//គុណវិបត្តិនៃបច្ចេកវិទ្យាទំនើប

គុណវិបត្តិនៃបច្ចេកវិទ្យាទំនើប

តើអ្នកធ្លាប់បានលឺរឿងកំប្លែងអំពីប៊ិចរបស់ក្រុមហ៊ុន Nasa ដែរឬទេ? នេះជារឿងដ៏ល្បីមួយដែលមនុស្សជាច្រើនប្រហែលជាបានដឹងរួចមកហើយ ប៉ុន្តែសម្រាប់អ្នកមិនទាន់បានដឹង ខ្ញុំនឹងពន្យល់ដោយសង្ខេបដូចតទៅ៖ នៅក្នុងលំហរវាគ្មានទំនាញទេ ដូច្នេះទឹកថ្នាំដែលធ្លាក់ដោយសារទំនាញផែនដីក៏មិនអាចធ្លាក់ចុះមកបានដែរ អញ្ចឹងហើយប៊ិចមិនអាចប្រើបានទេ។ ក្រុមហ៊ុន NASA បានចំណាយទឹកប្រាក់ជាង ១០ពាន់លានដុល្លារដើម្បីបង្កើតប៊ិចមួយដែលអាចប្រើបាននៅក្នុងបរិយាកាសទំនាញផែនដីសូន្យ។ ទន្ទឹមនឹងនោះប្រទេសរូស្សុីបានប្រើតែ​ “ខ្មៅដៃ” ប៉ុណ្ណោះ នេះជាការអត្ថាធិប្បាយបែបចំអកទៅកាន់ក្រុមហ៊ុន NASA។ វាជាការពិតដែល NASA ព្យាយាមដោះស្រាយបញ្ហានេះ ក៏ប៉ុន្តែទោះបីជា NASA និង រូស្សុីបានប្រើខ្មៅដៃក្នុងពេលតែមួយក៏ដោយ ក៏ចាំបាច់ត្រូវមានដំណោះស្រាយប្រសើរជាងមុនដោយសារបារម្ភថាខ្មៅដៃគឺអាចងាយឆេះ ហើយសំណរដែលខូច និងធូលីកាបូនអាចសបំផ្លាញឧបករណ៍អេឡិចត្រូនិកបាន។
វាមិនត្រូវបានបង្កើតឡើងដោយ NASAនោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងដោយ Paul C. Fisher នៃក្រុមហ៊ុន Fisher Pen។ ពួកគេបានទទួលលជោគជ័យក្នុងការអភិវឌ្ឍន៍ “AG-7” ដែលអាចត្រូវបានប្រើនៅក្នុងបរិយាកាសសូន្យ ទំនាញជាមួយនឹងប្រអប់់ទឹកថ្នាំដែលមានសម្ពាធហើយអាចទប់ទល់ទៅនឹងការផ្លាស់ប្តូរសីតុណ្ហភាពពី-៤៥ដឺក្រេ ដល់​ ២០០ដឺក្រេ។ រូស្សុីក៏បានទទួលយកប៊ិចនេះផងដែរ ហើយវាមានតម្លៃត្រឹមតែ​ $២.៤០ ក្នុងមួយប៊ិច។ តើរឿងកំប្លែងនេះមានន័យយ៉ាងណា?
ប្រសិនបើយើងបាត់បង់ការមើលឃើញពីគោលដៅដើមរបស់យើងក្នុងការដោះស្រាយបញ្ហា នោះយើងអាចនឹងបញ្ចប់ការបង្កើតវត្ថុដែលគ្មានប្រយោជន៍ដែលមិនអាចប្រើប្រាស់បាន ទោះបីជាចំណាយប្រាក់ច្រើនក៏ដោយ ហើយយើងពិតជាអាចឃើញរឿងកំប្លែងដែលកើតឡើងដូចជារឿងរបស់NASAជាដើម។
កាលពីមុនមានអ្វីមួយដែលហៅថា ប្រាជ្ញានៃជីវិត ដែលបានបន្សល់ទុកក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស។ ហើយពួកគេខ្លះថែមទាំងមានមូលដ្ឋានវិទ្យាសាស្រ្តដ៏រឹងមាំទៀតផង។ ក្នុងករណីភាគច្រើន ” ប្រាជ្ញានៃជីវិត ” វាមិនមែនជាលទ្ធផលនៃការស្រាវជ្រាវឯកទេសទេ ក៏ប៉ុន្តែជាគំនិត និងចំណេះដឹងផ្អែកលើបទពិសោធន៍ជីវិតពិត ដែលក្រោយមកត្រូវបានគេរកឃើញដើម្បីអោយយល់បានតាមបែបវិទ្យាសាស្រ្ត។
ដូចគ្នានេះផងដែរ ការដោះស្រាយបញ្ហារបស់នរណាម្នាក់គឺជាច្បាប់មាសមួយនៃអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ អាជីវកម្មតែងតែទាមទារប្រាក់ចំណេញ។ ដំណោះស្រាយដែលមិនមានផលចំណេញនឹងមិនត្រូវបាននាំមកទីផ្សារនោះទេ ទោះបីជាវាមានប្រយោជន៍ដល់មនុស្សយ៉ាងណាក៏ដោយ។ ” ប្រាជ្ញានៃជីវិត ” មានតម្លៃថោក ងាយស្រួល អ្នកណាក៏អាចធ្វើបានតែវាពិបាកក្នុងការប្រែក្លាយអាជីវកម្ម ហើយថែមទាំងអាចក្លាយជាឧបសគ្គដល់អាជីវកម្មទៀតផង។
