលបច្ចេកវិទ្យារបស់ក្រុមហ៊ុនខ្នាតតូចនិងមធ្យមនោះដោយផ្ទាល់”។ ជំនួបលើកនេះគឺជាកម្លាំងជំរុញមួយក្នងការធ្វើឲ្យដំណើរទស្សនកិច្ចលើកនេះប្រព្រឹត្តទៅបាន។ បន្ទាប់មកទៀតឯកឧត្តមអនុរដ្ឋលេខាធិការមិនអាចចូលរួមជំនួបផ្សេងៗទៀតបាននោះទេ ដោយសារតែកាលវិភាគមិនអាចរៀបចំត្រូវគ្នា ក៏ប៉ុន្តែសហការីដែលគួរអោយទុកចិត្ត ដ៏ឆ្នើមមួយរូបបានចូលរួមជំនួសឯកឧត្តមអនុរដ្ឋលេខាធិការ។ ប្រសិនបើគ្មានការខិតខំប្រឹងប្រែងពីលោកស្រី សុីប៊ុអិ សណ្តាប់ ( Shibui Sondab ) លេខាធិការឯកឧត្តម សុឹសុឹមឹ ថៃ និង លោក រៀម ជីវិត ( Riem Chivit ) លេខាធិការឯកឧត្តម សុឹសុឹមឹ ថៃ ( Susumu Tai ) នោះទេ ដំណើរទស្សនកិច្ចលើកនេះនឹងមិនទទួលបានជោគជ័យឡើយ។ ខ្ញុំសូមឆ្លៀតឳកាសនេះដើម្បីថ្លែងអំណរគុណដល់អ្នកទាំងពីរ។
សូមរៀបរាប់ពីចំណាប់អារម្មណ៍របស់អ្នកចំពោះឯកឧត្តម ម៉ៅ ហាវណ្ណាល់
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ គឺជារដ្ឋមន្ត្រីតែមួយរូបគត់ដែលបានកាន់តំណែងតាំងពីអាណត្តិអតីតនាយករដ្ឋមន្ត្រីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយខ្ញុំគិតថាវត្តមានរបស់ឯកឧត្តមគឺពិតជាមានភាពសាកសមបំផុតក្នុងការធ្វើជាចំនុចសំខាន់នៃទំនាក់ទំនងសម្រាប់គោលនយោបាយការបរទេសរបស់ប្រទេស ជប៉ុននិងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ខ្ញុំក៏មានការភ្ញាក់ផ្អើលដែលបានជួបឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូគឺមានវ័យក្មេង មានសមត្ថភាព និង រួសរាយរាក់ទាក់។ រឿងនេះធ្វើអោយខ្ញុំដឹងថាខ្លួនខ្ញុំនៅមានចំនុចខ្វះខាតក្នុងការមិនដឹងពីមន្ត្រីរាជរដ្ឋាភិបាលម្ពុជា។ របៀបវីរៈមួយក្នុងដំណើរទស្សនកិច្ចនោះគឺជា ពិធីទទួលស្វាគមន៍ដែលប្រារព្ធធ្វើនៅថ្ងៃទី២៥។ ក្នុងឳកាសនោះ ឯកឧត្តម ព្រូ សុីថន ទីប្រឹក្សានិងជាមេធាវី និង ឯកឧត្តម ប៊ុន សុវណ្ណ ទីប្រឹក្សានិងជាមេធាវី បានធ្វើបទបង្ហាញស្តីពីការវិនិយោគនៅកម្ពុជាហើយក្រុមហ៊ុនជប៉ុនដែលចូលរួមក៏បានណែនាំអំពីអាជីវកម្មរបស់ពួកគេផងដែរ។ នៅពេលនោះ ភាគីកម្ពុជាបានស្តាប់ដោយយកចិត្តទុកដាក់បំផុត និងមានការពិភាក្សាផងដែរ។ សកម្មភាពចូលរួមយ៉ាងស្វាហាប់របស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ និងគណៈប្រតិភូបានធ្វើអោយមានការកើនឡើងនូវចំណាប់អារម្មណ៍ទៅលើរាជរដ្ឋាភិបាលកម្ពុជាទាំងមូល។ តាមរយៈដំណើរទស្សនកិច្ចលើកនេះ ខ្ញុំអាចយល់យ៉ាងច្បាស់អំំពីភាពស្មោះស្ម័គ្រ និងការសាទរចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនពីសំណាក់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។
