//ត្រូវចេះការពារខ្លួនក្នុងការរស់នៅប្រចាំថ្ងៃ

ត្រូវចេះការពារខ្លួនក្នុងការរស់នៅប្រចាំថ្ងៃ

 យើងតែងតែនិយាយថា ចំនួនក្រុមហ៊ុនជប៉ុន និងអ្នកទេសចរដែលចូលមកកម្ពុជាមានការកើនឡើងនៅឆ្នាំនេះ ប៉ុន្តែចាប់តាំងពីចូលឆ្នាំចិនមក ចំនួនឧក្រិដ្ឋកម្មក៏មានការកើនឡើងផងដែរ។ ដោយផ្អែកលើការចុះផ្សាយ​ គ្រោះថ្នាក់ដែលយើងបានបោះពុម្ពពីមុន កាសែតរបស់យើងបានពិនិត្យឡើងវិញនូវទីតាំង និងកាលៈទេសៈនៃបទល្មើសនាពេលថ្មីៗនេះ ហើយកំពុងធ្វើការយ៉ាងឆាប់រហ័សដើម្បីលើកទឹកចិត្តប្រជាជនឱ្យជៀសវាងគ្រោះថ្នាក់។ តាមពិតទៅ ខ្លួនខ្ញុំផ្ទាល់បានរំលឹកខ្លួនឯងសារជាថ្មីអំពីសារៈសំខាន់នៃការប្រុងប្រយ័ត្ន នៅពេលដែលថ្មីៗនេះខ្ញុំរងគ្រោះដោយឧប្បត្តិហេតុឆក់កាបូបពេលកំពុងជិះកង់បីជាមួយអ្នកស្គាល់គ្នា។ ពេល​នោះ​ម៉ូតូ​ដែល​ជិះ​ពី​មុខ​យើង​ធ្វើ​ដំណើរ​យឺតៗ​មើល​ជុំវិញ​ដូចជា​ដើរ​រក​ផ្ទះ។ ខ្ញុំមានអារម្មណ៍ថាមានអ្វីមួយចម្លែក ដូច្នេះខ្ញុំប្រយ័ត្ន ប៉ុន្តែភ្លាមស្រាប់តែមានម៉ូតូមួយគ្រឿងទៀតដែលមានមនុស្សពីរនាក់ចេញពីចំហៀងមក វាយជើងទាំងពីររបស់ខ្ញុំ ហើយលួចកាបូបដែលដាក់នៅក្បែរជើងខ្ញុំ។ ហើយ​វា​បាន​កើត​ឡើង​នៅ​កន្លែង​ដែល​ប៉ូលិស​បី​នាក់​ស្ថិត​នៅ​ផ្លូវ​ផ្ទុយ​គ្នា។ ៣០នាទីក្រោយមក នៅលើផ្លូវស្របដូចគ្នា ឧប្បត្តិហេតុសោកនាដកម្មមួយបានកើតឡើងដែលស្ត្រីម្នាក់ត្រូវបានបាញ់ចំនួនពីរគ្រាប់ជាមួយនឹងកាំភ្លើងខ្លី បន្ទាប់ពីវ៉ាលីរបស់នាងត្រូវបានឆក់ ហើយពេលនោះនាងបានប្រតាយប្រតប់និងចោរឆក់នោះ។ ប្រសិនបើវាជាជនល្មើសចោរដូចគ្នា ខ្ញុំកាន់តែមានភាពភយ័ខ្លាចដោយគិតថា វាប្រហែលជាបុណ្យជួយហើយ ដែលខ្ញុំមិនត្រូវបានពួកគេបាញ់។ គួរបញ្ជាក់ផងដែរថា នៅមាត់ទន្លេ មានករណី បុរសម្នាក់ បានកាប់ដៃ បុរសម្នាក់ទៀតរបួសធ្ងន់ធ្ងរ ដល់ឆ្អឹង ហើយខ្ញុំមានអារម្មណ៍ ខ្លាចចោរប្លន់ កាន់តែខ្លាំងឡើងៗ។