ដោយសារតែសាវតានេះ និង ការវិវត្តន៍នៃវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ផលិតផលជាច្រើនបានចូលទីផ្សារ ហើយនៅពេលដែលមនុស្សចង់ដោះស្រាយបញ្ហា ពួកគេលែងគិត ឬ ព្យាយាមបង្កើតគំនិតថ្មីទៀតហើយ ក៏ប៉ុន្តែត្រូវស្វែងរកផលិតផលមកដោះស្រាយបញ្ហាជាមុនសិន។ ជាលទ្ធផល ” ប្រាជ្ញាសម្រាប់ជីវិត ” បានក្លាយជាអ្វីដែលមិនចាំបាច់នៅក្នុងជីវិតរបស់មនុស្សមិនត្រូវបានធ្លាក់ចុះទេ ហើយនៅទីបំផុតការបង្កើត ” ប្រាជ្ញាសម្រាប់ជីវិត ” ថ្មីបានថយចុះយ៉ាងខ្លាំង។
ជាការពិតណាស់ ការច្នៃប្រឌិតបច្ចេកវិទ្យា និង ការអភិវឌ្ឍន៍វិទ្យាសាស្រ្តមានសារៈសំខាន់ ហើយមនុស្សជាច្រើននៅជុំវិញពិភពលោកកំពុងរស់នៅដោយទទួលបានអត្ថប្រយោជន៍ពីពួកគេ។ គ្មាននរណាម្នាក់អាច បដិសេធបាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ ប្រាជ្ញានិងភាពបុិនប្រសប់មិនគួរត្រូវបានធ្វេសប្រហែសនោះឡើយ។ ប្រាជ្ញា និងភាពបុិនប្រសប់មិនត្រឹមតែមានប្រយោជន៍ក្នុងជីវិត ប្រចាំថ្ងៃប៉ុណ្ណោះទេ នៅក្នុងពិភពធុរកិច្ច មានបញ្ហាជាច្រើនដែលអាចយកឈ្នះបានដោយប្រាជ្ញា និង ភាពបុិនប្រសប់ ហើយភាពខុសគ្នារវាងអ្នកដែលមានវា និងអ្នកដែលមិនមានពេលខ្លះអាចបង្កើតភាពខុសគ្នារវាងជោគជ័យ និង បរាជ័យ។
ជាងនេះទៅទៀត ពេលខ្លះខ្ញុំមានអារម្មណ៍ថាសិល្បៈក៏មានសារៈសំខាន់ដល់​ ” ប្រាជ្ញាសម្រាប់ជីវិត ” ដែរ។ ខ្ញុំមិនសូវមានចំណេះដឹងអំពីតន្ត្រីប៉ុន្មានទេ ក៏ប៉ុន្តែខ្ញុំគិតថាតន្រ្តីបុរាណប្រហែលជាមិនត្រូវបានបង្កើតសម្រាប់តែការលក់នោះទេ ប៉ុន្តែគឺចេញពីការស្វែងរកតន្រ្តីមួយដែលល្អ។ នោះហើយជាមូលហេតុដែលខ្ញុំមានអារម្មណ៍ថាតន្ត្រីបុរាណមានភាពស្រស់ថ្លា ហើយពេលខ្លះតន្រ្តីវាអាចផ្សារភ្ជាប់ជាមួយនឹង ” ប្រាជ្ញានៃជីវិត “។ នៅ JATIC វាជារឿងធម្មតានៃការងាររបស់ខ្ញុំ ខ្ញុំបានទៅមើលក្រុមហ៊ុនគ្រប់ប្រភេទនៅក្នុងប្រទេសជប៉ុន ដោយបានឃើញ និងឮអំពីពួកគេ និយាយទាក់ទងជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើន។ ប៉ុន្តែតើបច្ចេកវិទ្យាទាំងនេះពិត ជាអាចផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាមែនឬ? តើវាអាចដោះស្រាយនូវរឿងរ៉ាវអ្វីខ្លះមកដល់ប្រទេសកម្ពុជា? តើគ្មានដំណោះស្រាយ ណាផ្សេងក្រៅតែពីអំពីបច្ចេកវិទ្យានោះមែនទេ? នេះគឺជារឿងសំខាន់ដែលយើងមិនត្រូវមើលរំលងនោះឡើយ ប្រសិនបើមិនដូច្នេះទេ វានឹងក្លាយជាការធ្វើដើម្បីតម្រូវតែចិត្តខ្លួនឯង។ យ៉ាងណាមិញ បញ្ហានៃការមិនអាចប្រើប៊ិចក្នុងលំហរខាងក្រៅ ក៏អាចត្រូវបានដោះស្រាយដោយការប្រើខ្មៅដៃជំនួសវិញបានដែរ។​