នៅពេលដែលគិតទៅលើទស្សវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៥ គឺមានកត្តាជាច្រើនដែលចាំបាច់លើកយកមកពិចារណា។ ប្រទេសកម្ពុជាបានជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ក៏ប៉ុន្តែវាពិតជាមានសារៈសំខាន់ណាស់ក្នុងការពិចារណា និង យកចិត្តទុកដាក់លើនិរន្តរភាពនៃកំណើននោះ និងបញ្ហាប្រឈមដែលកើតមានឡើងនាពេលខាងមុខ។ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងនាមជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយត្រូវបានគេរំពឹងថានឹងអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ពី ៥% ទៅ ៦% នៅឆ្នាំ២០២៥។ កំណើននេះអាចត្រូវបានកំណត់ជាចម្បងទៅលើវិស័យចំនួន៤ នោះគឺ៖ ផលិតកម្ម សំណង់ ទេសចរណ៍ និង កសិកម្ម។ ឧស្សាហកម្មផលិតកម្មដែលមានតម្លៃទាប និងផលិតភាពរបស់កម្ពុជានឹងនៅតែមានការប្រកួតប្រជែង ជាពិសេសនៅពេលដែលតម្រូវការនៅទូទាំងអាសុីមានការកើនឡើង។ វិស័យផលិតកម្មទាំងនោះ ជាពិសេសការនាំចេញសម្លៀកបំពាក់ ស្បែកជើង និង គ្រឿងសង្ហារឹមគឺត្រូវបានគេរំពឹងថានឹងនៅតែជាស្នូលនៃសេដ្ឋកិច្ច។ ជាពិសេសដោយសារតែគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ( RCEP ) បានធ្វើអោយការនាំចេញទៅកាន់ប្រទេសចិន សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិកមានការកើនឡើង ផ្ទុយទៅវិញការចំណាយទៅលើតម្លៃកម្លាំងពលកម្មក៏មានការកើនឡើង ដែលធ្វើអោយមានការព្រួយបារម្ភអំពីចរន្តក្នុងវិស័យផលិតកម្មផងដែរ។ បន្ថែមលើសពីនេះទៀត វិស័យទេសចរណ៍គឺជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយត្រូវបានគេរំពឺងថាវិស័យនេះនឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២៥ នៅពេលដែលប្រទេសកម្ពុជាបានធូរស្បើយពីឥទ្ធិលពលនៃជំងឺរាតត្បាតកូវីដ ១៩។ ចំនួននៃភ្ញៀវទេសចរត្រូវបានគេរំពឹងថានឹងមានការកើនឡើងដោយប្រាសាទអង្គរវត្តគឺជាគោលដៅទេសចរមួយដែលអាចទាក់ទាញភ្ញៀវទេសចរមកពីប្រទេសចិន និងប្រទេសជិតខាងក្នុងតំបន់អាសុីអាគ្នេយ៍។ វិស័យកសិកម្មនៅតែជាវិស័យមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងនោះ អង្ករ កៅស៊ូ គ្រាប់ស្វាយចន្ទី និងកាហ្វេគឺជាផលិតផលនាំចេញដ៏សំខាន់។ ទោះបីជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលអនាគតដែលរួមបញ្ចូលការលើកកម្ពស់ផលិតភាពកសិកម្ម និងបម្រែបម្រួលអាកាសធាតុ រាជរដ្ឋាភិបាលបានដាក់គោលដៅក្នុងគោលបំណងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ និងកំណែទម្រង់កសិកម្ម ដូចជាការកែច្នៃ និងដំណើរការផលិតផលកសិកម្មដែលជាក្តីសង្ឃឹមដ៏ខ្ពស់មួយនាពេលអនាគត។
រាជរដ្ឋាភិបាលកម្ពុជាកំពុងអភិវឌ្ឍយ៉ាងសកម្មនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់គម្រោងទាំងនេះដែលនឹងក្លាយជាកត្តាសំខាន់ក្នុងកំណើនសេដ្ឋកិច្ច។ ការវិនិយោគផ្ទាល់ពីបរទេសជាចម្បងដែលមកពីប្រទេសចិនគឺនៅតែមានសារៈសំខាន់ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី ចំពោះបរិយាកាសវិនិយោគត្រូវបានរំពឹងទុកថានឹងមានការកែលម្អរបន្ថែមទៀត។ ការពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនឹងគាំទ្រដល់សេដ្ឋកិច្ចទាំងមូលក្នុងវិស័យដូចជា ភស្តុភារ ថាមពល ទំនាក់ទំនង និងការអភិវឌ្ឍទីក្រុងជាដើម។ និន្នាការសេដ្ឋកិច្ចនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសសហរដ្ឋអាមេរិក និង ចិន បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើកម្ពុជា ហើយវាមិនគួរត្រូវបានមើលរំលងនោះទេព្រោះថា សង្រ្គាមពាណិជ្ជកម្ម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកនឹងបង្កហានិភ័យដល់កំណើនសេដ្ឋកិច្ចផងដែរ។ បច្ចុប្បន្នសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងបង្ហាញកំណើនប្រកបដោយស្ថិរភាពនៅឆ្នាំ២០២៥ ប៉ុន្តែទីផ្សារការងារ បរិយាកាស និងនិន្នាការនៅក្នុងប្រទេសធំៗនឹងបន្តជះឥទ្ធិពលដល់សេដ្ឋកិច្ច ហើយនិន្នាការនាពេលអនាគតក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែងនៃវិស័យផលិតកម្មដែលត្រូវបានគេមើលឃើញថាជាគន្លឹះនៃកំណើនការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងប្រសិទ្ធភាពនៃវិស័យកសិកម្មគួរតែត្រូវបានយកចិត្តទុកដាក់នាពេលអនាគត។