ដោយសារតែទំនាក់ទំនងការងាររបស់ខ្ញុំ ខ្ញុំតែងតែចូលមើលគេហទំព័រសារព័ត៌មានទាំងជប៉ុន និងកម្ពុជា។ ហើយខ្ញុំចាប់អារម្មណ៍ថាមានភាពខុសគ្នាធំមួយ។ ភាពខុសគ្នានោះគឺ គេហទំព័រព័ត៌មានជប៉ុន បានប្រើប្រាស់សម្រាប់ព័ត៌មានកម្សាន្តច្រើន។ តើការពិតដែលឃ្លាតឆ្ងាយពីរូបភាពដែលនឹកឃើញដល់ពេលគេគិតដល់ពាក្យ ប្រព័ន្ធផ្សព្វផ្សាយ ពិតជាស្របតាមការចង់បានរបស់អ្នកអានមែនឬទេ? ក្នុងនាមជាស្ថាប័នព័ត៌មាន ឬជា សហគ្រាសពាណិជ្ជកម្ម វាគឺជារឿងសាមញ្ញដែលគេផ្តោតសំខាន់ទៅលើប្រាក់ចំនេញ។ ក្នុងន័យនេះព័ត៌មានកម្សាន្តគឺជាមធ្យោបាយដ៏ល្អមួយ ក្នុងការបង្កើតនូវទិដ្ឋភាពជាច្រើន ហើយវាក៏ជៀសមិនរួចដែរដែលអត្ថបទបែបនេះនឹងកើតឡើង។ តាមទស្សនៈនេះ ការដែលមានអ្នកទស្សនាច្រើនលើព័ត៌មានកម្សាន្តគឺជាការឆ្លុះបញ្ចាំងពីចេតនារបស់អ្នកអាន ប៉ុន្តែត្រូវសួរវិញថាតើតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយគឺជាការបង្ហាញអ្នកអាននូវអ្វីដែលពួកគេចង់អាន និងចង់មើលតែប៉ុណ្ណឹងទេឬ? ខាងក្រោមនេះជាបញ្ហាដែលស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជប៉ុនកំពុងប្រឈម៖ ភាពលំអៀងនៃប្រព័ន្ធផ្សព្វផ្សាយ និងឥទ្ធិពលនយោបាយពាណិជ្ជកម្មនិយមជ្រុលហួសហេតុ ប្រព័ន្ធក្លឹបអ្នកសារពត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខ ការធ្លាក់ចុះគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ ការកើនឡើងនៃប្រព័ន្ធអុីនធឺណេត និងបណ្តាញសង្គម កង្វះខាតប្រព័ន្ធផ្សព្វផ្សាយបរទេស កង្វះចំណាប់អារម្មណ៍ក្នុងស្រទាប់យុវជន។ ក្រុមហ៊ុនទាំងអស់បានដឹងពីបញ្ហាទាំងអស់នេះ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះមិនមានការកែលម្អរប្រកបដោយប្រសិទ្ធភាពណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។
ប្រភេទសារព័ត៌មានត្រូវបានបែងចែក ជាប្រាំមួយប្រភេទធំៗនោះគឺ៖ សង្គម នយោបាយ សេដ្ឋកិច្ច កិច្ចការអន្តរជាតិ កីឡា និងការកម្សាន្ត ដែលផ្នែកនីមួយៗមាននាយកដ្ឋានឯកទេសផ្ទាល់ខ្លួន និងអ្នកសារព័ត៌មានជំនាញការ។ នៅក្នុងនាយកដ្ឋានទាំងនេះ មាននាយកដ្ឋានដែលត្រូវបានគេហៅថា នាយកដ្ឋានសំខាន់ដែលជានាយកដ្ឋានរកប្រាក់ចំណូលដោយផ្ទាល់ដែលជាហេតុធ្វើអោយមានជះឥទ្ធិពលលើវឌ្ឍនភាពអាជីពរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនសារព័ត៌មាននីមួយៗមានទំនៀមទម្លាប់រៀងៗខ្លួន