//ភាពសម្បូរបែបនៃយុវជនជំនាន់ GEN-Z

ភាពសម្បូរបែបនៃយុវជនជំនាន់ GEN-Z

ខ្ញុំសង្កេតឃើញថា ការបម្រែបម្រួលរបស់ពិភពលោកនាយុគសម័យថ្មីនេះគឺបានធ្វើឲ្យបច្ចេកវិទ្យាកាន់តែទំនើប ការអប់រំកាន់តែជឿនលឿន ការគិតរបស់មនុស្សកាន់តែអភិវឌ្ឍល្អប្រសើរជាងមុនដែលផ្តល់នូវភាពងាយស្រួលជាច្រើនទៅដល់ការរស់នៅរបស់មនុស្សនៅក្នុងសង្គម។ ក្នុងការប្រែប្រួលរបស់ពិភពលោកនេះ កម្ពុជាដែលជាប្រទេសទើបតែងើបពីសង្រ្គាមបានប៉ុន្មានទសវត្សនិងជាប្រទេសកំពុងតែអភិវឌ្ឍមួយដែរនោះ ក៏បានទទួលនូវឥទ្ធិលពលនេះ ហើយបានផ្លាស់ប្តូរទៅតាមទំនោរនៃសាកលលោកដែរ ទាំងបច្ចេកវិទ្យា ទាំងការអប់រំ និងការគិតរបស់ប្រជាពលរដ្ឋ។ ជាការពិតណាស់ តាមខ្ញុំដឹង យុវជននៅក្នុងសម័យថ្មី Gen Z ​នេះគឺមានភាពល្អប្រសើរនិងសម្បូរបែបជាងសម័យមុន។ ជាឧទាហរណ៍ជាក់ស្តែង កាលជំនាន់ខ្ញុំនៅសិក្សាថ្នាក់វិទ្យាល័យគឺ បច្ចេកវិទ្យាមិនទាន់ទំនើប សូម្បីតែទូរស័ព្ទដៃក៏ខ្ញុំមិនមានប្រើ បណ្តាញសង្គម Facebookក៏ខ្ញុំមិនទាន់ចេះប្រើប្រាស់ ខ្ញុំទើបតែចេះបង្កើតនៅក្នុងឆ្នាំ២០១៣ ហើយការចែករំលែកព័ត៌មានក៏មិនទាន់បានទូលំទូលាយដែរ ដោយព័ត៌មានជាទូទៅយើងដឹងតាមគ្នា ដឹងតាមទស្សនាវដ្តី ឬ កាសែតដែលចុះផ្សាយជាដើម ហើយបើឳកាសទទួលបានការងារធ្វើវិញទៀត ក៏មិនទាន់ទូលំទូលាយដែរ ភាគច្រើនគឺធ្វើការតាមរយៈការស្គាល់តៗគ្នាពីមិត្តភក្តិ បងប្អូន ខុសពីសម័យនេះដែលមានបច្ចេកវិទ្យាទំនើបព័ត៌មានផ្សព្វផ្សាយអំពីការងារក៏ទូលំទូលាយហើយអាចរកបានតាមបណ្តាញសង្គមយ៉ាងងាយស្រួល។  យុវជននៅក្នុងសម័យនេះគឺជំនាន់យុវជន Gen Z  ដែលពួកគេនេះត្រូវបានគេរាប់ចាប់ពីឆ្នាំ ១៩៩៧ រហូតឆ្នាំ ២០១២ គឺពួកគេមានលទ្ធភាពគ្រប់គ្រាន់និងងាយស្រួលក្នុងការប្រើប្រាស់ព័ត៌មានវិទ្យា និងសេវាកម្មដ៏សម្បូរបែបក្នុងសម័យទំនើប ឬសាកលភាវូបនីយកម្មឌីជីថល។ តាមការសាកសួររបស់ខ្ញុំទៅកាន់ប្អូនស្រីម្នាក់ដែលស្ថិតនៅក្នុង Gen Z គាត់បាននិយាយថា៖ “ យុវជននាសម័យបច្ចុបន្បនេះភាគច្រើនមានការងារធ្វើព្រោះនាសម័យនេះមានការបើកឳកាសច្រើនឲ្យពួកគេបានសាកល្បងធ្វើ  ហើយជាក់ស្ដែងយុវជនដែលខ្ញុំបានស្គាល់គឺភាគច្រើនពួកគេរកលុយដោយខ្លួនឯង។ យុវជនសម័យនេះគឺឆាប់ប្រឡូកនឹងការងារឆាប់ចង់ចេះចង់ដឹង។”

