//វិនាសកម្មនៃសង្រ្គាមនិងអត្ថប្រយោជន៍នៃសន្តិភាព

វិនាសកម្មនៃសង្រ្គាមនិងអត្ថប្រយោជន៍នៃសន្តិភាព

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា សង្រ្គាមគឺជារឿងមួយដ៏គួរអោយខ្លាចជាទីបំផុត ហើយមិនចង់អោយកើតមានទាល់តែសោះសូម្បីតែលឺ កុំថាឡើយអោយជួបនោះ។ មិនថាតែសង្រ្គាមដែលបង្កឡើងរវាងប្រទេសនិងប្រទេសនោះទេ សូម្បីតែសង្រ្គាមស៊ីវិលនៅក្នុងប្រទេសរបស់យើងវិញ ក៏បានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និង មនុស្សជាតិទាំងមូលដែលរស់នៅលើផែនដីនេះដែរ។ តួយ៉ាង យើងបានដឹងមកហើយនូវវិនាសកម្មយ៉ាងច្រើនមហិមានៃសង្រ្គាមលោកលើកទី១ ដែលកើតឡើងពីឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩១៨ ភាគច្រើនគឺស្ថិតនៅក្នុងប្រទេសអ៊ឺរ៉ុប និង បស្ចឹមបូព៌ាប្រទេស ហើយប៉ះពាល់ដល់បណ្តាប្រទេសដទៃផ្សេងទៀតដែរ។ កំពុងតែកសាងប្រទេសជាតិដែលទើបតែងើបពីភ្លើងសង្រ្គាម និងទុក្ខសោករបស់មនុស្សជាតិដោយសារតែវិបត្តិនៃសង្រ្គាមលោកលើកទី១នេះមិនទាន់បានធូរស្បើយប៉ុន្មានឆ្នាំស្រួលបួលផង មហន្តរាយនៃសង្រ្គាមលោកលើកទី២ក៏បានមកដល់បន្ថែមលើការបំផ្លាញដ៏ច្រើនលើសលប់ ដែលកើតឡើងនៅឆ្នាំ ១៩៣៩ដល់ឆ្នាំ ១៩៤៥។ ផលប៉ះពាល់ដ៏ច្រើនដែលពិបាកនឹងវាស់ស្មានដឹងបាននៃសង្រ្គាមលោកទាំង២លើកនេះ គឺពិតជាបានបំផ្លាញកោសិកាសង្គមយ៉ាងច្រើនក្រៃលែងដូចជា៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមដែលមាន អាគារ បណ្តាញដឹកជញ្ជូន ផ្លូវថ្នល់ និង សេវាកម្មផ្សេងទៀត។ តំបន់នានាដែលជាកេរ្តិ៍ដំណែលនៃវប្បធម៌ក៏ត្រូវបានខ្ទេចខ្ទីដោយសារតែសង្រ្គាមដែរ។ រីឯបរិស្ថានវិញ ក៏ត្រូវបានបំផ្លាញដោយការបំពុលអាកាស ការបំផ្លិចបំផ្លាញព្រៃឈើ និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី។ ធ្ងន់ធ្ងរជាងនេះនោះគឺចំនួនប្រជាជនយ៉ាងច្រើនបានបង្ខំខ្លួនចាកចេញពីផ្ទះសម្បែង ដើម្បីទៅរកទីជម្រកសុវត្ថិភាព និងជីវិតមនុស្សរាប់លាននាក់ត្រូវបានបាត់បង់។ សង្រ្គាមក៏អាចធ្វើអោយការទុកចិត្តលើស្ថាប័នក្នុងសង្គមត្រូវបាត់បង់ដែលពិបាកនឹងសាងទំនុកចិត្តឡើងវិញដែរ។ បញ្ហាអសន្តិសុខ  អស្ថិរភាពនយោបាយ និង ផលវិបាកនៃសេដ្ឋកិច្ច ក៏កើតមានច្រើនក្រោយសង្រ្គាម។ បញ្ហាសុខភាព សតិអារម្មណ៍ និង វិបត្តិផ្លូវចិត្តគឺនៅជាប់តាមខ្លួនប្រជាជនដែលបានឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់នៃសង្រ្គាមនេះ​ ហើយវានឹងអូសបន្លាយទៅថ្ងៃអនាគតរាប់សិបឆ្នាំទៀត។