ហើយប្រធានក្រុមហ៊ុនសារព័ត៌មានមកពីនាយកដ្ឋានទាំងនោះ ច្រើនមាននិន្នាការជានាយកដ្ឋានសំខាន់។ តាមខ្ញុំដឹង ខ្ញុំមិនដែលលឺមានអ្នកមកពីនាយកដ្ឋានកម្សាន្តបានឡើងកាន់តំណែងជាប្រធានក្រុមហ៊ុនសារព័ត៌មាននោះទេ។ តើឆាប់ៗនេះយើងនឹងឃើញប្រធាននាយកដ្ឋានកម្សាន្តឡើងកាន់តំណែងដែរឬយ៉ាងណា? ខ្ញុំនិយាយនេះមិនមែនមានន័យថាព័ត៌មានកម្សាន្តមិនចាំបាច់នោះទេ។ នៅក្នុងពិភពលោកដែលព័ត៌មានជាញឹកញាប់អាចមានភាពឃោរឃៅ កាប់សម្លាប់ ក្រៀមក្រំ ការដែលមានព័ត៌មានកម្សាន្តដ៏រីករាយ និងអស្ចារ្យអាចជាការសំរាកមួយដ៏ល្អ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានការកើនឡើងនូវសារព័ត៌មាននៃការផិតក្បត់ និងរឿងអាស្រូវផ្សេងៗនៅលើបណ្តាញទំនាក់ទំនងសង្គម ដូចជា ការដែលមានមនុស្សច្រើនដែលសប្បាយចិត្តទៅលើទុក្ខសោករបស់អ្នកដទៃ ហើយប្រព័ន្ធផ្សព្វផ្សាយក៏បានក្លាយទៅជាអ្នកដឹកនាំក្នុងការប្រមូលផ្តុំការរិះគន់ទាំងនោះ។
តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយបើនិយាយអោយខ្លីទៅមានផ្សេងៗគ្នា។ ក្នុងចំណោមនោះ វាមានភាពខ្វះខាតក្នុងការបំពេញតួនាទីសំខាន់របស់ខ្លួនក្នុងការផ្តល់នូវទស្សនចម្រុះ ដែលបណ្តាលអោយមានការបញ្ចេញមតិតែម្ខាង ហើយខ្វះខាតក្នុងការលើកកម្ពស់អក្ខរកម្មរបស់អ្នកអាន ដោយមិនបានបំពេញតួនាទីនៃការអប់រំនិងការបំភ្លឺបកស្រាយ ហើយមាននិន្នាការខ្លាំងដោយផ្តោតទៅលើការឃ្លាំមើលដែលនាំអោយមានការថ្កោលទោសទៅលើឯកសិទ្ធិភាព។ បច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយជាច្រើនកំពុងតែបាត់បង់ការទុកចិត្តពីសំណាក់សាធារណជន។ ប្រព័ន្ធផ្សព្វផ្សាយដ៏ល្អឥតខ្ចោះប្រហែលជាមិនមាននោះទេ ក៏ប៉ុន្តែជាមួយនឹងការកើនឡើងនៃប្រព័ន្ធអុីនធឺណេតបច្ចុប្បន្ននេះ នរណាម្នាក់ក៏អាចផ្សព្វផ្សាយព័ត៌មានបានដែរ។ ជាលទ្ធផលគឺមានព័ត៌មានគ្រប់ប្រភេទ ទាំងល្អនិងអាក្រក់ដែលអាចនាំអោយមនុស្សទទួលបានព័ត៌មានមិនច្បាស់លាស់ ដែលនឹងអាចបណ្តាលអោយមនុស្សបាត់បង់ជីវិតបាន។ ដូច្នេះនៅក្នុងកាលៈទេសៈទាំងនេះ ក្នុងនាមពួកយើងជាអ្នកជំនាញគ្រប់គ្រងព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ត្រូវតែខិតខំប្រឹងប្រែងដើម្បីទទួលបានការជឿទុកចិត្តពីសំណាក់អ្នកអានឡើងវិញ ដែលជាបេសកកម្មដើមរបស់យើង និងរួមចំណែកក្នុងការបង្កើតសង្គមដ៏រុងរឿងមួយ។