តាមស្ថិតិមួយដែលចេញដោយ អ្នកសិក្សាការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចបានបង្ហាញថា៖ យុវជន Gen Z សម្រាប់ប្រទេសកម្ពុជា​មានកម្រិតខ្ពស់ជាងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន ដែលមានរហូតដល់៦០% លើសហ្វីលីពីនដែលមានចំនួន ៤៥% និងឥណ្ឌូនេស៊ីដែលជាប់ចំណាត់ថ្នាក់ទីបីដែលមានតែ ២៨%។  បាតុភូតប្រជាសាស្រ្តនេះមិនត្រឹមតែគូសបញ្ជាក់អំពីប្រជាសាស្រ្តវ័យក្មេងរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីសក្តានុពលរបស់វាក្នុងការជះឥទ្ធិពលលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ប្រទេសផងដែរ។ អត្រាខ្ពស់នៃ Gen Z នឹងអាចជំរុញឲ្យប្រទេសកម្ពុជាឆ្ពោះទៅរកការទទួលយកឌីជីថលយ៉ាងឆាប់រហ័ស ជំរុញការបណ្តាក់ទុនសហគ្រិនប្រកបដោយភាពច្នៃប្រឌិត និងជំរុញការផ្លាស់ប្តូរវប្បធម៌ជឿនលឿន។  ទន្ទឹមនឹងនេះផងដែរ វត្តមានយ៉ាងច្រើនរបស់យុវជន Gen Z បានបង្ហាញអោយយើងដឹងអំពីភាពចាំបាច់នៃការអប់រំ ឳកាសការងារ និងគោលនយោបាយសង្គម ដើម្បីអោយសមស្របទៅតាមតម្រូវការនិងការប្រាថ្នារបស់ពួកគេ។

          ឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនយុវជន Gen Z សព្វថ្ងែនេះដែរក៏មានស្ថាប័នរដ្ឋដែលបាន ​​ ផ្តល់ឳកាសឲ្យយុវជន ក៏ដូចជាកម្មវិធីបណ្ដុះបណ្ដាលជំនាញ ​បច្ចេកទេស វិជ្ជាជីវៈ និងអប់រំ  ដែលហៅកាត់ថា(TVET) របស់ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ  ដែលកម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់​ឲ្យយុវជនងាយស្រួលរក ​ជំនាញដែលពួកគេត្រូវការ ដើម្បី​ទទួលបាន​ជោគជ័យ​នៅក្នុងវិស័យ​ការងារ។ ការសិក្សាជំនាញគឺជាស្ពានចម្លងអនាគតរបស់យុវជន ដែលក្នុងនោះដែរយុវជន និង សិស្សានុសិស្ស​អាចជ្រើសរើសជំនាញចំនួន១១ប្រភេទដូចជា៖ ការចម្អិនម្ហូប ជាងផ្សារ សម្អាង ការកាត់ដេរ អគ្គិសនី អេឡិចត្រូនិក ជាងជួសជុលរថយន្ត ជាងជួសជុលម៉ូតូ ជាងកាត់សក់បុរស បោកគក់ និងកសិកម្មជាដើម។​ យុវជន Gen Z ក៏ដូចជាយុវជនទាំងអស់ដែលមានការចាប់អារម្មណ៍ទៅលើការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ ដោយវាជាឱកាសដ៏ល្អ ហើយការសិក្សាជំនាញដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភបន្ថែមប្រសិនបើយុវជនមកពីគ្រួសារក្រីក្រី និងគ្រួសារងាយរងហានិភ័យ។ ខ្ញុំ ខ្លួនឯងផ្ទាល់ បើទោះបីជាសព្វថ្ងៃកំពុងបម្រើការជាបុគ្គលិកក្នុងក្រុមហ៊ុនជប៉ុនមួយក៏ដោយ ក៏ប៉ុន្តែក្នុងចិត្តនៅតែមានក្តីស្រម៉ៃចង់សិក្សានូវជំនាញបន្ថែមទៀតសម្រាប់បំណិនជីវិត ដោយគិតថាការចេះជំនាញគឺវាអាចជាប្រភពនៃចំណូលបន្ថែមផង និងអាចជួយបានយ៉ាងច្រើននៅក្នុងជីវិតប្រចាំថ្ងៃ។           ភាពល្អប្រសើរនៃជំនាន់នេះគូសបញ្ជាក់ឱ្យប្រទេសកម្ពុជានូវឱកាសជាក់លាក់មួយដើម្បីទាញយកទេពកោសល្យ និងទស្សនៈរបស់យុវជន Gen Z ដើម្បីជំរុញកំណើនប្រកបដោយនិរន្តរភាព និងការច្នៃប្រឌិត។ នៅពេលដែលអាស៊ីអាគ្នេយ៍រីកចម្រើន យុវជនរបស់កម្ពុជា ជាពិសេសយុវជន Gen Z អាចលេចចេញជាសញ្ញានៃភាពជឿនលឿនរបស់ខ្លួន ដោយធ្វើជាគំរូសម្រាប់ការប្រើប្រាស់សក្តានុពលនៃយុវជនជំនាន់ក្រោយប្រកបដោយប្រសិទ្ធភាព។ ដូច្នេះហើយ នេះជាយុគសម័យមាសមួយដែលយុវជនគួរតែប្រឹងប្រែង ក្តោបឳកាសនេះអោយបាន ហើយខិតខំបណ្តុះស្មារតីសិក្សាអោយបានល្អ ដើម្បីជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃមុខ នឹងអាចបន្សល់ភាពល្អសម្បូរបែបផ្សេងៗទៀតទៅដល់យុវជនជំនាន់ក្រោយៗបន្តទៀត។