កាលពីថ្ងៃអាទិត្យ ទី ១៣ ខែ កក្កដា ខ្ញុំបានទៅចូលរួមពិធីបុណ្យ ថាណាបាតា (Tanabata Festival) ដែលបានរៀបចំឡើងនៅ CJCC ជាថ្មីម្តងទៀត បន្ទាប់ពីមានការអាក់ខានរយៈពេលជាច្រើនឆ្នាំ។ ខ្ញុំចាំមិនច្បាស់ទេថាពេលវេលាចុងក្រោយដែលខ្ញុំបានទៅចូលរួមក្នុ្ងងកម្មវិធី (Tanabata Festival) នៅពេលណា ប៉ុន្តែតាមអ្វីដែលខ្ញុំនៅចាំបានខ្លះៗកាលពីចូលរួមលើកមុននិងពេលនេះគឺខ្ញុំមានអារម្មណ៍ថាមានការខុសប្លែកគ្នាខ្លាំងណាស់។ ជាពិសេសគឺស្តង់ដែលដាក់បង្ហាញពីក្រុមហ៊ុនជប៉ុនគឺមានចំនួនតិចតួច។ ខ្ញុំហាក់ដូចជាចាំបានថា ពីមុនគឺមានស្តង់ក្រុមហ៊ុនជប៉ុនជាច្រើនដាក់តាំងនៅទីនោះ (ទោះបីជាការចាំរបស់ខ្ញុំអាចច្រឡំក៏ដោយ)។ លើសពីនេះទៅទៀត លក្ខណៈរបស់ជនជាតិខ្មែរដែលមកចូលរួមកម្មវិធីក៏មានការផ្លាស់ប្តូរផងដែរ កាលពីមុនភាគច្រើនពួកគាត់ស្លៀកសម្លៀកបំពាក់ យឺកាតា ដែលអាចជួលបាននៅទីនោះ ផ្ទាល់ ប៉ុន្តែលើកនេះ ជនជាតិខ្មែរដែលមកចូលរួមភាគច្រើនគឺស្លៀកពាក់ (cosplay) ជំនួសឲ្យយឺកាតា ទៅវិញ។ ខ្ញុំចាប់អារម្មណ៍ថាប្រហែលជាពួកគេចាប់ផ្តើមចូលចិត្តប្រទេសជប៉ុនដោយសារតែភាពយន្ត អានិមេ។
ការដែលមានមនុស្សណាម្នាក់ចំណាប់អារម្មណ៍ចំពោះប្រទេសជប៉ុន ហើយចាប់ផ្ដើមស្រលាញ់ប្រទេសជប៉ុននោះ មិនថាក្នុងហេតុផលអ្វីក៏ដោយ វាគឺជារឿងដែលគួរឱ្យអរគុណខ្លាំងណាស់ ហើយខ្ញុំមិនមានបញ្ហាអ្វីនឹងរឿងនោះទេ។ ប៉ុន្តែការថយចុះនៃចំនួនក្រុមហ៊ុនជប៉ុនដែលចូលរួមដាក់ស្តង់ក្នុងព្រឹត្តិការណ៍នេះ វាហាក់ដូចជាមានអារម្មណ៍ថាមានបញ្ហាខ្លះៗផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ CJCC សហការជាមួយស្ថានទូតជប៉ុន និងមូលនិធិជប៉ុន ក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា។ គោលបំណងមួយគឺជំរុញការផ្លាស់ប្តូរជាមួយសហគមន៍ជប៉ុននៅកម្ពុជា ប៉ុន្តែការខ្វះការចូលរួមសាទររបស់ភាគីជប៉ុនគឺជារឿងមួយដែលគួរឲ្យសោកស្ដាយ។
ខ្ញុំមិនអាចនិយាយអ្វីឲ្យលើសពីនេះបានទេ ពីព្រោះខ្ញុំមិនដឹងពីព័ត៌មានលម្អិតដូចជាការ ចំណាយសម្រាប់ការបើកស្តង់ជាដើម ប៉ុន្តែខ្ញុំគិតថាព្រឹត្តិការណ៍ប្រភេទនេះមិនគួរត្រូវបានវាយតម្លៃត្រឹមតែផ្នែកផលចំណេញនោះទេ។ នៅក្នុងព្រឹត្តិការណ៍ដែលមានកុមារជាច្រើនដែលចូលចិត្តវប្បធម៌ និងអានីមេជប៉ុន ហើយក៏ខិតខំសិក្សាភាសាជប៉ុនផងដែរ ខ្ញុំមិនត្រឹមតែមានអារម្មណ៍សោកស្តាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសុំអភ័យទោសផងដែរ ពេលដែលមានជនជាតិជប៉ុនមកចូលរួមតិចដល់ថ្នាក់អាចរាប់បានបែបនេះ។
ទោះបីជាបុគ្គលិកខ្មែរនៅក្នុងក្រុមហ៊ុនរបស់យើងមិនបានសិក្សាភាសាជប៉ុន ឬមិនមានចំណាប់អារម្មណ៍លើប្រទេសជប៉ុនក៏ដោយ ប្រសិនបើពួកគេចូលរួមក្នុងព្រឹត្តិការណ៍ជាមួយគ្នានោះ វាអាចជំរុញឱ្យពួកគេចាប់អារម្មណ៍នឹងប្រទេសជប៉ុន និងធ្វើឱ្យពួកគេចង់សិក្សាភាសាជប៉ុនក៏អាចថាបាន។ ដោយសារព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដ៏អស្ចារ្យបែបនេះ វានឹងកាន់តែប្រសើរសម្រាប់ទាំងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ហើយប្រសិនបើប្រជាជនជប៉ុនអាចសហការគ្នាកាន់តែច្រើន នឹងធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍កាន់តែធំ។
ប្រហែលជាមានម្ចាស់ភោជនីយដ្ឋានមួយចំនួនដែលយល់ថាវាមិនមានផលចំណេញក្នុងការកំណត់គោលដៅតែអតិថិជនជនជាតិជប៉ុនតិចតួច ហើយចង់ទាក់ទងប្រជាជនកម្ពុជាឲ្យកាន់តែច្រើន។
សម្រាប់មនុស្សបែបនេះ វាគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ PR ហើយអាចមានប្រសិទ្ធភាពជាកន្លែងសម្រាប់ការស្រាវជ្រាវទីផ្សារនៃផលិតផលថ្មី។ លើសពីនេះ វាអាចជាកន្លែងចាប់ផ្តើមជ្រើសរើសបុគ្គលិក ដោយមិនចាំបាច់បង់ថ្លៃខ្ពស់ដល់ភ្នាក់ងារជ្រើសរើសបុគ្គលិក។
ក្នុងនាមខ្ញុំជាជនជាតិជប៉ុន ខ្ញុំសប្បាយចិត្ត និងមានមោទនភាពដែលប្រជាជនមកពីប្រទេសដែលមានវប្បធម៌ និងទំនៀមទម្លាប់ខុសគ្នាទាំងស្រុងបានស្រលាញ់ប្រទេសជប៉ុន ហើយខ្ញុំជឿជាក់ថានៅមានច្រើនទៀតដែលពួកយើងជាជនជាតិជប៉ុនអាចធ្វើដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍នេះ។