//ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល​មានសេចក្តីរំពឹងក្នុងវិស័យបច្ចេកវិទ្យាជប៉ុន

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល​មានសេចក្តីរំពឹងក្នុងវិស័យបច្ចេកវិទ្យាជប៉ុន

នៅខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល អមដំណើរដោយមន្ត្រីជាន់ខ្ពស់ប្រាំបួនរូប​ បានធ្វើដំណើរចុះចតនៅព្រលានយន្តហោះ ណារីតា ( Narita ) ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ទៅកាន់ប្រទេសជប៉ុនធ្វើឡើងក្នុងគោលបំណង ស្វែងយល់នូវបច្ចេកវិទ្យាឈានមុខ​គេនៃហេដ្ឋារចនាសម្ព័ន្ធនៃអាកាសយានដ្ឋាន និង ដំណោះស្រាយថាមពលកកើតឡើងវិញដូចជា ខ្យល់ ថាមពលព្រះអាទិត្យ និង ការបង្កើតថាមពលជីវម៉ាស់។ ការផ្តួចផ្តើមនេះ ស្វែងរកការកសាង ការអភិវឌ្ឍប្រកបដោយចីរភាពឆ្ពោះទៅផ្តល់សន្ទុះដល់ភាពជាដៃគូថ្មី ។ ទស្សនៈកិច្ចនេះឆ្លុះបញ្ចាំងនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបានព្រមព្រៀងក្នុងឆ្នាំ២០២២ រវាងនាយករដ្ឋមន្ត្រីជប៉ុន គីសុីដា ​ ( Kishida ) និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងដំណើរនៃប្រតិភូកម្ម ដែលបានគូសបញ្ជាក់នូវទំហំនៃក្តីរំពឹងទុកខ្ពស់ តាមរយះការផ្តួចផ្តើមនេះ។ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធនៃអាកាសយានដ្ឋានគឺជាបញ្ហាសំខាន់បំផុត ដែលជាមូលដ្ឋានគ្រឹះសំរាប់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ឧទាហរណ៍សំខាន់មួយគឺ អាកាសយាន្តដ្ឋានអន្តរជាតិតេជោថ្មី ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ២០២៥ ដោយមានការរំពឹងថា នឹងមានអ្នកដំណើរ៣០លាននាក់ នៅឆ្នាំ២០៣០ និង ៥០លាននាក់នៅឆ្នាំ២០៥០។ ដូច្នេះហើយ ការរៀបចំដើម្បីសម្រួលដល់កំណើននេះគឺជាកិច្ចការបន្ទាន់។ ព្រលានយន្តហោះ ហាណេដា ( Haneda ) ដែលទទួលបានអ្នកដំណើរ ៨០លាននាក់រៀងរាល់ឆ្នាំនេះគឺបានបង្កើតនូវចក្ខុវិស័យដ៏មានតំលៃតាមរយៈបច្ចេកវិទ្យាឈានមុខរបស់ខ្លួន ក្នុងទម្រង់ប្រតិបត្តិការដ៏មានប្រសិទ្ធភាព និង ការធ្វើបដិសណ្ឋារកិច្ចដ៏ល្បីល្បាញ។ ឧទាហរណ៍នេះអាចជាគំនិតពិចារណា​សម្រាប់ការអភិវឌ្ឍអាកាសយាន្តថ្មីរបស់កម្ពុជាដោយគាំទ្រកំណើនប្រកបដោយនិរន្តរភាពក្នុងឧស្សាហកម្មទេសចរណ៍ តាមរយៈការផ្លាស់ប្តូរបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀត នៅក្នុងវិស័យថាមពល ការកើនឡើងយ៉ាងឆាប់រហ័សនៃតម្រូវការអគ្គិសនីបានលេចចេញជាបញ្ហាធ្ងន់ធ្ងរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែប្រទេសកម្ពុជាមានការអភិវឌ្ឍគួរអោយកត់សម្គាល់។ ក្នុងរយះពេល១ទសវត្សរ៍កន្លងមកនេះ តម្រូវការអគ្គិសនីក្នុងស្រុកបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំប្រមាណ ៣,៨ដង ហើយអគ្គីសនីដែលនាំចូលដែលមាននិន្នាការធ្លាក់ចុះ​ ប៉ុន្តែបានចាប់ផ្តើមពង្រីកម្តងទៀតចាប់ពីឆ្នាំ ២០១៩ ដែលស្មើនឹងចំនួនសរុប២១%នៃឆ្នាំ២០២៣។ ចំណុចនេះ គូសបញ្ជាក់នូវតម្រូវការបន្ទាន់ក្នុងការបង្កើនការផ្គត់ផ្គង់អោយគ្រប់គ្រាន់ដោយខ្លួនឯង ក្នុងការផលិតថាមពលអគ្គីសនីសម្រាប់សន្តិសុខថាមពល និងសេដ្ឋកិច្ច។ ​​ជាងនេះទៅទៀត ដើម្បីឆ្លើយតបទៅនឹងនិន្នាការពិភពលោក ឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីដោយបញ្ចូលថាមពលកកើតឡើងវិញបន្ថែមទៀតទៅក្នងបណ្តាញ នៅខែកញ្ញា ឆ្នាំ២០២២។ ផែនការមេនេះមានគោលបំណងកាត់បន្ថយចំនែកនៃការផលិតថាមពលអគ្គីសនីដោយធ្យូងថ្ម ដែលបច្ចុប្បន្នជាប្រភពថាមពលចម្បងនៃការបង្កើតអគ្គិសនី។ បើពិនិត្យលើកត្តាទាំងនេះ ការរំពឹងទុក និងការសាទររបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងដំណើរទស្សនកិច្ចលើកនេះ គឺជាវឌ្ឍនភាពដែលគ្រប់គ្នាអាចយល់បាន។ កម្ពុជាបាននិងកំពុងសហការជាមួយប្រទេសចិន ក្នុងគំរោងដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែក្រុងព្រះសីហនុ និង គំរោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដោយរាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងបន្តស្វែងរកភាពជាដៃគូពហុភាគីជាមួយប្រទេសដទៃទៀត។ នៅមានវិស័យជាច្រើនទៀតដែលបច្ចេកវិទ្យានិងសេវាកម្មរបស់ជប៉ុនអាចរួមចំនែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។​​ លោកហុីរ៉ូយូគី កាសុីណូ ( Hiroyuki Kashino ) នាយកប្រតិបត្តិអង្គការសហប្រតិបត្តិការអន្តរជាតិនៃបច្ចេកវិទ្យាឈានមុខរបស់ប្រទេសជប៉ុន ( ហៅថាអង្គការចាធីក ) ដែលរៀបចំដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានមានប្រសាសន៍ថា​៖ “អង្គការចាធីកយល់ថា ការរួមចំនែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសកម្ពុជានឹងធ្វើជាកាតាលីករសម្រាប់វឌ្ឍនភាពជាក់ស្តែងក្នងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរគឺជារឿងសំខាន់។ យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានក្លាយជាផ្នែកមួយនៃគំរោងនេះ។ ពីកិច្ចប្រជុំមុនដំណើរទស្សនកិច្ច យើងសង្ឃឹមយ៉ាងមុតមាំចំពោះការរំពឹងទុកនិងសាទរដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូហើយយើងដឹងយ៉ាងច្បាស់អំពីទម្ងន់នៃការទទួលខុសត្រូវ។ ដំណើរទស្សនកិច្ចគឺគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ យើងនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីគាំទ្រដល់ដំណើរការជាក់ស្តែងនៃគំរោងបន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ។ ” លោកបានបន្ថែមថា នៅមានបច្ចេកវិទ្យា សេវាកម្ម និង ផលិតផលជាច្រើនដែលប្រទេសជប៉ុនអាចប្រើប្រាស់ នៅក្រៅប្រទេសបាន ដែលក្នុងនោះរួមទាំងវិស័យដែលមិនត្រូវបានបញ្ចូលក្នុងខ្លឹមសារនៃទស្សនកិច្ចលើកនេះ។ លើសពីនេះ មានក្រុមហ៊ុននិងអង្គការជាច្រើនមានគោលបំណង ធ្វើជាស្ពានចម្លងរវាងប្រទេសជប៉ុននិងកម្ពុជា ដោយពួកគេគឺជាអាជីវកម្មដែលស្វែងរកឳកាសក្នុងការពង្រីកខ្លួននៅបរទេស។ ទោះជាយ៉ាងណាក៏ដោយ នៅមានក្រុមហ៊ុនជាច្រើនទៀត ដែលមិនធ្លាប់បានសម្លឹងទីផ្សារក្រៅស្រុកគឺមិនបានចាប់អារម្មណ៍ឃើញថាពួកគេមាននូវបច្ចេកវិទ្យា សេវាកម្ម និងផលិតផលដែលមានភាពទាក់ទាញ និងមានគុណសម្បត្តិឡើយ។ នោះហើយជាមូលហេតុដែលអង្គការចាធីក ចង់ស្វែងរកបច្ចេកវិទ្យា សេវាកម្ម និងផលិតផលដែលមានសក្តានុពលនៅក្នងប្រទេសជប៉ុន ហើយជួយពួកគេអោយបង្ហាញខ្លួននៅលើឆាកអន្តរជាតិ។ យើងបានអមដំណើរគណៈប្រតិភូកម្ពុជាក្នុងដំណើរទស្សនកិច្ចទាំងមូល ហើយសង្ឃឹមថាតាមរយៈការស្វែងយល់ពីអ្វីដែលគណៈប្រតិភូកម្ពុជាចាប់អារម្មណ៍ ផ្តល់តំលៃ​ និងចំណាប់អារម្មណ៍ចំពោះបច្ចេកវិទ្យា និងសេវាកម្មរបស់ជប៉ុន យើងនឹងអាចយកវាធ្វើជាឯកសារយោងសម្រាប់ការកសាង និង​អភិវឌ្ឍជាដៃគូរវាងប្រទេសទាំងពីរនាពេលអនាគត។