នៅថ្ងៃទី២៥ ខែធ្នូ ឯកឧត្តម យ៉ូសុីហុីរ៉ូ មឹរ៉ៃ ( Yoshihiro Murai ) អភិបាលខេត្តមិយ៉ាហ្គិ ( Miyagi ) បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ និងត្រូវបានទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយឯកឧត្តម សុឹសុឹមឹ ថៃ ( Susumu Tai ) ជាកុងស៊ុល កិត្តិយសកម្ពុជាប្រចាំទីក្រុងសេនដៃ ( Sendai )។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិបាល មឹរ៉ៃ មកកាន់ប្រទេសកម្ពុជាបានផ្តួចផ្តើមចេញពីជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អំឡុងពេលដែលឯកឧត្តមរដ្ឋមន្រ្តីបានទៅបំពេញទស្សនកិច្ចនៅខេត្តមិយ៉ាហ្គិនៅ ក្នុងខែធ្នូ ឆ្នាំ ២០២២។ គិតមកដល់ត្រឹមបច្ចុប្បន្ននេះខេត្តមិយ៉ាហ្គិ គឺបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈដូចគ្នាបែបនេះជាមួយនឹងប្រទេស ឥណ្ឌូនេសុី និងវៀតណាម ដោយកម្ពុជាគឺជាប្រទេសទីបី ដែលបានចុះហត្ថលេខា ហើយនេះគឺជាលើកទី១ដែរ សម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលមូលដ្ឋានជប៉ុនក្នុងទម្រង់លក្ខណៈបែបនេះ។ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានធ្វើឡើងគឺក្នុងគោលបំណងដើម្បីជួយសម្រាលដល់ កង្វះខាតកម្លាំងពលកម្មក្នុងវិស័យមួយចំនួនដូចជា៖ ការថែទាំ និង ឧស្សាហកម្មកែច្នៃផលនេសាទជាដើម។ លើសពីនេះទៅទៀត នៅខែមេសា ឆ្នាំ២០២៤ សាលាបង្រៀនភាសាជប៉ុនសាធារណៈមួយគ្រោងនឹងបើកដំណើរការនៅទីក្រុងអូសាគិ ( Osaki ) ក្នុងខេត្តមិយ៉ាហ្គិ ដែលសាលានេះគឺជាសាលាភាសាជប៉ុនសាធារណៈទីពីរនៅក្នុងប្រទេសជប៉ុន ដែលជាមួយគ្នានេះប្រព័ន្ធសម្រាប់ទទួលយកពលករបរទេសក៏កំពុងត្រូវបានពង្រីកបន្ថែមផងដែរ។

នៅថ្ងៃបន្ទាប់ដែលត្រូវនឹងថ្ងៃទី២៦ ដោយមិនបង្អង់យូរគណៈប្រតិភូបានទៅទស្សនកិច្ចនៅវិទ្យាស្ថានពីរ ដែលក្នុងនោះរួមមាន៖ ១/វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ( NTTI ) និង ២/វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យា ( NPIC )។ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានបង្កើតឡើងក្នុងខែតុលា ឆ្នាំ២០០១ គឺជាវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសដែលបណ្តុះបណ្តាលធនធានមនុស្សជាច្រើនប្រកបដោយគុណភាពតាមរយៈការអប់រំ និងការបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ចាប់តាំងពីការបើកដំណើរការ ដោយផ្តោតទៅលើវិស័យវិស្វកម្មសំណង់សុីវិល អេឡិចត្រូនិច និង វិស្វកម្មអគ្គិសនី ពត៌មានវិទ្យា និង ស្ថាបត្យកម្មជាដើម។ ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបានទទួលស្វាគមន៍ និង បានធ្វើការណែនាំពីវិទ្យាស្ថានជូន ឯកឧត្តមអភិបាល មឹរ៉ៃ នៅឯវិទ្យាស្ថានផ្ទាល់។ បន្ទាប់មក ឯកឧត្តមអភិបាល មឺរ៉ៃ បានមានប្រសាសន៍ទៅកាន់ ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី ដោយលើកយកពីចំនុចដ៏គួរអោយទាក់ទាញនៃខេត្ត មិយ៉ាហ្គិថាមានសាលាបង្រៀនភាសាជប៉ុនសាធារណៈដែលនៅក្នុងនោះគេបានរៀបចំឲ្យមានកន្លែងពិគ្រោះជាភាសាខ្មែរជាដើម។ បន្ទាប់មកក្រោយពីឯកឧត្តមអភិបាល មឺរ៉ៃ បានធ្វើទស្សនកិច្ចសិក្សានៅវិទ្យាស្ថាន និងបានទទួលនូវការពន្យល់ណែនាំ ឯកឧត្តមក៏បានសម្តែងនូវការភ្ញាក់ផ្អើលទៅនឹងកម្មវិធីសិក្សាដែលមានកម្រិតខ្ពស់ ក៏ដូចជាភាពពេញលេញនៃបរិក្ខាផ្សេងៗរបស់វិទ្យាស្ថាន ដោយឯកឧត្តមបានបង្ហាញពីក្តីបារម្ភដោយមានប្រសាសន៍ទៅកាន់សិស្សនិស្សិតថា ” វាប្រហែលជាមិនងាយស្រួលទេក្នុងការទទួលបាននូវសិស្ស និស្សិតដែលពូកែបែបនេះទៅបំពេញការងារជាកម្មសិក្សាការីបច្ចេកទេស “។ ទោះជាយ៉ាងនេះក៏ដោយ ក៏ឯកឧត្តមបានលើកឡើងយ៉ាងពេញទំហឹងពីចំនុចដ៏គួរអោយទាក់ទាញរបស់ខេត្តមិយ៉ាហ្គិប្រាប់សិស្សនិស្សិតផងដែរ។ វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាដែលជាវិទ្យាស្ថានទីពីរក្នុងដំណើរទស្សនកិច្ចនេះមានគោលបំណងក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងអប់រំដ៏សំខាន់ក្នងការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជាដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា សេដ្ឋកិច្ច សង្គម និងផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីចាប់ពីបីខែ ទៅដល់មួយឆ្នាំ និងកម្មវិធីសិក្សារហូតដល់កម្រិតថ្នាក់ក្រោយឧត្តមសិក្សាផងដែរ។ វិទ្យាស្ថាននេះផ្តល់ការអប់រំក្នុងវិស័យជាច្រើនរួមមាន៖ វិស្វកម្មអគ្គិសនី វិស្វកម្មមេកានិច វិទ្យាសាស្រ្តកុំព្យូទ័រ វិទ្យាសាស្រ្ត អុបទិក វិស្វកម្មសំណង់សុីវិលនិងស្ថាបត្យកម្ម វិស្វកម្មទូរគមនាគមន៍ មេកានិកយានយន្ត ទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលក្នុងនោះមានសិស្សនិស្សិតប្រមាណ ៧០០០នាក់កំពុងសិក្សា។ ភ្លាមៗបន្ទាប់ពីបញ្ចប់ការទស្សនកិច្ចនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រុមការងារលោក សេង សុខហេង ដែលជានាយករងនៃវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា បានពន្យល់ណែនាំអំពីវិទ្យាស្ថានជូន ឯកឧត្តមអភិបាល មឺរ៉ៃ ហើយក្នុងអំឡុងពេលនៃការផ្លាស់ប្តូរមតិគ្នាទៅវិញទៅមក ក៏មានការត្រិះរិះរកមធ្យោបាយយ៉ាងណាដើម្បីទាក់ទាញពលករជាជនជាតិកម្ពុជាទៅបំពេញការងារនៅខេត្តមិយ៉ាហ្គិ។ បន្ថែមលើពីនេះ នៅក្នុងវិទ្យាស្ថានក៏មានបំពាក់នូវគ្រឿងបរិក្ខារ និង យានជំនិះសម្រាប់ថែទាំរថយន្តដែលផ្តល់អោយតាមរយៈអង្គការចៃកា ( JICA ) ដែលបង្ហាញថាជំនួយរបស់ប្រទេសជប៉ុនគឺកំពុងត្រូវបានប្រើប្រាស់យ៉ាងល្អ។ តាមរយៈដំណើរទស្សនកិច្ចសិក្សានៅវិទ្យាស្ថានទាំងពីរនេះ ឯកឧត្តមអភិបាល មឹរ៉ៃ បានសម្តែងនូវការភ្ញាក់ផ្អើលទៅនឹងកម្រិតស្តង់ដារខ្ពស់នៃកាអប់រំនៅក្នុងប្រទេសកម្ពុជា ហើយឯកឧត្តមក៏មានជំនឿថា៖ ដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះនឹងផ្សាភ្ជាប់ទៅរកការអភិវឌ្ឍកម្ពុជា និង ជប៉ុននាពេលអនាគត។

នៅថ្ងៃទី៣និងជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមអភិបាល មឺរ៉ៃ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា៖ “ខ្ញុំសង្ឃឹមថាខេត្តមិយ៉ាហ្គិនឹងអាចជម្រុញការអភិវឌ្ឍធនធានមនុស្សដែលនឹងឈានទៅដល់ការអភិវឌ្ឍប្រទេសកម្ពុជា”។ ក្រោយមកគណៈប្រតិភូបានបន្តដំណើរទៅក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំនួបពិភាក្សាជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ រួចក៏បន្តដំណើរទៅទីតាំងសម្រាប់ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដែលស្ថិតក្នុងក្រសួងជាមួយគ្នា។ ឯកឧត្តម អ៊ូអីណូ អាត់ស៊ូសុី ( Ueno Atsushi ) ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា និងឯកឧត្តម សុឹសុឹមឹ ថៃ កុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងសេនដៃ ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះផងដែរ។ នៅពេលចុះហត្ថលេខាលើអនុស្ស រណៈនៃកិច្ចសហប្រតិបត្តិការ ឯកឧត្តមអភិបាលមឺរ៉ៃ បានមានប្រសាសន៍ថា៖ ” ខ្ញុំមានសង្ឃឹមថា អ្នកដែលមានទេពកោសល្យនឹងមកប្រទេសជប៉ុនដើម្បីពង្រឹងនូវជំនាញរបស់ពួកគេឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន និង រួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជានៅពេលដែលពួកគេត្រលប់មកប្រទេសកម្ពុជាវិញ “។ ឯកឧត្តមបានបញ្ចប់សុន្ទរកថាដោយមានប្រសាសន៍ថា ” អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយទៅជាឳកាសមួយដើម្បីធ្វើអោយទំនាក់ទំនងរវាងខេត្តមិយ៉ាហ្គិ និង ប្រទេសកម្ពុជាអោយកាន់តែសុីជម្រៅ ថែមទៀត។ បន្ទាប់ពីពិធីចុះហត្ថលេខានេះបានបញ្ចប់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញឯកឧត្តមអភិបាលមឺរ៉ៃ និង គណៈប្រតិភូទៅពិសាអាហារថ្ងៃត្រង់ដោយក្នុងនោះអ្នកដែលចូលរួមបានជជែកគ្នាយ៉ាងស្និទ្ធស្នាលតាំងពីពេលចាប់ផ្តើមរហូតដល់ចប់កម្មវិធី។ នៅពេលរសៀល គណៈប្រតិភូបានទៅធ្វើទស្សនកិច្ច និង មើលថ្នាក់បង្រៀនភាសាជប៉ុនផងដែរនៅឯវិទ្យាស្ថានបច្ចេកវិទ្យា និង កសិកម្ម ( CITA ) ដែលវិទ្យាស្ថានក៏មានជាក្រុមហ៊ុនបញ្ជូនផងដែរ។ វិទ្យាស្ថានបច្ចេកវិទ្យា និង កសិកម្មកម្ពុជាគឺជាវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានគោលបំណងផ្តល់ជូននូវជំនាញ និង ចំណេះដឹងជាក់ស្តែងក្នុងផ្នែកផ្សេងៗនៃវិស័យកសិកម្ម បច្ចេកវិទ្យា និងតម្រូវការទីផ្សារ ហើយប្តេជ្ញាផ្តល់នូវការអប់រំមួយប្រកប ដោយគុណភាពដែលនឹងជួយអោយសិស្សនិស្សិតទទួលបានភាពជោគជ័យ។ ដូចជាវិទ្យាស្ថានមុនៗដែរ ជា ដំបូងគណៈប្រតិភូបានពន្យល់ណែនាំពីវិទ្យាស្ថានបច្ចេកវិទ្យា និង កសិកម្មកម្ពុជាសិន។ បន្ទាប់មកទៀត គណៈប្រតិភូក៏បានចុះទៅមើលសកម្មភាពរបស់សិស្សនិស្សិតនៅក្នុងថ្នាក់រៀនផងដែរ។ នៅក្នុងថ្នាក់រៀនមួយ ឯកឧត្តមអភិបាលមឺរ៉ៃ បានណែនាំខ្លួនដោយសរសេរឈ្មោះជាអក្សរ ហុីរ៉ាហ្កាណានៅលើក្តារខៀន និង ថតរូបអនុស្សាវរីយ៍ជាមួយសិស្សនិស្សិត។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តមអភិបាលមឺរ៉ៃ ក្នុងការមកកាន់ប្រទេសកម្ពុជា ហើយទោះបីជាការស្នាក់នៅមានរយៈពេលត្រឹមតែបីថ្ងៃក៏ដោយ ក៏ប៉ុន្តែដំណើរទស្សនកិច្ចលើកនេះពិតជាបានធ្វើអោយឯកឧត្តមផ្លាស់ប្តូរការគិតទាំងស្រុងដែលឯកឧត្តមធ្លាប់មានមកលើប្រទេស កម្ពុជា។