//មរតកវប្បធម៌ឆ្ពោះទៅអនាគត៖ មាគ៌ាសន្តិភាពដែលបានឃើញក្នុងទិវាវប្បធម៌កម្ពុជា

មរតកវប្បធម៌ឆ្ពោះទៅអនាគត៖ មាគ៌ាសន្តិភាពដែលបានឃើញក្នុងទិវាវប្បធម៌កម្ពុជា

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ “ទិវាវប្បធម៌”​​ ដែលរៀបចំដោយស្ថានទូតកម្ពុជាប្រចាំប្រទេស ជប៉ុនបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលប្រជាពលរដ្ឋ Minato Ward ( Akasaka Community Plaza ជាន់ទី៣ ដែលអាចផ្ទុកមនុស្សបាន ៤០០នាក់)។ ឆ្នាំនេះគឺជាខួបលើកទី២៥ នៃព្រឹត្តិការណ៍នេះដែលមានគោលបំណងរក្សានូវវប្បធម៌ ប្រពៃណី និងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកជាអន្តរជាតិ។ មនុស្សជាង៣០០នាក់ បានធ្វើការកក់ទុកជាមុនដើម្បីបានចូលរួម ហើយព្រឹត្តិការណ៍នេះគឺពោរពេញទៅដោយភាពរំភើបនិងសប្បាយរីករាយ។ ក្រៅពីការរាំ និងការសំដែងរបាំ នៅកន្លែងនេះក៏មានការបង្ហាញពីជំនាញរបស់កម្ពុជា វត្ថុដែលបានជីកកកាយ និងការតាំងពិពណ៌ប្រវត្តិសាស្រ្តដែលផ្តល់កន្លែងសម្រាប់សហគមន៍ខ្មែរក្នុងប្រទេសជប៉ុន និងអ្នកចូលរួមក្នុងការប្រាស្រ័យទាក់ទងគ្នាគ្រប់ជំនាន់និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។

នៅពេលឆាករាងស្ងប់ស្ងាត់បន្តិច ក៏មាននារីនៅក្នុងឈុតប្រពៃណីខ្មែរម្នាក់បានដើរយ៉ាងយឺតៗទៅមុខ។ សំលៀកបំពាក់ប៉ាក់ដោយពណ៌មាស និងពណ៌ក្រហមដែលបានរំលេចភ្លឺចែងចាំងឡើងមក។ វាជាគ្រាដ៏អស្ចារ្យមួយដែលមនុស្សកើត និង រស់នៅក្នុងប្រទេសក្រៅអាចនិយាយពីស្រុកកំណើតរបស់ខ្លួន។ ក្នុងនោះក៏មានការសម្តែងរបាំក្រម៉ារបស់ក្រុមរបាំព្រះរាជទ្រព្យដែលជាទម្រង់តំណាងនៃរបាំប្រពៃណីខ្មែរ និង របាំបួងសួងដើម្បីឧទ្ទិសទៅដល់ព្រះពុទ្ធ ដែលសម្តែងជូនដោយកុមារជំនាន់ទី៣ ដែលបានកើតនិងធំដឹងក្តីនៅប្រទេសជប៉ុន។ ពេលខ្ញុំឃើញក្មេងៗនៅលើឆាក ខ្ញុំមានអារម្មណ៍ថា​ “វប្បធម៌មិនមែនជាការបង្ហាញប្រាប់ពីអតីតកាលនោះទេ ប៉ុន្តែជាការបង្ហាញនៃការឆ្លុះបញ្ចាំងអំពីអនាគត”។ ក្នុងចំណោមភ្ញៀវទាំងនោះ មានភ្ញៀវពិសេសម្នាក់គឺលោក Yasushi Akashi អតីតតំណាងពិសេសនៃអាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ( UNTAC ) និងជាអតីតអគ្គលេខាធិការរងអង្គការសហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំបន្ទាប់ៗមក លោកក៏ បានដឹកនាំដំណើរការសន្តិភាពរបស់ប្រទេសកម្ពុជា ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងការស្តារឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ លោក Yasushi Akashi បានដឹកនាំកងទ័ពយោធា និងសុីវិលប្រមាណ ២០០០០នាក់ ហើយបានដឹកនាំប្រទេសកម្ពុជាទៅកាន់សន្តិភាពនៅក្នុងប្រទេសមួយដែលមានភាពរង្គោះរង្គើដោយសារតែសង្គ្រាមសុីវិលនៅពេលនោះ។

របាំដែលកុមារៗបានសម្តែងហាក់បីដូចជាផ្លែផ្កានៃទឹកដីសន្តិភាព។ សកម្មភាព និង ទស្សនវិជ្ជារបស់លោក Yasushi Akashi មិនត្រឹមតែជួយបញ្ចប់នូវភ្លើងនៃសង្រ្គាមប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ដែលជាស្ពានទ្រទ្រង់នូវវប្បធម៌ និង សេចក្តីថ្លៃថ្នូររបស់មនុស្ស។ ក្មេងៗដែលឡើងឆាកក៏បានក្លាយជាស្ពាន។ ពួកគេបានថ្វាយបង្គំព្រះ និងព្រះពុទ្ធខ្មែរនៅប្រទេសជប៉ុន ជាកន្លែងដែលពួកគេបានកើត និងធំធាត់ ហើយបានភ្ជាប់ទស្សនិកជនជាមួយប្រទេសកំណើតរបស់ខ្លួន។ ការសម្តែងរបស់ពួកគេបានបង្ហាញជាថ្មីម្តងទៀតថាវប្បធម៌គឺជាសកម្មភាពដែលភ្ជាប់មនុស្សជាមួយនឹងសន្តិភាព។
សន្តិភាពត្រូវបានរក្សាមិនត្រឹមតែតាមរយៈក្របខណ្ឌជាក់លាក់ដូចជា សន្ធិសញ្ញានិងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈការគាំទ្រខាងក្នុងដូចជា អារម្មណ៍ និងមោទនភាពរបស់មនុស្សផងដែរ។ អ្វីដែលតម្រូវអោយយើងរស់ នៅសព្វថ្ងៃនេះគឺការរៀនសូត្រពីអតីតកាល បទពិសោធន៍នៃវប្បធម៌ និង​ ប្រើការយល់ដឹងនោះដើម្បីកសាងអនាគត។ ជាថ្មីម្តងទៀតទិវាវប្បធម៌កម្ពុជាក្នុងឆ្នាំនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់និងរស់រវើកដែលជាឳ​កាសដ៏មានតម្លៃក្នុងការចែករំលែកនិងបន្តស្មារតីនោះផងដែរ។