ខ្ញុំបានមកដល់ប្រទេសកម្ពុជា ជាលើកដំបូងបន្ទាប់ពីខកខានមិនបានមកប្រហែលជា១០ឆ្នាំ កាលពីចុងខែតុលា ឆ្នាំ២០២៤ ពេលដែលមេឃមានពណ៌ក្រហមឆ្អិនឆ្អៅនាពេលល្ងាចកំពុងប្តូរពណ៌ទៅជាយប់ងងឺត។ នៅតាមដងផ្លូវពីអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញទៅកាន់ចំនុចកណ្តាលនៃទីក្រុងភ្នំពេញ ខ្ញុំបានចាប់អារម្មណ៍ទៅនឹងចំនួនខុនដូដែលត្រូវបានសាងសង់ឡើងយ៉ាងច្រើនស្អេកស្កះ។ ហើយអ្វីដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលនោះ គឺនៅពេលយប់ខុនដូទាំងនោះភាគច្រើនហាក់មានភាពស្ងប់ស្ងាត់កណ្តោចកណ្តែង។
នៅក្នុងរយះពេល៦ឆ្នាំ ដោយរាប់ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២៣ ប្រទេសកម្ពុជាទទួលបាននូវការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួនប្រមាណ ៤៨,៤ ពាន់លានដុល្លា។ ទោះបីជាមិនមានទិន្នន័យផ្លូវការណាមួយអំពីចំនួនសរុបនៃការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យក៏ដោយ ក៏ប៉ុន្តែប្រសិនបើក្រលេកមើលក្នុងរយះពេលខ្លី វិស័យនេះអាចនឹងចូលរួមទាក់ទាញវិនិយោគិនបរទេស ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងរយះពេលមធ្យមទៅរយះពេលវែងជាដើម។ ជាការពិតណាស់ នៅពេលដែលយើងមើលទៅលើ ” ទីក្រុងម៉ាកាវតូច ” នៃក្រុងព្រះសីហនុ និងការរីកសាយភាយនៃខុនដូនៅក្នុងទីក្រុងភ្នំពេញ នោះគឺគ្មានអ្វីគួរអោយសង្ស័យទេដែលថាវិស័យសំណង់កំពុងរួមចំណែកដល់ការបង្កើនផលិតផលក្នុងស្រុកសរុប។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបច្ចុប្បន្ននេះ គឺមានគោលដៅដើម្បីលើកកំពស់ កំណើនប្រកបដោយនិរន្តរភាពនៅកម្ពុជា ឬគ្រាន់តែជាការវិនិយោគដើម្បីចំនេញក្នុងរយះពេលខ្លីជាបណ្តោះអាសន្នតែប៉ុណ្ណោះ។
ចាប់តាំងពីឆ្នាំ២០១០មក ខ្ញុំបានចាកចេញពីប្រទេសជប៉ុន ហើយទៅរស់នៅក្នុងបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់អាសុីអាគ្នេយ៍ ដោយខ្ញុំបានបន្សំខ្លួនទៅនឹងបរិស្ថាន ទំនៀមទំលាប់ វប្បធម៌នៅតាមប្រទេសទាំងនោះ ដោយមិនត្រូវការអ្វីដែលគេហៅថា “មជ្ឈដ្ឋានងាយស្រួលសម្រាប់ជនបរទេស” នោះទេ។ ជាលទ្ធផល បូកទាំងតម្លៃជួលផ្ទះ និងអាហារក្នុងស្រុកមួយពេលគឺខ្ញុំបានចំណាយប្រាក់ប្រហែល ១,៥ ដុល្លារតែប៉ុណ្ណោះ ( ប្រាំមួយពាន់រៀល ) ដែលតម្លៃនេះពិតជាទាបសម្រាប់ខ្ញុំ។ ក៏ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំមានការភ្ញាក់ផ្អើលនោះគឺវិក័យប័ត្រអគ្គិសនី។ យោងទៅតាមការស្រាវជ្រាវ និងការគណនារបស់ខ្ញុំ បើប្រៀបធៀបសមាមាត្រនៃវិក័យប័ត្រអគ្គិសនីប្រចាំខែទៅនឹងចំនួនប្រាក់បៀវត្សរ៍ជាមធ្យមក្នុងប្រទេសជប៉ុនគឺអស់ប្រមាណ ១,៧% ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា គឺត្រូវបានគេប៉ាន់ស្មានថាអស់លើសចំនួននេះប្រហែល ៤ដងពោលគឺប្រមាណ៧%ឯណោះ។