តើគោលគំនិតចម្បង ឬបញ្ហាប្រឈមរបស់លោកមានអ្វីខ្លះក្នុងអំឡុងពេលទស្សនកិច្ចរបស់គណៈប្រតិភូ? យើងបានធ្វើការយ៉ាងប្រុងប្រយ័ត្ន ដើម្បីជៀសវាងការបង្កើតកំហុសដោយអចេតនាដោយសារភាពខុសគ្នា នៃវប្បធម៌ និងទំនៀមទំលាប់ក្នុងការធ្វើអាជីវកម្មរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។ ជាឧទាហរណ៍ ខ្ញុំបានរៀបចំយ៉ាងយកចិត្តទុកដាក់ សូម្បីតែទៅលើព័ត៌មានលម្អិតតូចៗបំផុត ដូចជាលំដាប់នៃការណែនាំ និងការរៀបចំកន្លែងអង្គុយជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការរៀបចំមិនល្អមួយផងដែរ នោះគឺការដែលឯកឧត្តមរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ត្រូវធ្វើដំណើររយៈពេលប្រាំពីរម៉ោងតាមឡានក្រុងពីខេត្ត យ៉ាម៉ាហ្គូជិ ( Yamaguchi ) ទៅខេត្តកូជិ ( Kochi ) ។ ការដែលត្រូវធ្វើដំណើរយូរបែបនេះ ពួកយើងក៏ជាលើកដំបូងដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្រ្តីក៏មិនបានបង្ហាញការមិនពេញចិត្តដែរ ដោយឯកឧត្តមបានព្យាយាមមិនរំខានយើង ប៉ុន្តែខ្ញុំគិតថា ឯកឧត្តមច្បាស់ជាហត់នឿយណាស់។
តើមានលក្ខណៈវិនិច្ឆ័យគន្លឹះអ្វីខ្លះ ក្នុងការជ្រើសរើសការធ្វើទស្សនកិច្ចក្រុមហ៊ុនទាំងប្រាំនេះ
ក្រុមហ៊ុននិមួយៗមានចំនុចពិសេសល្អរៀងៗខ្លួន ប៉ុន្តែយើងបានជ្រើសរើសគោលដៅដើម្បីទស្សនកិច្ចសិក្សាដោយផ្តោតលើថាតើ៖ក្រុមហ៊ុនផ្តល់បច្ចេកវិទ្យានិងសេវាកម្មចាំបាច់សម្រាប់ប្រទេសកម្ពុជាដែរឬទេ ហើយថាតើក្រុមហ៊ុនអាចចូលរួមចំណែកដោយផ្ទាល់នៅក្នុងវិស័យដូចជា ថាមពល និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែរឬទេ? ជាការពិតណាស់ នៅមានក្រុមហ៊ុនជាច្រើនផ្សេងៗទៀត ហើយខ្ញុំនឹងណែនាំពួកគេទាំងអស់ប្រសិន បើអាច។ ទោះបីជាយ៉ាងណាក៏ដោយ ក៏យើងបានបង្រួមវាដោយបានរើសយកតែក្រុមហ៊ុនមួយចំនួនដែលនៅខេត្ត ឃ្យូស្ហឹ ( Kyushu ) ខេត្តជឺហ្គុគឺ ( Chugoku ) និង ខេត្តសុីកុគឹ ( Shikoku ) ដែលមានប្រព័ន្ធដំណើរការនៅនឹងកន្លែង ហើយយើងអាចធ្វើទស្សនកិច្ចអាចប្រកបដោយប្រសិទ្ធភាពបាន។
តើសម្រេចបានលទ្ធផលអ្វីខ្លះពីទស្សនកិច្ចរបស់គណៈប្រតិភូ?
ភ្លាមៗបន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចលើកនេះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីភាពជាដៃគូអាទិភាពក្នុងរយៈពេល១០ឆ្នាំ រវាងវិស័យឯកជន និងរដ្ឋាភិបាល ចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៥ ។ គោលដៅយុទ្ធសាស្រ្តនេះគឺផ្តោតលើបីចំណុច៖
១. ការដឹកជញ្ជូន និង ភស្តុភា ( ការសាងសង់ផ្លូវ ស្ពាន និងកំពង់ផែភស្តុភា )
២. ថាមពល
៣. សេវាសាធារណៈ ( ការផ្គត់ផ្គង់ទឹកស្អាត និង ការគ្រប់គ្រងកាកសំណល់ )
អាទិភាពទាំងនេះកើតឡើងស្របតាមប្រធានបទនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់អនុវត្តគម្រោងឲ្យកាន់តែមានប្រសិទ្ធភាពនិងឥទ្ធិពលក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
តើលោកមានការសញ្ជឹងគិតអ្វីខ្លះពីដំណើរទស្សនកិច្ចរបស់ប្រតិភូ?
មុនពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ មានក្រុមហ៊ុនជាច្រើនបានបំផុសគំនិតចូលក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងគំនិតមួយដែលគេថា ” ៣០%ចូលរួម និង ៧០% សម្តែងការព្រួយបារម្ភ “។ ក៏ប៉ុន្តែដោយសារការមើលឃើញពីការសម្រេចចិត្តឥតងាករ៉េ និងឆន្ទះសាទររបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូនាំអោយមានការផ្លាស់ប្តូរខ្លាំងមួយចំពោះគំនិតយល់ឃើញនេះ នោះគឺនៅពេលបញ្ចប់ដំណើរទស្សនកិច្ចនេះ ខ្ញុំមានអារម្មណ៍ថាគំនិតយល់ឃើញទាំងនោះបានប្រែក្រឡាស់ទាំងស្រុង បែរទៅជា ” ៧០%ចូលរួម និង៣០% សម្តែងការព្រួយបារម្ភ “។ ទន្ទឹមនឹងតថភាពពិត ហានិភ័យតែងតែកើតមានចំពោះការបណ្តាក់ទុននៅបរទេស ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបានបង្ហាញអោយឃើញពីឳកាសជាក់ស្តែង ផ្តល់អោយក្រុមហ៊ុនដែលចូលរួមទទួលបាននូវទំនុកចិត្ត និងភាពច្បាស់លាស់ដែលត្រូវការក្នុងជំហ៊ានដំបូងនៃការចូលទីផ្សារកម្ពុជា។
តើលោកនឹងរៀបចំដំណើរទស្សនកិច្ចដូចគ្នានេះក្នុងពេលអនាគតដែរឬទេ? ប្រសិនបើរៀបចំ តើមានវិស័យអ្វីខ្លះដែលលោកនឹងផ្តោតលើនោះ?
ខណៈពេលនេះ ខ្ញុំមិនអាចជំរាបជូនឲ្យបានលម្អិតទេ យើងបានកំពុងតែចាប់ផ្តើមត្រៀមសម្រាប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបន្ទាប់រួចរាល់ហើយ។ ដំណើរទស្សនកិច្ចនេះគឺនឹងកំណត់គោលដៅលើវិស័យគន្លឹះជាច្រើនដូចជា ផ្នែកសុខភាព និងផ្នែកអប់រំដែលជាវិស័យដ៏សំខាន់ ហើយមានទំនាក់ទំនងផ្ទាល់ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមដែលប្រឈមក្នុងប្រទេសកម្ពុជា។ ដោយសម្លឺងមើលអនាគតខាងមុខ យើងក៏មានបំណងពង្រីកនូវវិសាលភាពរបស់យើងក្នុងការបញ្ចូលនវានុវត្តន៍ និង ប្រសិទ្ធភាពក្នុងវិស័យចម្បងដូចជា វិស័យកសិកម្មនិងជលផល។ បន្ថែមលើពីនេះ យើងបាននឹងកំពុងតែសិក្សាស្រាវជ្រាវទៅលើវិស័យបច្ចេកវិទ្យាទំនើប ដូចជា៖ អេអាយ ( AI ) សុីមីកុងដាក់ទ័រ ( Semiconductors ) និង ការអភិវឌ្ឍវិស័យអវកាសដើម្បីផ្តល់តួនាទីដល់ប្រទេសកម្ពុជា ជាកន្លែងដែលប្រមូលផ្តុំទៅដោយបច្ចេកវិទ្យាឈានមុខ និងកំណើនប្រកបដោយចីរភាព។
តើផែនការអនាគតរបស់អង្គការចាធីកមានអ្វីខ្លះ?
ប្រទេសកម្ពុជា នៅក្នុងពេលបច្ចុប្បន្ននេះគឺ មានការរីកចម្រើនយឺតយ៉ាវជាងប្រទេសជិតខាងបើប្រៀបធៀបនឹងចំនួនប្រជាជន និងទំហំនៃសេដ្ឋកិច្ច។ ក៏ប៉ុន្តែតាមរយៈការសម្រេចបានកំណើន និង សង្គមប្រកបដោយ ចីរភាព អនាគតគឺខ្ញុំចង់ធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលគួរអោយចង់រស់នៅបំផុតនៅក្នុងពិភព លោក។ អង្គការចាធីកបានប្តេជ្ញាចិត្តដោយបានពង្រឹងនូវតួនាទីរបស់ខ្លួនដើម្បីធ្វើជាស្ពានចម្លងដ៏សំខាន់មួយក្នុងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន។ តាមរយៈការចែករំលែកនូវបទពិសោធន៍ និង មេរៀនរបស់ប្រទេសជប៉ុន ទាំងលទ្ធផលនិងភាពបរាជ័យ យើងបានមានបំណងជួយប្រទេសកម្ពុជាអោយបញ្ចៀសរាល់បញ្ហាប្រឈមដូចគ្នានេះ និង សម្រេចអោយបាននូវវឌ្ឍនភាពប្រកបដោយប្រសិទ្ធភាព និង និរន្តរភាព។