នៅក្នុងកិច្ចសម្ភាសន៍ក្នុងខែនេះ យើងបាននិយាយអំពីពលករបរទេសរួមទាំងកម្មសិក្សាការីបច្ចេកទេស ហើយបានដឹងថា កម្មសិក្សាការីបច្ចេកទេស និងពលករបរទេសមួយចំនួនបានជោគជ័យក្នុងការបោះជំហ៊ានបន្ទាប់ក្នុងអាជីពរបស់ពួកគេ ដោយប្រើប្រាស់បទពិសោធន៍របស់ពួកគេនៅប្រទេសជប៉ុន ដូចជាការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬធ្វើការឳ្យក្រុមហ៊ុនជប៉ុនបន្ទាប់ពីត្រលប់មកដល់ប្រទេសកំណើតវិញ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែជោគជ័យក្នុងការបោះជំហ៊ានក្នុងអាជីពនោះទេ។ នៅពីក្រោយភាពជោគជ័យសុទ្ធតែមានការបរាជ័យ ហើយនៅពីក្រោយឆាក មានជនបរទេសដែលបរាជ័យដោយជៀសមិនរួច ដោយមិនគិតពីជំនាញ ឬផ្នត់គំនិតរបស់ខ្លួនឡើយ។
ហេតុផលមួយក្នុងចំណោមហេតុផលទាំងនេះគឺថ្លៃសេវាខ្ពស់ដែលចំណាយទៅអោយភ្នាក់ងារសាលាបញ្ជូន ដែលជាបញ្ហាយូរមកហើយ។ ជាធម្មតា កម្មសិក្សាការីផ្នែកបច្ចេកទេសសិក្សាភាសាជប៉ុននៅសាលាភាសាជប៉ុន ដែលគេស្គាល់ថាជាភ្នាក់ងារបញ្ជូន ហើយឆ្លងកាត់ការសម្ភាសន៍ជាមួយម្ចាស់ក្រុមហ៊ុនផ្ទាល់ ប្រសិនបើពួកគេឆ្លងកាត់ការសម្ភាសន៍បាន ត្រូវបង់ទៅឳ្យទីភ្នាក់ងារបញ្ជូនជាមធ្យមប្រម៉ាណ ៥២១០៦៥យ៉េន សម្រាប់ “ថ្លៃគ្រប់គ្រងការបញ្ជូន”។ មានករណីជាច្រើន ដែលវាមិនមែនជាការងាយស្រួលនោះទេក្នុងការទទួលបានប្រាក់ចំនួន ៥០០០០០យ៉េន ដូច្នេះពួកគេបានខ្ចីពីធនាគារ ឬអ្នកស្គាល់គ្នាដើម្បីធ្វើការចំណាយ។ ប្រាក់កម្ចីនេះត្រូវបានសងប្រចាំខែដែលមកពីប្រាក់បៀវត្សរ៍របស់និយោជកកម្មសិក្សា ក៏ប៉ុន្តែដោយសារតែការធ្លាក់ចុះនៃតម្លៃរបស់ប្រាក់យ៉េននាពេលថ្មីៗនេះ ចំនួននៃការសងវិញជាប្រាក់យ៉េនបានកើនឡើង ហើយមានមនុស្សកាន់តែច្រើនឡើងដែលមិនអាចសងប្រាក់កម្ចីបានពេញលេញវិញបានទេ។ ប្រសិនបើពួកគេ មិនអាចសងប្រាក់កម្ចីក្នុងអំឡុងពេលហ្វឹកហាត់ការងាររបស់ពួកគេនៅប្រទេសជប៉ុន នោះពួកគេនឹងត្រូវបន្តបង់វាបន្ទាប់ពីពួកគេត្រលប់មកប្រទេសកំណើតវិញ។ វាជាការល្អបំផុតប្រសិនបើពួកគេ អាចស្វែងរកការងារដែលផ្តល់ប្រាក់បៀវត្សរ៍ដែលអនុញ្ញាតឳ្យពួកគេបន្តបើកប្រាក់ខែ ប៉ុន្តែប្រសិនបើពួកគេមិនអាចបង់ការប្រាក់នោះទេ វត្ថុបញ្ចាំរបស់ពួកគេនឹងត្រូវដកហូត ហើយក្នុងករណីដ៏អាក្រក់បំផុត ពួកគេអាចនឹងបាត់បង់ផ្ទះរបស់ពួកគេផងដែរ។ ដោយឡែករឿងជោគជ័យមួយដែលបានរៀបរាប់នៅក្នុងបទសម្ភាសន៍ដែលបានរៀបរាប់ខាងលើគឺជាសិក្ខាកាមជនជាតិឥណ្ឌូនេសុី ក៏ប៉ុន្តែថ្លៃគ្រប់គ្រងជាមធ្យមសម្រាប់ការបញ្ជូនពួកគេទៅក្រៅប្រទេសគឺតិចជាងពាក់កណ្តាលនៃប្រទេសកម្ពុជា ហើយគេអាចមើលឃើញថាថ្លៃគ្រប់គ្រងសម្រាប់បញ្ជូនពួកគេទៅក្រៅប្រទេសគឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងភាពជោគជ័យរបស់ពួកគេបន្ទាប់ពីត្រលប់មកប្រទេសកំណើតវិញ។ នៅពេលយើងសម្ភាសជនជាតិខ្មែរដែលធ្លាប់ធ្វើការអោយភ្នាក់ងារបញ្ជូន គាត់បាននិយាយថា “សិក្ខាកាមជាច្រើនមិនគិតថាពួកគេអាចប្រើអ្វីដែលពួកគេបានរៀននៅប្រទេសជប៉ុននៅពេលដែលពួកគេត្រឡប់ទៅផ្ទះវិញនោះទេ”។ នេះជាហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀត។ សិក្ខាកាមកម្មសិក្សាបច្ចេកទេសមិនអាចជ្រើសរើសកន្លែងដែលត្រូវធ្វើកម្មសិក្សារបស់ពួកគេបានទេ ហើយក៏បញ្ចប់ការក្លាយជាពលករចំណាកស្រុក។ ទោះបីជាសិក្ខាកាមមានប្រភេទឧស្សាហកម្មការងារជាក់លាក់ដែលពួកគាត់ចង់ធ្វើការក៏ដោយ ក៏សិក្ខាកាមមិនអាចធ្វើអ្វីបានទេ ប្រសិនបើពួកគេមិនទទួលបាននូវការផ្តល់ជូនពីក្រុមហ៊ុននៅក្នុងប្រភេទឧស្សាហកម្មការងារ ហើយក៏គ្មានវិធីក្នុងការផ្តល់ជូនខាងសិក្ខាកាមដែរ។ ក្នុងករណីនោះ សិក្ខាកាមនឹងត្រូវប្រឈមមុខនឹងជម្រើសពីរគឺ ការផ្ទេរទៅទីភ្នាក់ងារបញ្ជូនដែលមានការផ្តល់ជូនក្នុងប្រភេទឧស្សាហកម្មការងារដែលពួកគេចង់ធ្វើ ឬ ការផ្តល់អាទិភាពទៅប្រទេសជប៉ុន ហើយទទួលយកការងារដែលពួកគេមិនចាប់អារម្មណ៍ចង់ធ្វើ។ សិក្ខាកាមភាគច្រើនផ្តល់អាទិភាពទៅប្រទេសជប៉ុនទោះបីជាការងារនោះជាប្រភេទការងារដែលពួកគេមិនចាប់អារម្មណ៍ក៏ដោយ។ ម្យ៉ាងទៀតនៅពេលនោះ ការចង់បានជំនាញលែងមានទៀតហើយ។ ជាការពិតណាស់ ប្រសិនបើអ្នកធ្វើការនៅក្នុងឧស្សាហកម្មការងារដែលអ្នកមិនចាប់អារម្មណ៍ពីដំបូង អ្នកអាចរកឃើញភាពទាក់ទាញរបស់វា ហើយឃើញថាវាមានប្រយោជន៍ ប៉ុន្តែនេះប្រហែលជាមិនមែនជារឿងធម្មតាទេ។ ទោះបីជាមានការងារដែលអ្នកមិនចូលចិត្តក៏ដោយ ប្រសិនបើអ្នកទទួលបានប្រាក់ខែសមរម្យ នោះវានឹងជម្រុញអ្នកឳ្យបន្ត ក៏ប៉ុន្តែប្រសិនបើអ្នកចង់សងបំណុល ថែមទាំងផ្ញើប្រាក់ទៅគ្រួសារអ្នកទៀត ប្រហែលជាមិនមានប្រាក់នៅសល់ក្នុងដៃច្រើនទេ ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺការឡើងថ្លៃនៃតម្លៃអង្ករ និងរបស់របរប្រើប្រាស់ផ្សេងៗ កំពុងធ្វើអោយជីវិតប្រចាំថ្ងៃកាន់តែលំបាក ដូច្នេះហើយវាជារឿងធម្មតាទេដែលធ្វើអោយមនុស្សនឹងលែងមានក្តីស្រម៉ៃ ឬក្តីសង្ឃឹមតទៅទៀត។ ដោយសារតែស្ថានការណ៍ទាំងនេះ អ្វីៗបានខុសពីដើមមកហើយ ខណៈពេលដែលសិក្ខាកាមខ្លះយកឈ្នះលើភាពលំបាកទាំងនេះ តាមរយះការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន និងសម្រេចបានភាពជោគជ័យ អ្នកខ្លះទៀតធ្លាក់ចូលទៅក្នុងប្រព័ន្ធដែលមិនល្អឥតខ្ចោះ។ ជាការឆ្លើយតបទៅនឹងសំនួររបស់យើង “តើអ្នកចង់ណែនាំរឿងនេះដល់អ្នកដែលចង់ធ្វើការនៅប្រទេសជប៉ុនតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសដែរឬទេ?” ពលរដ្ឋខ្មែរម្នាក់ ដែលបានរៀបរាប់ខាងលើបានឆ្លើយថា៖ “ប្រសិនបើអ្នកគិតចង់ទៅប្រទេសជប៉ុន ដើម្បីរៀនអំពីការបណ្តុះបណ្តាលបច្ចេកទេស ខ្ញុំសូមអោយអ្នកគិតឳ្យបានហ្មត់ចត់អំពីហេតុផលដែលអ្នកចង់ទៅប្រទេសជប៉ុន” និង “តើអ្នកយល់ច្បាស់ពីប្រទេសជប៉ុននិងជីវិតនៅប្រទេសជប៉ុនបែបណាហើយឬនៅ?” លោកបានក្រើនរំលឹកថាកុំអោយប្រជាជនសម្រេចចិត្តយ៉ាងប្រញាប់ប្រញាល់ទៅប្រទេសជប៉ុនដោយផ្អែកលើរូបភាព ឬក៏ការស្រមើស្រម៉ៃរបស់ពួកគេអោយសោះ។ វាជាការពិតដែលថាអ្នកអាចរៀនជំនាញ និងចំណេះដឹងដែលអ្នកមិនអាចរៀននៅក្នងប្រទេសកំណើតរបស់អ្នក ហើយវាក៏ជាការពិតដែលអ្នកអាចមានឪកាសផងដែរ។ ដូចនេះគន្លឹះនៃភាពជោគជ័យទំនងជាត្រូវមានចំណេះដឹង និងការយល់ដឹងអំពីគោលបំណងមុនពេលធ្វើដំណើរ។