 រឿង​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​គឺ​មន្ត្រី​ប៉ូលិស។ ទោះបីជាឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តនៅចំពោះមុខខ្ញុំក៏ដោយ ពួកគេមិនដេញតាមជនល្មើសទេ ផ្ទុយទៅវិញប្រាប់ពួកគេឱ្យ “ទៅប៉ុស្តិ៍ប៉ូលីស” ដែលអាចបកស្រាយបានថាជាការបោះបង់ចោលភារកិច្ចរបស់ពួកគេ។ បើប្រៀបធៀបទៅនឹងមន្ត្រីប៉ូលីសមួយចំនួនដែលបានស្លាប់ពេលកំពុងឈរជើងក្រោមពន្លឺថ្ងៃដ៏ក្ដៅគគុកពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំមានអារម្មណ៍អាណិត និងខឹងសម្បារខ្លាំងណាស់។ ដរាបណាពួកគេស្លៀកពាក់ឯកសណ្ឋាន សកម្មភាពរបស់ពួកគេមិនអាចទទួលយកបានទេ។ ខ្ញុំ​មាន​បំណង​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​រដ្ឋបាល​ផង​ដែរ។
 លើសពីនេះ មិនមានការថយចុះនៃការក្លែងបន្លំកាតដែលផ្តោតលើភ្ញៀវទេសចរ និងភ្ញៀវស្នាក់នៅរយៈពេលខ្លីនោះទេ។ យើងនៅតែលឺពីឧក្រិដ្ឋកម្មដ៏សាហាវ ដែលជនល្មើសចូលទៅជិតជនរងគ្រោហើយនិយាយជាភាសាជប៉ុនហើយបបួលពួកគេចង់ញ៉ាំអាហារពេលល្ងាចនៅផ្ទះ ឬចូលរួមពិធីជប់លៀង បន្ទាប់មកនាំពួកគេទៅកន្លែងដែលសមគំនិតរបស់ពួកគេដែលកំពុងរង់ចាំ បន្ទាប់មកប្រើវិធីបោកបញ្ឆាតដើម្បីឲ្យពួកគេប្រគល់ប្រាក់ ក៏ដូចជាដកប្រាក់ចេញពីម៉ាស៊ីនអេធីអឹមទៀតផង។ ខាងក្រោមនេះ យើងខ្ញុំនឹងរៀបរាប់ម្តងទៀតនូវចំណុចមួយចំនួនដែលត្រូវដឹង ដើម្បីទប់ស្កាត់បទល្មើសទាំងនេះ។
១) ពេលនិយាយទូរសព្ទ ដៃកាន់វាទៅជិតត្រចៀក ហើយបែរមុខចេញពីផ្លូវ។ ២) កុំយកកាបូបស្ពាយលើស្មា ឬកាន់កាបូបនៅលើចិញ្ចើមផ្លូវ។ ៣) កុំបង្ហាញកាបូបរបស់អ្នកគ្រប់ទីកន្លែងតាមដែលអាចធ្វើទៅបាន; ៤) ចាក់សោទ្វារនៅពេលចូលឡាន; ៥) ជៀសវាងរបស់របរនិងសម្លៀកបំពាក់មានតរម្លៃ ៦) តាក់ស៊ីមានតម្លៃថោកជាងរ៉ឺម៉ក ដូច្នេះត្រូវប្រើវានៅពេលណាដែលអាចធ្វើទៅបាន (ពេលជិះរ៉ឺម៉ក ជ្រើសរើសមួយដែលមានឃ្លុបសម្រាប់បិទការពារ )។ ល។
 ទាំងនេះសុទ្ធតែជារឿងតូចតាច ដែលអាចឱ្យយើងគិតថាមិនសូវមានការប្រុងប្រយ័ត្ន ប៉ុន្តែយើងគួរតែគិតគូរពីសុវត្ថិភាពខ្លួនយើងជានិច្ច។ ជាពិសេសជុំវិញព្រឹត្តិការណ៍ធំៗ ចំនួនមនុស្សប្រព្រឹត្តបទឧក្រិដ្ឋ ដោយសង្ឃឹមថានឹងអាចទទួលបានប្រាក់ច្រើនមួយចំនួនបានកើនឡើង។ ដូច្នេះ ទោះ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ផុត​ទៅ​ក៏​ដោយ ក៏​ត្រូវ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​បន្តទៀតដែរក្នុង​រដូវ​នេះ។