ដោយសារតែកត្តាភូមិសាស្រ្តដែលប្រទេសជប៉ុនជាប្រទេសនៅលើដីកោះ ដូច្នេះហើយអត្រាផលិតថាមពលអគ្គីសនីសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់គឺបាន១០០% ដែលនាំឲ្យគេគិតថា ការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯងមានភាពគ្រប់គ្រាន់ មានទំនាក់ទំងដោយផ្ទាល់ទៅនឹងតម្លៃអគ្គិសនី ក៏ប៉ុន្តែនេះមិនមែនជាមូលហេតុនោះទេ ពីព្រោះសូម្បីតែប្រទេសដែលអភិវឌ្ឍនៅក្នុងទ្វីបអុឺរ៉ុបដែលបណ្តាញអគ្គិសនីមានទាំងនៅលើគោក និងក្រោមសមុទ្រត្រូវបានអភិវឌ្ឍន៍យ៉ាងល្អ ក៏មិនមានការផ្គត់ផ្កង់អគ្គិសនីបានគ្រប់គ្រាន់១០០%ដោយខ្លួនឯងដែរ។ ប្រទេសបារាំងដែលមានតម្លៃអគ្គិសនីទាបជាងប្រទេសជប៉ុន ហើយផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរបានបរិមាណច្រើនដែលនាំឲ្យប្រទេសនេះអាចផលិតថាមពលអគ្គិសនីដែលមានតម្លៃសមរម្យ ហើយថែមទាំងអាចនាំចេញថាមពលអគ្គិសនីដែលផលិតលើសទៅក្រៅប្រទេសទៀតផង។ ម្យ៉ាងវិញទៀត ក៏មានករណីដែលត្រូវនាំចូលនូវថាមពលអគ្គិសនីផងដែរ ប្រសិនបើម៉ាសុីនរ៉េអាក់ទ័រនុយក្លេអ៊ែរត្រូវបានបិទដំណើរការក្នុងរយះពេលយូរ។ ថ្លៃអគ្គិសនីខ្ពស់ នឹងបន្ថែមជាចំណាយទៅលើការប្រតិបត្តិការអាជីវកម្ម ជាមួយគ្នានេះផងដែរក្រុមគ្រួសារនឹងកាត់បន្ថយសកម្មភាពមួយចំនួនដែលត្រូវការប្រើប្រាស់អគ្គិសនីដោយសារតែវានឹងបន្ថែមបន្ទុកទៅលើប្រាក់ចំណូល។
សំរាមដែលត្រូវបានគេចោលរាយប៉ាយនៅពាសពេញទីក្រុងកាលពីឆ្នាំ២០១៤ គឺបានបាត់ស្ទើរតែទាំងស្រុង ហើយការប្រមូលសំរាមជាប្រចាំក៏ត្រូវបានអនុវត្តផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពីខាងក្រោយនេះបរិមាណនៃកាកសំណល់ដែលត្រូវបានផលិតគឺកំពុងតែកើនឡើងជាលំដាប់។ ទីលានចោលសំរាមនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថាជា “ភ្នំសំរាម” បានឈានដល់កម្រិតអតិបរិមានៃការផ្ទុកសំរាមហើយ ដោយកាកសំណល់សំរាមបានកើនឡើងពី ៥០០តោនក្នុងឆ្នាំ២០០០ ឡើងដល់ ៣០០០តោនក្នុងឆ្នាំ២០២០។ ទីលានចោលសំរាមថ្មីដែលស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នឹងត្រូវបានសាងសង់ឡើងដើម្បីព្យាយាមដោះស្រាយបញ្ហាទាំងនេះ ប៉ុន្តែដោយសារការចាក់សំរាមនៅមិនទាន់មានដំណើរការប្រកបដោយការគិតគូប្រកបដោយនិរន្តរភាពនៅឡើយ ដូច្នេះការកែលម្អរសម្រាប់រយះពេលវែងគឺជាបញ្ហាសំខាន់។ បើនិយាយពីអនាម័យវិញ បញ្ហាសំខាន់មួយទៀតនោះគឺទឹក។ ទឹកដែលផ្តល់អោយនៅក្នុងភោជនីយដ្ឋាន និងទឹកម៉ាសុីនគឺមិនអាចញុាំបានទេ ហើយទឺកកកក៏មានគ្រោះថ្នាក់ផងដែរ។ បើជាទឹកញុាំ អ្នកអាច ទិញទឹកដប ប៉ុន្តែតើការលាងដៃជាមួយនឹងទឹកដែលមិនអាចញុាំបាន តើវាមានន័យដែរឬទេ? ទោះបីជាស្ថានភាពនៃអនាម័យនៅកម្ពុជាមានភាពប្រសើរឡើងខ្លះក៏ដោយ ក៏បញ្ហាប្រឈមជាមូលដ្ឋាននៅតែមានដែរ។ អូ ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាឈឺពោះទៀតហើយ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ខ្ញុំបានលឺពីគណៈប្រតិភូរបស់ប្រទេសកម្ពុជាដែលបាននិយាយអំពីបញ្ហាសំខាន់ៗមួយចំនួនដែលកម្ពុជាកំពុងប្រឈម ហើយបញ្ហានោះគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់កំណើនប្រកបដោយចីរភាព។ បន្ថែមពីលើការយកចិត្តទុកដាក់ទៅលើការសាងសង់ស្ពានជាដើម ដែលជាផ្នែកនៃការអភិវឌ្ឍបណ្តាញដឹកជញ្ជូន រួមជាមួយនឹងអាកាសយន្តដ្ឋានអន្តរជាតិតេជោដែលមានបំណងក្លាយខ្លួនជាមជ្ឈមណ្ឌលអាកាសចរ និងជាធនធានទេសចរដ៏សំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចតាមរយះទេសចរណ៍មកកម្ពុជា គេក៏ត្រូវការការយកចិត្តទុកដាក់ទៅលើការផលិតអគ្គិសនីដែលមានតម្លៃទាបនិងស្ថេរភាព ការគ្រប់គ្រងកាកសំណល់ អនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតផងដែរ។ បើយោងតាមលោក ម៉ាស្លូ ទាំងនេះគឺជាមូលដ្ឋានគ្រឹះចំពោះការរួមចំណែក ដើម្បីជួយទៅដល់សង្គមប្រកបដោយសុវត្ថិភាពរហូតដល់ដំណាក់កាលទីពីរ។
តាមរយះការសហការជាមួយប្រជាជនរបស់ខ្លួនដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការចូលរួមក្នុងសង្គម កម្ពុជាអាចនឹងសាកល្បងដើម្បីក្លាយជាអ្នកដឹកនាំនៅក្នុងតំបន់អាស៊ាន។ តាមទស្សនៈរបស់អ្នកវិនិយោគផ្ទាល់ពីបរទេសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការវិនិយោគត្រលប់មកវិញដូចជា ផ្លូវជាតិ និង ឧស្សាហកម្មធុនស្រាល ពិតណាស់គឺវាមានសារៈសំខាន់ ក៏ប៉ុន្តែវាក៏ជាការចាំបាច់ផងដែរសម្រាប់ការវិនិយោគមានការប្រទាក់ក្រឡាគ្នាដែលផ្តល់នូវតុល្យភាពរវាងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចដែលសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍន៍ដែលមានរយះពេលវែងរបស់កម្ពុជាស្របតាមឆន្ទះ និង គោលបំណងនៃប្រទេសដែលជាគោលដៅនៃការវិនិយោគ។