ដូចគ្នានឹងរឿងនេះផងដែរ បើក្រលេកទៅមើលពិភពលោកនាបច្ចុប្បន្ននេះ សង្រ្គាមរវាងប្រទេសនិងប្រទេសគឺបាននិងកំពុងតែកើតឡើង ជាក់ស្តែងគឺសង្រ្គាមរវាង រូស្ស៊ីនិងអ៊ុយក្រែន ទៅលើបញ្ហាជម្លោះទឹកដី ហើយជាការពិតណាស់ដែលផលវិបាកជាច្រើនកំពុងតែប៉ះពាល់ទៅដល់់ប្រជាជាតិនៃប្រទេសទាំង២ និងជះឥទ្ធិពលទៅដល់ប្រទេសក្បែរខាងថែមទៀត។ ស្រដៀងគ្នានេះដែរ បញ្ហាចម្រូងចម្រាស់ថ្មីៗនេះ រវាងប្រទេសថៃ និង​ប្រទេសកម្ពុជាដែលបានកំពុងតែកើតឡើងគឺជារឿងមួយដ៏គួរអោយព្រួយបារម្ភផងដែរ ដែលដំបូងឡើយកើតចេញពីបញ្ហាជម្លោះព្រំដែន​ រហូតឈានទៅដល់ការបិទច្រកទ្វារព្រំដែន និង បញ្ឈប់ការនាំចេញនាំចូលមួយចំនួនរវាងប្រទេសទាំងពីរ។ ជាការពិត ការរស់នៅក្បែរខាងគ្នាគឺយើងពិតជាចង់បានណាស់ នូវការរស់នៅប្រកបដោយសេចក្តីសុខ ភាពសម្បូរសប្បាយ និង ភាពសុខដុមរមនា ជូនប្រជាពលរដ្ឋទាំងសងខាង ក៏ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ជម្លោះគឺតែងតែកើតមានឡើងដោយមិនអាចស្មានដឹងជាមុនបាន។ សន្តិភាពគឺជារឿងដែលប្រជាពលរដ្ឋទូទៅទទូចចង់បានខ្លាំង តែក៏មិនមែនជារឿងងាយស្រួលក្នុងការសម្រេចឲ្យបាននូវសន្តិភាព និង ការគ្មានជម្លោះរវាងប្រទេសជិតខាងនោះទេ។ ដើម្បីអាចទទួលបាននូវសន្តិភាពសាកល គឺមានធាតុផ្សំមួយចំនួនដែលត្រូវចូលរួមដូចជា៖ ១/បង្កើតក្រុមការងារអន្តរជាតិ ដើម្បីនិយាយពិភាក្សាដោះស្រាយទៅលើបញ្ហាដែលមិនស្របគ្នាដោយសន្តិវិធីនិងឈរលើគោលការណន៍នៃច្បាប់អន្តរជាតិ ២/​ជម្រុញសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដោយបង្កើននូវពាណិជ្ជកម្មឆ្លងដែនដែលផ្តល់អត្ថប្រយោជន៍អោយគ្នាទៅវិញទៅមក  ៣/​ផ្សព្វផ្សាយពីវប្បធម៌ និងការយល់ដឹងដោយរៀបចំអោយមានកម្មវិធីផ្លាស់ប្តូរវប្បធម៌និងការសិក្សា ហើយបង្កើនការយល់ដឹងរវាងប្រជាជនពីសង្គមនិងវប្បធម៌របស់គ្នា ៤/កាត់បន្ថយជម្លោះព្រំដែននិងជម្លោះប្រវត្តិសាស្រ្តដោយការសន្ទនាដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិដោយប្រើប្រាស់់តុលាការអន្តរជាតិជាអាជ្ញារកណ្តាលក្នុងការដោះស្រាយវិវាទ ហើយដាច់ខាតគឺមិនប្រើអំពើហិង្សានិងកម្លាំងយោធាដើម្បីបញ្ចប់បញ្ហា ៥/ចូលរួមកិច្ចសហការក្នុងតំបន់ទៅលើការសហការគោលដៅរួមក្នុងបញ្ហាបរិស្ថាន សុខភាពសាធារណៈ ហេដ្ឋានរចនាសម្ព័ន្ធជាដើម  ៦/ជម្រុញប្រព័ន្ធផ្សព្វផ្សាយទាំងពីរប្រទេសអោយមានតុល្យភាពនិងសន្តិភាព ដោយជៀសវាងការប្រើប្រាស់សុន្ទរកថាសាធារណៈនូវពាក្យសម្តីដែលស្អប់ខ្ពើមនិងរើសអើងគ្នា។

ដោយមើលឃើញពីផលវិបាកដ៏មហាសាលនៃវិនាសកម្មសង្រ្គាមទៅលើគ្រប់កោសិកាទាំងអស់របស់សង្គម​ ប្រទេសជាតិ និង ពិភពលោកទាំងមូល នោះយើងពិតជាព្រួយបារម្ភហើយស្វែងយល់ថា    តម្លៃនៃសន្តិភាពគឺពិតជាចាំបាច់សម្រាប់សង្គមជាតិ និង ប្រទេសទាំងអស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនិមួយៗប្រកបដោយចីរភាព ភាពសម្បូរសប្បាយ និង សុខដុមរមនាបាន។​ សន្តិភាពមិនមែនត្រឹមតែជារឿងរបស់ថ្នាក់ដឹកនាំប៉ុណ្ណោះទេ ក៏ប៉ុន្តែសន្តិភាពគឺអាចចាប់ផ្តើមឡើងដោយចេញពីចិត្តរបស់យើងម្នាក់ៗ ប្រសិនបើយើងគ្រប់គ្នាមានចិត្តស្មោះត្រង់នឹងគ្នា ចេះស្តាប់គ្នា ចេះយោគយល់គ្នា មិនបំពានគ្នា និងចេះសហការគ្នា នោះយើងនឹងអាចបង្កើតនូវពិភពលោកមួយដែលសម្បូរទៅដោយសន្តិភាព សេចក្តីសុខសុភមង្គល និង ស្នាមញញឹមជូនទៅដល់មនុស្សជំនាន់យើង និង​បន្តរហូតដល់ប្រជាជននៅជំនាន់ក្រោយៗទៀត។